រាជធានីភ្នំពេញ ៖ អ្នករត់កាណូតទេសចរណ៍នៅមុខព្រះបរមរាជវាំងត្អូញត្អែរពីចំនួនភ្ញៀវធ្លាក់ចុះ ក្រោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមនុស្សជិត៤០០នាក់ទៅហើយ បានឆ្លងក្នុងចំណោមករណីសរុបជាង៨០០នៅកម្ពុជា ។
ដោយសារចំណូលមិនអាចទូទាត់ជាមួយនឹងចំណាយប្រចាំថ្ងៃ អ្នកប្រកបអាជីវកម្មនេះមួយចំនួនបានសម្រេចផ្អាកដំណើរការបណ្តោះអាសន្ន ហើយអ្នកខ្លះទៀតប្រកាសលក់កាណូតជាបណ្តើរហើយដែរ ។
បងប្រុស យឹម សាន អាយុជាង៤០ឆ្នាំ ម្ចាស់កាណូតទេសចរណ៍មួយដែលដឹកភ្ញៀវកម្សាន្តតាមដងទន្លេ នាពេលល្ងាច មុខព្រះបរមរាជវាំងជាប្រចាំបាននិយាយថា ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះលោកបាត់ភ្ញៀវអស់ជាង៩០ភាគរយឯណោះ ។ ករណីនេះ តម្រូវឲ្យលោកផ្អាករបរដែលប្រកបអស់រយៈពេល៥ឆ្នាំ បណ្តោះអាសន្នសិន ដើម្បីរង់ចាំស្ថានភាពកូវីដ-១៩ ធូរស្រាល ហើយករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ លើកនេះធ្វើឲ្យបងប្អូនម្ចាស់កាណូតទេសចរណ៍ដាច់បាយជាបណ្តើរហើយ ជាក់ស្តែងកាណូតរបស់គាត់ គឺឈប់ធ្វើអាជីវកម្មចាប់ពីថ្ងៃនេះទៅ ។
អ៊ុំស្រី ម្ចាស់កាណូតបុប្ផាមេគង្គ ដែលសំចតនៅមាត់ទន្លេផ្សារកណ្តាល បាននិយាយទាំងដកដង្ហើមធំៗថា ៖ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ថ្ងៃ៣ វិច្ឆកា និងថ្ងៃ២៨វិច្ឆកា វាមិនសូវប៉ះពាល់មុខរបរកាណូតទេសចរណ៍មុខវាំងប៉ុន្មាននោះទេ ព្រោះរាជរដ្ឋាភិបាលមានវិធានការលឿន ក្នុងការទប់ស្កាត់មិនឲ្យរាលដាលនៃជម្ងឺកូវីដ១៩ ។ ក៏ប៉ុន្តែដោយឡែកព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈនេះ វាមានសភាពរាលដាលក្នុងសហគមន៍យ៉ាងលឿន ក្នុងរាជធានីភ្នំពេញពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហានេះហើយ វាធ្វើឲ្យរូបគាត់ក៏ដូចជា ម្ចាស់កាណូតដទៃផ្អាកធ្វើអាជីវកម្ម ហើយរង់ចាំមើលកូវី១៩ បានធូរស្រាលបន្តិចសិន ក៏ដូចជាគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលផងដែរ ។
ដោយឡែកលោក វណ្ណ បញ្ញា អាយុជាង៣០ឆ្នាំ ដែលអង្គុយក្នុងកាណូតរបស់ខ្លួនដែលសំចតនៅមុខផ្សារចាស់ ក្រៅពីត្អូញត្អែរថា ខ្វះភ្ញៀវដឹកលោកក៏បានអះអាងផងដែរ អ្នករត់កាណូតដឹកភ្ញៀវទេសចរណ៍បច្ចុប្បន្នក៏មិនមែនចេះតែមានភ្ញៀវដាក់នោះដែរ ព្រោះបារម្ភពីការឆ្លងកូវីដ-១៩ ដោយសារតែមិនដឹងច្បាស់ពីប្រវត្តិភ្ញៀវ ។
ការសម្រេចចិត្តផ្អាករបរក៏មិនមែនការសម្រេចដាច់ណាត់នោះឡើយ បើក្នុងករណីមានភ្ញៀវលោកនៅបន្តដដែល ដើម្បីរកលុយដោះបំណុលធនាគារ ។ ព្រោះលោកបានខ្ចីលុយធនាគារទិញកាណូតនេះ ព្រោះសង្ឃឹមថា រកចំណូលបានជាប្រចាំមិនដឹងអីអាចង្រៃកូវីដ២០ កុម្ភៈ ចូលមកបំបែកឆ្នាំងបាយរបស់គាត់បែបនេះសោះ ៕
ចែករំលែកព័តមាននេះ