រាជធានីភ្នំពេញ ៖ ជាផ្នែកមួយនៃវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក្នុងព្រឹត្តិការណ៍២០កុម្ភៈ នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំមួយណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិត គឺ «មិនត្រូវអនុញ្ញាតឲ្យបុគ្គលដែលមិនមែនជាអ្នកគ្រប់គ្រង ឬកម្មករនិយោជិត ឬមន្ត្រីមានសមត្ថកិច្ច ចេញចូលបរិវេណរោងចក្រ សហគ្រាសជាដាច់ខាត» ។

ជាមួយគ្នានោះផងដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ក៏បានណែនាំម្ចាស់រោងចក្រ សហគ្រាស គឺត្រូវក្តាប់នូវប្រវត្តិនៃការធ្វើចត្តាឡីស័ក និងស្ថានភាពសុខភាពរបស់បុគ្គលិកដែលទើបត្រឡប់មកពីបរទេសឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឲ្យចូលធ្វើការវិញ។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងចុះថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ២០២១ នេះ ។

លោករដ្ឋមន្ត្រីបានបន្តថា ម្ចាស់រោងចក្រ សហគ្រាស ក៏ដូចជាកម្មករនិយោជិត «ត្រូវរឹតបន្តឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ «៣ការពារ = ការពាក់ម៉ាស, ការលាងដៃ, និងការរក្សាគម្លាតសុវត្ថិភាពសង្គម» និងវិធានការ «៣កុំ= កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលហើយប្រើម៉ាស៊ីនត្រជាក់, កុំទៅកន្លែងមនុស្សច្រើនកុះករដែលមិនដឹងប្រភពច្បាស់លាស់, និងកុំប៉ះពាល់ កុំចាប់ដៃ» ។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានណែនាំ ម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិត គឺ «ត្រូវអប់រំ ណែនាំ និងលើកទឹកចិត្តឲ្យគ្រប់បុគ្គលិក កម្មករនិយោជិតទាំងអស់កុំគេចវេះពីការធ្វើចត្តាឡីស័ក ដែលការគេចនេះនឹងនាំឲ្យមានហានិភ័យដល់ខ្លួនឯងផង សុខភាពសាធារណៈផង និងត្រូវរងការពិន័យអន្តរកាលផង» ៕
ចែករំលែកព័តមាននេះ