រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់ទូរស័ព្ទចំនួន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២សហការណ៍ ជាមួយកងអង្គរក្សនាំគ្នាដេញឃាត់ខ្លួនបានជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស៊េរីទំនើបពីនារីម្នាក់ បានសម្រេច ហើយត្រូវនារីជាម្ចាស់ទូរស័ព្ទជិះម៉ូតូដេញបុកផ្តួល ។
ហេតុការណ៍ខាងលើនេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំនុចមុខផ្ទះលេខ ៦៦ តាមផ្លូវលេខ ៣១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ម្នាក់ឈ្មោះ ជ្រឹង ទី ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅពុំពិតប្រាកដ និងម្នាក់ទៀតឈ្មោះឌុំ ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកម្ចាស់ទូរស័ព្ទឈ្មោះសេង ស្រីនាថ អាយុ២៦ឆ្នាំ មានលំនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីនគរបាលអោយដឹងថា ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ដោយ២នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿង ពីនារីរគ្រោះ និងម្នាក់ជាអ្នកបិទគូថ។
តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ២នាក់បានជិះម៉ូតូ មួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ ដែលកំពុងតែជិះម៉ូតូមួយគ្រឿងនៅតាមបណ្តោយផ្លូវលេខ ៣១៧ ក្នុងសង្កាត់បឹងកក់ទី២ ។ នៅក្នុងសកម្មភាព ជនសង្ស័យឆក់បានសម្រេច ហើយក៏ត្រូវនារីរងគ្រោះ ស្រែកចោៗ និងជិះម៉ូតូដេញតាម ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ដោយសារតែនារីម្ចាស់ទូរស័ព្ទមានចិត្តក្លាហាន ក៍បានបើកម៉ូតូដេញបុកជនសង្ស័យ បណ្តាលអោយដួល ធ្វើអោយជនសង្ស័យភ័យស្លន់ស្លោរត់គេចខ្លួន ។ ដោយមានការជួយអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្តិ៍ ល្បាតក្នុងមូលដ្ឋាន និងកងអង្គរក្សដែលការពារភូមិគ្រឹះក្បែរនោះដេញឃាត់ខ្លួនបានជនសង្ស័យ ២នាក់ជាបន្តបន្ទាប់ នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកព្រមទាំងដកហូតបានម៉ូតូម៉ាកហុង ដា ពាក់ស្លាកលេខភ្នំពេញ១HQ.១៧១៦មួយគ្រឿង និងដកហូតបានទូរស័ព្ទរបស់ជនរងគ្រោះត្រឡប់មកវិញ តែបែកអេក្រង់ ព្រមទាំងដកហូតបានកាបូបនារីម្នាក់ ដែលជនសង្ស័យបានធ្វើសកម្មភាពឆក់បានពីកន្លែងផ្សេងទៀត ។
ក្រោយពេលកើតហេតុ ជនសង្ស័យ រួមទាំងម៉ូតូ ត្រូវបាននគរបាលបញ្ចូន ទៅកាន់ស្នាក់ការប៉ុស្តិ៍ នគរបាលរដ្ឋបាលបឹងកក់២ រួចក៍បានបញ្ចូន បន្តទៅកាន់អធិការដ្ឋានដើម្បីសាកសួរនិងចាត់ការតាមច្បាប់៕





ចែករំលែកព័តមាននេះ