ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោងទ្វារតាកាវ នៅប្រាសាទ​អង្គរធំ ត្រូវជួសជុល ប្រើប្រាស់ ៣០ម៉ឺនដុល្លារ ជាជំនួយរបស់​លោកជំទាវ​ឧកញ៉ា សៀង ចាន់ហេង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយ ក្នុងចំណោម​ខ្លោងទ្វារ​ទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ខ្លោងទ្វារ​នេះ ត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន…

ខេត្តសៀមរាប៖ ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយ ក្នុងចំណោម​ខ្លោងទ្វារ​ទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ខ្លោងទ្វារ​នេះ ត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ធ្វើពិធីក្រុង​ពាលី បើកការដ្ឋាន​ជួសជុលគោបុរៈខ្លោងទ្វារអង្គរធំ ​ហៅ ខ្លោងទ្វាតាកាវ​ ​ដែលមានសភាពទ្រុឌទ្រោមខ្លាំង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១​។

​ការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំ​ហៅ ខ្លោងទ្វារ​តាកាវ ស្ថិតនៅប៉ែកខាង​លិចនៃទីក្រុងអង្គរ​ធំ ដែលតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនេះ នឹងត្រូវចេញថវិកា ដោយ​សទ្ធាជ្រះថ្លាយ៉ាងមុតមាំរបស់លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា​ពុទ្ធសាសឧបត្ថម្ភក៏កិត្តិបណ្ឌិត សៀង ចាន់ហេង ​ដែលជា​អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍។

នៅក្នុងពិធីបួងសួងនោះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់​ព្រះសង្ឃ លោក លោកជំទាវ លោក​ស្រី អភិបាលរងខេត្តសៀមរាប មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់។

​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ​បានបួងសួងឱ្យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមសម្តេចទាំងទ្វេ មានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត និងជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមា​ជិកា​ព្រឹទ្ធសភា និងរដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

លោកជំទាវ លើកឡើងថា ការប្រារព្ធធ្វើពិធីនេះឡើងបាន ដោយសារ​ប្រទេសជាតិ​មានសុខសន្តិភាព ជាពិសេស បង្ហាញ​ពីទឹកចិត្ត​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់​ប្រណិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធ​សាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចំរើន។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានក្រើន​រំលឹកដល់ប្រជាពលរដ្ឋ​កម្ពុជាគ្រប់រូបត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍​រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវបន្តរក្សាការប្រុង​ប្រយ័ត្នឱ្យបានខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺ​មួយនេះ។

​ក្នុងឱកាសនោះ លោកជំទាវឧកញ៉ា នាងវិសាខា ​សៀង ចាន់ហេង ​មានប្រសាសន៏ថា ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយ ក្នុងចំណោម​ខ្លោងទ្វា​ទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។​ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ជាច្រើនដួលរលំ ហើយ​ក៏បានធ្វើឱ្យរចនាសម្ព័ន្ធ​របស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ និងអភិរក្ស​។

​​គួររំលឹកថា កន្លងមក កាលពីខែ​មេសា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា អគ្គនាយិកា​នៃក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកា​ដល់អាជ្ញា​ធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលខ្លោងទ្វារ ចូលបរិវេណក្រុងអង្គរធំ ពីខាងលិច ឬហៅថា ខ្លោងទ្វារតាកាវ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ ការឧបត្ថម្ភថវិកានេះ ធ្វើ ឡើង​ស្របពេល​ដែលលោកជំទាវឧកញ៉ា អគ្គនាយិកា បានអញ្ជើញមកទស្សនាសមិទ្ធផលនានា ដែលបានជួយជួសជុលកម្លងមក រួមមាន ប្រាសាទកណ្ដាលស្រះ​ស្រង់ និងជួសជុលរហាត់​ទឹក នៅក្នុងរម​ណីយដ្ឋានអង្គរ ជាដើម៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ