រដ្ឋមន្ត្រី ស្នើសូមនាយករដ្ឋមន្ត្រី រៀបចំការចាក់វ៉ាក់សាំងកូវីដ នៅក្រសួងមហាផ្ទៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី ស្នើសូមនាយករដ្ឋមន្ត្រី រៀបចំការចាក់វ៉ាក់សាំងកូវីដ នៅក្រសួងមហាផ្ទៃ

1 ខែ មុន
  • Phnom Penh

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលិខិត​ ស្នើសុំ​គោលការណ៍អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន…

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលិខិត​ ស្នើសុំ​គោលការណ៍អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីរៀបចំ​ការចាក់វ៉ាក់សាំង​ប្រឆាំងជំងឺកូវីដ១៩ នៅក្រសួងមហាផ្ទៃ ជូនថ្នាក់ដឹកនាំ​ និងមន្ត្រីនគរបាល​ជាតិចំណុះ​ទីស្តីការក្រសួងមហាផ្ទៃ​។​

ក្នុងលិខិត​លើកឡើងថា តាមការជូនដំណឹង​របស់​ក្រសួងសុខាភិបាល ដំណើរ​ការ​ចាក់វ៉ាក់សាំង​ប្រឆាំងជំងឺកូវីដ១៩​ ជូនថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិនៃទីស្តីការ​ក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅនៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​។ ប៉ុន្តែ​ដោយសារមន្ត្រីនគរបាលជាតិចំណុះទីស្តីការក្រសួងមហាផ្ទៃ ដែលនឹងត្រូវទទួល​ការចាក់វ៉ាក់សាំង​មានចំនួនច្រើន និងដើម្បី​បញ្ជៀស​បានការប្រមូលផ្តុំ​មនុស្សច្រើន ក៏ដូចជា​រួមចំណែក​កាត់បន្ថយ​បន្ទុក​របស់​ក្រុមគ្រូពេទ្យ​ នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត សម្តេចក្រឡាហោម ស ខេង សូមគោរពស្នើសុំគោល​ការណ៍ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យមន្ត្រីជំនាញ​នៃក្រសួងសុខាភិបាល ធ្វើការបណ្តុះបណ្តាល​ដល់មន្ត្រីសុខាភិបាល​នៃក្រសួងមហាផ្ទៃ អំពីបច្ចេកទេស​នៃការចាក់វ៉ាក់សាំង និងផ្តល់វ៉ាក់សាំង​ក្នុងចំនួនមួយសមស្រប ( អាចចំនួន ២០០ដូស ក្នុង ១ថ្ងៃ រហូតដល់បញ្ចប់ ) ដើម្បីអនុវត្ត​ដំណើរការ​ចាក់វ៉ក់សាំង​ នៅក្រសួងមហាផ្ទៃ ជូនថ្នាក់ដឹកនាំ​ និងមន្ត្រីនគរបាល​ជាតិចំណុះទីស្តីការ​ក្រសួងមហាផ្ទៃ​។

ដោយឡែក​ សម្រាប់​កងកម្លាំង​នគរបាលជាតិ នៅតាម​វរការពារព្រំដែនគោក និងព្រំដែនទឹក ព្រមទាំង​មន្ត្រីនគរបាល​ជាតិ នៅតាមបណ្តាខេត្ត ត្រូវបាន​សម្តេចក្រឡាហោម ស ខេង ជម្រាបជូន​សម្តេច​តេជោ ហ៊ុន សែន ថា បន្តអនុវត្ត​ការចាក់វ៉ាក់សាំង​តាមការរៀបចំ និងការជូនដំណឹង​របស់ក្រសួងសុខាភិបាល​។

ចំពោះការស្នើសូមនេះ ត្រូវបាន​សម្តេចតេជោ ហ៊ុន សែន ចារផ្ទាល់ដៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ថា «យល់ព្រម»​៕

Picture
Picture
Picture