ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត អំពាវនាវដល់​ប្រជាពលរដ្ឋ សូមមេត្តា កុំយកដី​ មកចាក់បន្ថែមលើប្រឡាយ

3 ឆ្នាំ មុន
  • បាត់ដំបង

បាត់ដំបង៖ កាលពី​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ លោក កុល វិរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​លោក ងួន…

បាត់ដំបង៖ កាលពី​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ លោក កុល វិរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវខេត្ត លេខ១៥៦BB២ ស្ថិតក្នងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានរាយការណ៍ថា ផ្លូវខេត្តមួយខ្សែ ដែលយើងកំពុងតែបើកការដ្ឋានជួសជុល នាពេលនេះ គឺមានប្រវែង ៤,៦៥០ម៉ែត្រ ទទឺង៥ម៉ែត្រ ជាប្រភេទក្រាលដីល្បាយថ្ម ហើយនៅពេលដែលការរៀបចំជួសជុលផ្លូវមួយខ្សែនេះ បានបញ្ចប់ទៅ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវនេះ នឹងមានការធ្វើដំណើរកាន់តែមានភាពងាយ​ស្រួលជាងមុន អាចធ្វើការដឹកជញ្ជូនដំណាំកសិផលនានា ទៅលក់ដូរនៅឯទីផ្សារ កាន់តែមានភាពងាយស្រួល ព្រមទាំងចំណាយថវិកាតិចជាងមុនផងដែរ​។

ទន្ទឹមនឹងនោះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយ​ផ្លូវខេត្តនេះ សូមចូលរួមសហការជាមួយក្រុមការងារស្ថាបនាផ្លូវ ដោយសូម​កុំរំលោភលើដីចំណីផ្លូវរបស់រដ្ឋ ធ្វើឲ្យក្រុមការងារពិបាកក្នុងការដោះស្រាយ និងធ្វើឲ្យមានផលប៉ះពាល់ដល់ធំដល់ប្រយោជន៍ប្រជាពលរដ្ឋផងដែរ​។

លោកបន្តទៀត នឹងជំរុញដល់ក្រុមការងារឲ្យខិតខំស្ថាបនាផ្លូវនេះ ឲ្យកាន់តែឆាប់រហ័ស និងប្រកបដោយគុណភាពខ្ពស់ តែក៏ត្រូវមានការចូលរួមសហការរវាងក្រុមការងារ និងប្រជាពលរដ្ឋដែរ ទើបដំណើរការនៃការស្ថាបនាប្រកបដោយរហ័សដោយរលូន។

បន្ទាប់មកលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងសាទរចំពោះ​ការរីកចម្រើនជាជំហ៊ានច្រើនបន្ត​ទៀត នៅឃុំតាប៉ុននេះ ជាពិសេសគឺផ្លូវកៅស៊ូ ដែលសល់តែជាង៤,០០០ម៉ែត្រនេះតែប៉ុណ្ណោះ គឺទៅដល់ចុងភូមិចុងក្រោយ​គេបង្អស់ហើយ ហើយនេះក៏ជាទីតាំងទី១ ដែលមានផ្ឡូវកៅស៊ូ ឈានជិតទៅដល់ចុងភូមិបែបនេះ​។

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលព្យាយាមយកដីមក​ចាក់នៅតាមប្រឡាយ ដើម្បីធ្វើជាតូបលក់ដូរ ឬរស់នៅ ដែលការធ្វើបែបនេះ វាអាចធ្វើឲ្យប្រឡាយកាន់​តែរួមតូចជាងមុន ទឹកកាន់តែរាក់ បាត់បង់ទឹក ដែលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនផង និងផ្នែកកសិកម្មផង ហើយផ្លូវដឹក​ជញ្ជូនតាមមាត់ប្រឡាយនេះក៏នឹងត្រូវបាត់បង់ទៀត បើអាជ្ញាធរចង់ធ្វើការ​ស្ដារប្រឡាយនេះទៀតសោត ក៏ពិបាកក្នុងការស្ដារដែរ ពីព្រោះតែប្រជាពលរដ្ឋ​នាំគ្នាយកដីមកបំពេញដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផល​ប្រយោជន៍រួមបែបនេះ​។

លោកបានបន្តទៀតថា នាពេលបច្ចុប្បន្ននេះ បញ្ហាកូវីដ-១៩កំពុងតែផ្ទះ​ការរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះសំណូមពរដល់​ប្រជាពលរដ្ឋដែលមានសាច់ញាតិនៅក្រៅប្រទេស​ជាពិសេសប្រទេសថៃ ជូនដំណឹងដល់ពួកគាត់បើមិនចាំបាច់ទេ កុំទាន់ត្រឡប់ស្រុកកំណើតអី ជាពិសេសថ្ងៃចូលឆ្នាំខាងមុខនេះ ព្រោះបើសិនជាមកក៏អាជ្ញាធរ នៅតែយកគាត់ទៅមណ្ឌលចត្តាឡីស័ក ១៤ថ្ងៃ ហើយបើមានរោគសញ្ញា​សង្ស័យទៀតបន្ត ១៤ថ្ងៃទៀត ធ្វើឲ្យផុតថ្ងៃចូលឆ្នាំបាត់ហើយ ដូច្នេះសូមពលករ ដែលរស់នៅប្រទេសថៃ អាចនៅក្នុងប្រទេសថៃ ចូលឆ្នាំនៅប្រទេសសិន ព្រោះប្រពៃណីទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា យើងអាចចូលឆ្នាំនៅប្រទេសថៃ​ក៏បាន ហើយអាចប្រកបរបររកប្រាក់ចំណូលបានទៀត ប្រសើរជាងមកក្នុងប្រទេសវិញ ជាប់នៅមណ្ឌលចត្តាឡីស័ក ហើយមិនបានចូលឆ្នាំ បាត់បង់ចំណូលថែមទៀតផងដែរ​៕ ដោយ៖ ហួត សុងហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ