ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនមេខ្យល់ម្នាក់ ដែលដឹក​ជញ្ជូន​ពលករឆ្លងដែនខុសច្បាប់ ទៅតុលាការ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ជាមេខ្យល់ ជាអ្នកដឹកជញ្ជូនពលករទៅ​ប្រទេសថៃ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី២០ ខែកុម្ភៈ…

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ជាមេខ្យល់ ជាអ្នកដឹកជញ្ជូនពលករទៅ​ប្រទេសថៃ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១​។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តទទួលការងារ​ស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ​នៅវេលាម៉ោង ០១ និង ៣០នាទីយប់ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បាន​ចុះល្បាតក្នុងភូមិសាស្រ្តក្រុង និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយបានប្រទះឃើញពលករ ចំនួន ០៧នាក់ នៅចំណុចមុខបុរីធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ពលករទាំងនោះ ត្រូវមេខ្យល់បម្រុងនាំឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ​។ បន្ទាប់មក កម្លាំងយើង បាននាំពលករទាំង ០៧នាក់ មកមូលដ្ឋានកងរាជ​អាវុធហត្ថ​ក្រុង ដើម្បីសួរនាំ។

លោក​មេបញ្ជាការរងអាវុធហត្ថខេត្ត បានឱ្យដឹងថា​ ក្រោយពីសាកសួរពលករទាំង ០៧នាក់នោះមក បានប្រាប់ពីតម្រុយមេខ្យល់បម្រុងនឹងនាំ​ពួកគាត់ឆ្លងដែនទៅ​ប្រទេសថៃ។ ​ពលករទាំងនោះ ក្រោយពីសួរនាំកម្លាំង​អាវុធហត្ថ​ក្រុង បានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រហ្មនិមិត្ត ក្នុងក្រុងប៉ោយប៉ែត​។ ចំពោះមេខ្យល់ ត្រូវបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងបានឃាត់ខ្លួនមេខ្យល់ មាន​ឈ្មោះ ឃីន ផល្លា ភេទប្រុស អាយុ ៣៤ឆ្នាំ និងដកហូតវត្ថុតាង រថយន្ត ០១គ្រឿង ម៉ាកតូយូតាកាមេរី ពណ៌បៃតងចាស់។

​​លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តទៀតថា​ ក្រោយពីសាកសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា​ រូបគេពិតជាបានទំនាក់ទំនងជាមួយពលករទាំង ០៧នាក់ ដើម្បីឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ ពិតប្រាកដមែន តាមរយៈដឹកតាមរថយន្តម៉ាកកាមេរី ទៅចេញតាមច្រកម៉ាឡៃ ដោយយកតម្លៃឈ្នួលដឹក​ ក្នុងម្នាក់ ២០ម៉ឺនរៀល។ ដោយផ្អែកលើការឆ្លើយបំភ្លឺរបស់ពលករទាំង ០៧នាក់ និងចម្លើយសារ​ភាព​របស់ជនសង្ស័យ កម្លាំងជំនាញ​ការិយាល័យប្រឆាំងការជួញ​ដូរមនុស្សអាវុធហត្ថខេត្ត បានបញ្ជូន​ជនសង្ស័យ ឈ្មោះ ឃីន ផល្លា និងរថយន្ត ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១​៕ ដោយ៖ ណុប​ រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ