នាំគ្នាកាត់កាប៊ីនយកមនុស្សចេញ ក្រោយឡាន២គ្រឿងវាក់អើគ្នាក្រឡាប់ធ្លាក់ចូលប្រឡាយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តប្រភេទយីឌុបបែនដឹកថ្មមួយគ្រឿងសង្ស័យបើកបោះពួយក្នុងល្បឿនលឿន លុះវ៉ាក់អើ ក៏ជ្រុលទៅបុកពីក្រោយរថយន្តអូសសណ្តោងពោងស៊ីម៉ង់ត៍ ដែលឈប់ចតតាមផ្លូវ បណ្តាលឲ្យរថយន្តបែនដឹកថ្មរេចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយ រងរបួសធ្ងន់២នាក់ ដោយអ្នកបើកបររថយន្តបែនដឹកថ្មកៀបជាប់ក្នុងកាប៊ីន ទាញយកចេញមិនរួច ទើបប្រជាពលរដ្ឋនាំគ្នាទាក់ទងហៅក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចុះមកជួយអន្តរាគមន៍កាត់វះកាប៊ីនរថយន្ត ដើម្បីទាញអ្នកបើកបរយកទៅសង្គ្រោះ ។ ដោយឡែកអ្នកបើកបររថយន្តអូសណ្តោងពោងស៊ីម៉ង់ត៍បានរត់គេចខ្លួនបាត់ ។
ហេតុការណ៍៍ខាងលើនេះបានកើតឡើងងកាលពីវេលាម៉ោង៣និង៤០នាទីឈានចូលព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ តាមមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តមួយគ្រឿងអូសសណ្តោងពោងស៊ីម៉ង់ត៍ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8556 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែករថយន្តប្រភេទយីឌុបបែនដឹកថ្មមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-3040 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ និងស្ត្រីម្នាក់ជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងអូសសណ្តោងពោងស៊ីម៉ង់ត៍ បានឈប់ចតតាមចិញ្ចើមផ្លូវ រីឯអ្នកបើកបរដេកក្នុងកាប៊ីននោះ ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែរថយន្តប្រភេទយីឌុបបែនដឹកថ្មមួយគ្រឿង ជិះគ្នា២នាក់ (ប្រុសម្នាក់ ស្រីម្នាក់ ) បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏វ៉ាក់អើ គេចមិនទាន់ ក៏ជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងពោងស៊ីម៉ង់ត៍ ហើយរថយន្តបែនដឹកថ្មក៏រេចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយ កៀបជាប់អ្នកបើកបរក្នុងកាប៊ីន ខ្វេះយកចេញមិនរួចឡើយ ចំណែកស្ត្រីម្នាក់ជាអ្នករួមដំណើរជាមួយ រងរបួសធ្ងន់ ត្រូវគេទាញចេញបានមុន និងដឹកបញ្ជូនទៅនៅមន្ទីរពេទ្យភ្លាមៗ ។
តាមប្រភពដដែលបន្តទៀតថា ក្រោយពីរថយន្តដឹកថ្មក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយកៀបជាប់អ្នកបើកបរ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចទាក់ទងទៅអង្គភាពជំនាញ រុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ប្រដាប់ដោយរថយន្ត សម្ភារៈ ឧបករណ៍វះកាត់ ទៅពុះហែកវះកាត់កាប៊ីនរថយន្ត ដើម្បីយកជនរងគ្រោះចេញទៅសង្គ្រោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ខណៈអ្នកបើកបររថយន្តសណ្តោងពោងស៊ីម៉ង់ត៍ គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ៕
















ចែករំលែកព័តមាននេះ