ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ងាចនេះ រកឃើញអ្នកឆ្លងកូវីដថ្មី ១៣នាក់ទៀតហើយ!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងសារពិសេស នៅយប់ថ្ងៃទី២២ ខែកុម្ភៈនេះ សម្តេច​តេជោ ហ៊ុន សែន ​បានប្រកាសថា ​​​នៅពេលនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩…

ភ្នំពេញ៖ ក្នុងសារពិសេស នៅយប់ថ្ងៃទី២២ ខែកុម្ភៈនេះ សម្តេច​តេជោ ហ៊ុន សែន ​បានប្រកាសថា ​​​នៅពេលនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ មិនបានថមថយទេ នៅក្នុងប្រទេស​កម្ពុជាយើង ហើយបន្តឆ្លង ដោយនៅសល់សំណាក់ច្រើនទៀត ដែលកំពុងវិភាគរកជំងឺកូវីដ១៩។ នៅល្ងាចនេះ រកឃើញ ១៣នាក់ទៀត ហើយការធ្វើតេស្ត ពិនិត្យលើសំណាក មិនទាន់បញ្ចប់​នៅឡើយទេ។

សម្តេចតេជោ ហ៊ុន​ សែន បានគូសបញ្ជាក់ថា ក្នុងរង្វង់ ៣ថ្ងៃនេះ មានករណីឆ្លងកូវីដ១៩ ឡើងដល់ជិត ១០០នាក់ ដែលជាចំនួនឆ្លងមិនធ្លាប់មាន តាំងពីកម្ពុជា មានកូវីដ១៩​។

ព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ ត្រូវបានក្រសួងសុខាភិបាល ប្រកាស​នៅព្រឹកថ្ងៃទី២២កុម្ភៈនេះថា មានអ្នកឆ្លងកូវីដ១៩ ចំនួន ៧៦នាក់។ ក្នុងនោះ ខ្មែរ ១០នាក់ ចិន ៦៤នាក់ វៀតណាមម្នាក់ និងកូរ៉េម្នាក់។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៅពេលនេះ លំបាកជាងព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកា ព្រោះយើងឃើញពន្លឹខ្លះ តែនៅទីងងឹតច្រើនទៀត រកមិនបាន​។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទៅកាន់ក្រសួងស្ថាប័ននានា ត្រូវពន្យារពេលប្រជុំ ហើយបើមិនអាចពន្យារកិច្ចប្រជុំបាន ក៏ត្រូវធ្វើតាមអនឡាញ។ សម្តេចក៏នឹងពិចារណា កម្មវិធី​របស់សម្តេច នៅក្នុងសប្តាហ៍នេះ គឺសន្និបាត​ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥កុម្ភៈ និងកម្មវិធីសម្ពោធសណ្ឋាគារអាមេរិក នៅភ្នំពេញ នាថ្ងៃទី២៦កុម្ភៈ តើត្រូវ​លើកពេលឬយ៉ាងណា?

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា សម្តេចមិន​បិទសកម្មភាពជាសេដ្ឋកិច្ចនោះទេ ដូចជា រោងចក្រ ក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា តែត្រូវរក្សាគម្លាតសុវត្ថិភាព​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ប្រគល់សិទ្ធិដល់​អភិបាល​រាជធានីខេត្ត បិទអាហារដ្ឋាន​ ភោជនីយដ្ឋាន និងកន្លែងលក់ដូរទាំងឡាយណា ដែល​មិនគោរពតាមវិធានសុខាភិបាល ក្នុងកិច្ចការការពារ​ជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ឲ្យអភិបាលរាជធានីភ្នំពេញ បន្តចែកម៉ាសជូនប្រជាពលរដ្ឋអ្នកក្រីក្រ នៅតាមផ្សារ និងកន្លែងលក់ដូរ។

សម្តេចបានប្រកាសឲ្យប្រជាពលរដ្ឋ បន្តពាក់ម៉ាសនៅពេលធ្វើដំណើរតាមផ្លូវ។ ម៉ាស ជាមធ្យោបាយ​ ក្នុងការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា កុំឡើង​មកកាន់រាជធានីភ្នំពេញ ជៀសវាង​ការកកស្ទះចរាចរណ៍ ដែលជាមូលហេតុមួយ ក្នុងការចម្លង​ជំងឺកូវីដ១៩ ផងដែរ​។

ក្នុងសារពិសេស​​នៅយប់នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ពីការសម្រេចផ្អាកដំណើរការសាលារៀន រយៈពេល ២សប្តាហ៍ នៅភ្នំពេញ និងនៅខេត្តកណ្តាល។ ក្នុងនោះ អ្នករៀបការ ក៏ត្រូវពន្យារពេល ហើយបើមិនអាចពន្យារពេលបាន ក៏ត្រូវកាត់បន្ថយចំនួនអ្នកចូលរួម ដើម្បីរក្សាគម្លាតសុវត្ថិភាព​៕