រាជធានីភ្នំពេញ ៖ ឡដុតឥដ្ឋឡើងកំដៅ ក៏បង្កទៅជាអគ្គិភ័យឆាបឆេះត្របាក់រោងសិប្បកម្មឡឥដ្ឋយ៉ាងសន្ធោសន្ធៅ ផ្អើលរថយន្តសង្គ្រោះចុះមកបាញ់ពន្លត់ ដែលក្នុងហេតុការណ៍នេះ ក៏ធ្វើឲ្យមន្ត្រីពន្លត់អគ្គិភ័យរងរបួសម្នាក់ផងដែរ កើតឡើងកាលពីវេលាម៉ោង០៧និង៤០នាទីយប់ថ្ងៃទី២៤ កុម្ភៈ ស្ថិតតាមបណ្តោយផ្លូវបេតុងលេខ1003 ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅម្តុំកន្លែងកើតហេតុបានអោយដឹងថា មុនដំបូងអណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងរោងកម្មករដែលកំពុងតែដុតធ្វើឥដ្ឋ ។ ហើយពេលនោះ ក្រុមកម្មករនាំគ្នារត់គេចចេញពីកន្លែងឆេះទាន់ពេលវេលា ហើយក៏ទូរស័ព្ទរាយការណ៍ទៅអោយសមត្ថកិច្ចជំនាញពន្លត់នឹងបង្ការអគ្គិភ័យអោយចុះមកអន្តរាគមន៍បាញ់ពន្លត់ប្រើពេលចំនួនជិត២ម៉ោង ដោយសារតែការឆាបឆេះរោងស្តុបក្រណាត់នឹងរោងស្តុបអុសទើបធ្វើអោយឆេះងំតែម្តង ។

សមត្ថកិច្ចក៏បានបញ្ជាក់ទៀតថា ម្ចាស់សិប្បកម្មមានឈ្មោះ កុក សាន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ឆេះខូចខាតប្រភេទសំណងជារោងឈើប្រក់ស័ង្កសី ( ទំហំ៤០ម៉ែត្រ × ១០០ម៉ែត្រ ក្នុងនោះឆេះខូចខាតរោងឡឥដ្ឋចំនួន០២រោងនឹងកំទិចក្រណាត់មួយចំនួន តែពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ គ្រាន់តែរងរបួសមន្ត្រីពន្លត់អគ្គីភ័យម្នាក់មានឈ្មោះ លោក អួង សុផល អាយុ ៥៥ឆ្នាំ ។

ចំពោះមូលហេតុបង្កឲ្យមានការឆាបឆេះមកពីកម្មករនាំគ្នាដុតក្នុងឡឡើងកំដៅខ្លាំងពេកទើបធ្វើអោយឆេះ ។ ចំណែកឯការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យវិញសរុបទាំងអស់ចំនួន១២គ្រឿង ស្មើនឹង៣៦ឡាន និងរថយន្តហើយរបស់សាលាខណ្ឌស្សីកែវចំនួន១គ្រឿងប្រើប្រាស់ទឹកអស់២ឡានផងដែរ ។ ក្រោយពេលកើតហេតុខាងលើនេះ អគ្គិភ័យបានរលត់អស់ទាំងស្រុង នៅវេលាម៉ោង១០និង20នាទីយប់ថ្ងៃដដែល ៕



ចែករំលែកព័តមាននេះ