រាជធានីភ្នំពេញ ៖ បុរសម្នាក់បានទៅជួលបន្ទប់ផ្ទះជួលមួយកន្លែង ស្នាក់នៅបានរយៈពេលជាង២ខែកន្លងមកហើយ លុះរយៈពេល៤ទៅ៥ថ្ងៃចុងក្រោយនេះ បានបាត់មិនដែលឃើញគាត់ចេញក្រៅបន្ទប់ឡើយ ហើយក៏មានក្លិនស្អុយចម្លែក រួមជាមួយរុយក្បលខៀវហើរចេញពីក្នុងបន្ទប់ ដែលគាត់ស្នាក់នៅ ។

ដោយសារតែមានការងឿយង្ងល់ចំពោះក្លិនស្អុយអសោចិ៍ពេក រហូតទ្រាំពុំបាន ទើបអ្នកមើលការខុសត្រូវផ្ទះជួល រួមជាមួយអ្នកជិតខាងបាននាំគ្នាទៅអឺតមើលតាមប្រហោងបង្អួច ក៏ស្រាប់តែម្នាក់ភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារតែប្រទះឃើញបុរសនោះយកក្រមាចង.កជាប់ដែកបង្អួចសម្លាប់ខ្លួនស្លាប់បាត់បង់ជីវិត និងមានសភាពហើមស្អុយបាត់ទៅហើយ ។

ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ១០២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះខាងលើនោះឈ្មោះ អ៊ុំ ចំរើន អាយុ៤០ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់ មានអាស័យដ្ឋានអចិន្ត្រៃយ៍ ផ្ទះលេខ១០២អឺ៣ ផ្លូវ២១៧ ភូមិ១ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប៉ុន្តែបានទៅជួលបន្ទប់ផ្ទះជួលខាងលើស្នាក់នៅរយៈពេលជាង២ខែកន្លងមកហើយ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកបុរសខាងលើបានចេញចូលបន្ទប់ជាធម្មតាដូចជា អ្នកផ្សេងទៀតដែរ លុះមកដល់រយៈពេល៤ទៅ៥ថ្ងៃចុងក្រោយនេះ ស្រាប់តែបាត់ពុំឃើញគាត់ចេញក្រៅសោះ ប៉ុន្តែពុំមាននរណាបានចាប់អារម្មណ៍ពីគាត់នោះឡើយ ហើយក៏ពុំដឹងថា គាត់មានរឿងអ្វីដែរ។ លុះមកដល់ថ្ងៃកើតហេតុ ដោយសារតែមានធំក្លិនស្អុយចម្លែក និងមានរុយក្បាលខៀវហើរចេញពីក្នុងបន្ទប់លេខ១០២ ដែលបុរសនោះស្នាក់នៅទើបអ្នកមើលការខុសត្រូវផ្ទះជួល រួមជាមួយអ្នកជិតខាងបាននាំគ្នាទៅអឺតមើល ហើយម្នាក់ៗ មានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញបុរសនោះយកក្រមាចង.កជាប់ដែកបង្អួច សម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត និងមានសភាពហើមស្អុយបាត់ទៅហើយ ។

ប្រភពដដែលបានបន្តទៀតថា ពុំមាននរណាម្នាក់បានដឹងថា បុរសនេះមានវិបត្តិអ្វីនោះទេ ទើបឈានដល់ការចង.កសម្លាប់ខ្លួនឯងបែបនេះ ហើយខណៈនោះទ្វារបន្ទប់ជាប់គន្លឹះពីខាងក្នុងមិនអាចចូលទៅបានឡើយ ក្រោយមកអ្នកមើលការខុសត្រូវបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ភ្លាមៗដែរ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ក៏បានចុះទៅកាន់ទីនោះ រួចរាយការណ៍បន្តទៅកាន់នគរបាលផ្នែកព្រហ្មទណ្ឌនិងនគរបាលផ្នែកបច្ចេកទេសខណ្ឌពោធិ៍សែនជ័យ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច្ច័យ រួចប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ