ខេត្តព្រះសីហនុ ៖ ពាណិជ្ជករចិនម្នាក់ កាលពីរសៀលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២១ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ ។
ជនជាតិចិនរូបនេះ ឈ្មោះ XIAO DI KUN អាយុ៣០ ឆ្នាំ មុខរបរទិញ-លក់ឥវ៉ាន់មួយទឹក កាន់លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ។ ករណីខាងលើនេះសមត្ថកិច្ចឲ្យដឹងថា ដំបូងប្រជាពលរដ្ឋបានប្រទះឃើញជនជាតិចិនម្នាក់មានដាក់កាំភ្លើងសំញ៉ែងជាប់ខ្លួន ដូចគេនឹងជាមន្ត្រីរាជការសាធារណៈ បម្រើការងាររដ្ឋាភិបាល ឡើងជិះរថយន្ដមួយគ្រឿង នៅចំណុចអូរត្រេះ២ ស្ថិតក្នុងភូមិ៦ សង្កាត់
៤ ក្រុងព្រះសីហនុ ទើបបានរាយការជូនសមត្តកិច្ច ។
ក្រោយពីទទួលបានសេចក្តីរាយការផ្ទាល់មាត់ ពីប្រជាពលរដ្ឋនោះ លោកឧត្តមេសនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ឲ្យចុះទៅជាបន្ទាន់ដើម្បីធ្វើការឃាត់ខ្លួន(អាតោហ៊ានោះ) ។ លុះពេលកម្លាំងសមត្តកិច្ចទៅដល់ស្រាប់តែជនសង្ស័យ បានឡើងជិះរថយន្តបើកគេចខ្លួន សំដៅទៅកន្លែងស្នាក់នៅផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិអូរត្រេះ២ ។
បើទោះជន សង្ស័យបានទៅលាក់ខ្លួននៅក្នុងផ្ទះសំណាក់នោះយ៉ាងណាក្តី កម្លាំងសមត្តកិច្ចជំនាញនៅតែបន្តការស្រាវជ្រាវ ដោយយកចិត្តទុកដាក់ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតបានអាវុធខ្លីមួយដើម ម៉ាក RETAY X Pro ពណ៌ ខ្មៅ មានលេខសម្គាល់ 180904053 និងគ្រាប់៤គ្រាប់ ដែលជនសង្ស័យយកទៅលាក់ទុកក្នុងថូផ្កា នៅបរិវេណផ្ទះសំណាក់នោះ រីឯបង់កាំភ្លើង១ ត្រូវជនសង្ស័យយកទៅបោះចោលក្នុងទឹកព្រែក មុនពេលឃាត់ខ្លួន ។
នៅចំពោះសមត្តកិច្ចជនសង្ស័យបានសារភាពថា រូបគេជាពាណិជ្ជកររកស៊ីទិញ.លក់ខោអាវមួយទឹក មិនមានមុខរបរជាមន្ត្រីរាជការទេ ចំណែកអាវុធខ្លីមួយដើមដែលដាក់តាមខ្លួនជាប់នេះ គឺបានទិញតៗគ្នា ពីមួយទៅមួយ ដើម្បីយកមកការពារខ្លួន កុំឲ្យពួកគេ(ចិនដូចគ្នាមើលងាយ) ។ ជនសង្ស័យ នឹងអាវុធខ្លីមួយដើមនោះ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ