ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ៤ និង​អគារ​ស្នាក់​នៅ​រួម​របស់​ចិន១ ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​ក្រោយ​រក​ឃើញ​ស្ត្រី​ចិន​២​រូប​កើត​កូ​វី​ដ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ​៖ យ៉ាង​ហោច​ណាស់​ទីតាំង​សណ្ឋាគារ ​និង​អគារ​ស្នាក់​នៅ​រួម​របស់​ចិន​ចំនួន ៥ ទីតាំង នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន ក្រោយ​ពី​រក​ឃើញ​ស្ត្រីជន​ជាតិចិន២រូប ​បាន​កើត​កូ​វី​ដ​-១៩ ។…

ខេត្ត​ព្រះ​សីហ​នុ ​៖ យ៉ាង​ហោច​ណាស់​ទីតាំង​សណ្ឋាគារ ​និង​អគារ​ស្នាក់​នៅ​រួម​របស់​ចិន​ចំនួន ៥ ទីតាំង នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន ក្រោយ​ពី​រក​ឃើញ​ស្ត្រីជន​ជាតិចិន២រូប ​បាន​កើត​កូ​វី​ដ​-១៩ ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​ព្រះ​សីហ​នុ ​។

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន២​រូប ដែល​ក្រសួងសុខាភិបាល បាន​ប្រកាស​ថា ឆ្លង​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​២៤ ​កុម្ភៈ​នេះ គឺជា​អ្នកដំណើរ​មក​ពី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦​កុម្ភៈ និង​ថ្ងៃ​ទី​២០​កុម្ភៈ ។ ក្នុង​នោះ​ទីតាំង​ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បិទ​ជា​បន្តបន្ទាប់ ហើយ​ស្ត្រី​អ្នកជំងឺ​ជនជាតិ​ទាំង ២ រូប​នេះ​ក៏​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​រួចរាល់​ហើយ​ដែរ ។

ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា​ ទីតាំង​ចំនួន៥ រួម​មាន សណ្ឋាគារ ហ័​ង​ហ្គ័​ន​ជា​យី និង​សណ្ឋាគារ ជី​ន​ប៉ី ព័រ​អ៊ី នៅ​ក្រុងព្រះសីហនុ ដែល​ស្ត្រី​ទាំង​ពីរ​បាន​ស្នាក់​នៅ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន រួម​ទាំង​សាខា​សណ្ឋាគារ ជី​ន​ប៉ី ទាំង៣​សាខា និង​អគារ​ស្នាក់​នៅ​របស់​បុគ្គលិក​ក្រុមហ៊ុន ជី​ន​ប៉ី ក្រុងព្រះសីហនុ ក៏​ត្រូវ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​អំពាវនាវ​ដល់​អ្នក​ប៉ះពាល់​ជាមួយ​ស្ត្រី​ចិន​ទាំង​ពីរ​នាក់ និង​អ្នក​ធ្លាប់​ចេញចូល នៅ​សណ្ឋាគារ ជី​ន​ប៉ី​ទាំង ៣​សាខា និង​អគារ​ស្នាក់​នៅ​រួម​របស់​បុគ្គលិក ក្រុមហ៊ុន ជី​ន​ប៉ី ចាប់ពី​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ និង​ចេញចូល ឬ​ស្នាក់​នៅ​សណ្ឋាគារ ហ័​ង​ហ្គ័​ន ជា​យី ចាប់ពី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ត្រូវ​មាន​ភាព​ស្មោះត្រង់ មិន​លាក់លៀម និង​ស្ម័គ្រចិត្ត មក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ឲ្យ​បាន​ទាន់​ពេលវេលា ហើយ​ត្រូវ​ទៅ​ជួប​ក្រុម​គ្រូពេទ្យ នៅ​មន្ទីរ​សុខាភិបាល ខេត្ត​ព្រះ​សីហ​នុ ដែល​ប្រចាំការ នៅ​សាលា​បឋម​សិក្សា​-​អនុ​វិទ្យាល័យ តេ​ជោ​សែន កម្មករ ស្ថិត​នៅ​វិ​ថី​ឯករាជ្យ ( ផ្លូវ ១០០ ) សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ម៉ោង ១​រសៀល ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​តទៅ ដើម្បី​ក្រុមការងារ ពិនិត្យ យក​សំណាក ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ តាម​ការ​កំណត់​របស់​ក្រសួងសុខាភិបាល​។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ កម្ពុជា​បាន​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ថ្មី ចំនួន ៤០​នាក់​។ ក្នុង​នោះ ២​នាក់ ជា​ស្ត្រី​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ និង៣៨​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ ។

គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ១៣៧​នាក់ ដោយ​ស្ទើរតែ​ទាំងអស់ ជា​ជនជាតិ​ចិន រស់នៅ​ភ្នំពេញ និង​មាន​ជនជាតិ​វៀតណាម និង​ជនជាតិ​ខ្មែរ ក្នុង​ចំនួន​តិចតួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ