ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ម្នាក់​មក​ពី​ថៃ​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​ប្រចាំ​កាយ មិនមែន​មក​ពី​ជំងឺ​កូ​វី​ដ​១៩​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ពី​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ម្នាក់ មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ទេ គឺ​ដោយសារ​ជំងឺ​ប្រចាំ​កាយ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នៅ​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ពី​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ម្នាក់ មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ទេ គឺ​ដោយសារ​ជំងឺ​ប្រចាំ​កាយ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នៅ​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​០០​នាទី​រសៀល មាន​ករណី​ស្លាប់​ពលករ​ជា​អ្នកជំងឺ​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​រំដេង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ទទួលមរណៈភាព ។

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា «​ពលករ​ជា​អ្នកជំងឺ​ខាងលើ​បាន​វិល​ត្រឡប់​ចូល​មក​កម្ពុជា​តាម​ច្រក​ចំបក់ ស្រុក​ម៉ា​ឡៃ កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​សុខភាព​ខ្សោយ​ខ្លាំង​មិន​អាច​ដើរ​បាន ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ប្រចាំការ​បាន​បញ្ជូន​មក​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ម៉ា​ឡៃ​សន្តិភាព ។ តាម​ការ​ពិនិត្យ និង​សួរ​ប្រវត្តិ​អ្នកជំងឺ​បាន​បញ្ជាក់​ថា គាត់​ទៅ​ធ្វើការ និង​រស់នៅ​ប្រទេស​ថៃ​ជា​កម្មករ​រោងចក្រ​រយៈពេល​ជិត ៣​ឆ្នាំ មាន​ប្រវត្តិ​ជក់បារី ពិសា​ស្រា គាត់​ធ្លាប់​បាន​ទទួល​ការ​ព្យាបាល​ជំងឺរបេង​សួត នៅ​ប្រទេស​ថៃ អស់​រយៈពេល​២​ស​ប្តា​ហ៍ មុន​មក​ដល់​ប្រទេស​កម្ពុជា (​មាន​ថ្នាំ​របេង ជាប់​មក​ជាមួយ​អ្នកជំងឺ​)» ។

ប្រភព​បន្ត​ថា ស្ថានភាព​អ្នកជំងឺ​មាន​អាកា​រៈ​ឈឺក្បាល អស់កម្លាំង វិលមុខ ចុកពោះ និង​ក្អួត​ជា​ញឹកញាប់​ក្រោយ​ទទួលទាន​អាហារ ។ បន្ទាប់​ពី​ការ​ពិនិត្យ ក្រុម​គ្រូពេទ្យ​បាន​ផ្តល់​ការ​ព្យាបាល និង​តាមដាន​សុខភាព​អ្នកជំងឺ​ជា​បន្តបន្ទាប់ ដោយ​ឃើញ​សភាព​អ្នកជំងឺ​មិន​បាន​ធូរស្បើយ ទើប​គ្រូពេទ្យ​បាន​បញ្ជូន​អ្នកជំងឺ​មក​បន្ត​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូ​រី នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ២០:២៥​នាទី​យប់ ។

សភាព​អ្នកជំងឺ​ពេល​មក​ដល់​មន្ទីរពេទ្យ​ខេត្ត អ្នកជំងឺ​មាន​រោគ​សញ្ញា​ឈឺក្បាល​ខ្លាំង , ក្អួត​, វង្វេងស្មារតី​, រឹង​កញ្ចឹងក ដែល​ជា​រោគ​សញ្ញា​នៃ​ការ​រីក​រាលដាល​មេរោគ​របេង បង្ក​ជា​ការ​រលាក​ស្រោមខួរ​ក្បាល​ធ្ងន់ធ្ងរ ។ ក្រុម​គ្រូពេទ្យ​បាន​យកចិត្តទុកដាក់​ព្យាបាល និង​សង្គ្រោះ​អ្នកជំងឺ​តាម​លក្ខណៈ​បច្ចេកទេស​រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​១៥​នាទី រសៀល សភាព​របស់​អ្នកជំងឺ​កាន់​វិវត្តន៍​ធ្ងន់ធ្ងរ​ទៅ​មុខជា​លំដាប់ ទោះបី​ក្រុម​គ្រូពេទ្យ​ខិតខំ​ជួយ​សង្គ្រោះ​យ៉ាងណា​ក៏​ដោយ នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​អ្នកជំងឺ​បាន​ឡើយ ហើយ​អ្នកជំងឺ​ក៏​បាន​ទទួលមរណៈភាព នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១៤:០០ នាទី រសៀល ដោយ​មូលហេតុ​ជំងឺរលាកស្រោមខួរ​ក្បាល និង​ជំងឺរបេង​សួត (Méningite et Tuberculose pulmonaire) ។

រដ្ឋបាល​ខេត្ត សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ករណី​បុរស​ជា​ពលករ​ដែល​ទទួលមរណភាព​ខាងលើ មិនមែន​ស្លាប់​ដោយសារ​ជំ​ងឺ​កូវី​ដ​-១៩​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ