ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ត្រៀមពេទ្យទាហាន និងពេទ្យជោរី ជាកន្លែងព្យាបាល​អ្នកជំងឺកូវីដ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា​ឲ្យ​សម្តេច ទៀ…

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា​ឲ្យ​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រៀ​បចំ​មន្ទីរពេទ្យ​ទាហាន ដែលត្រៀមបម្រុង​រួចហើយ សម្រាប់ជាកន្លែង​ព្យាបាល​អ្នកជំងឺកូវីដ ១៩ ខណៈដែល​អ្នកជំងឺ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនឡើង​ជាបន្តបន្ទាប់​។

ក្រៅពីមន្ទីរពេទ្យទាហាន ដែលគេស្គាល់ថា មន្ទីរពេទ្យព្រះកេតុមាលា នៅជិតវត្តភ្នំ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅកាន់ក្រសួងសុខាភិបាល ឲ្យត្រៀមរៀបចំ​មន្ទីរពេទ្យឯកជនបន្ថែម ហើយដំបូងគេ គឺនៅមន្ទីរពេទ្យជោរី​ នៅច្បារអំពៅ ដែលបង្កើតឡើងដោយ​ឧកញ៉ា សុខគង់ សហការជាមួយវៀតណាម​។

ការសម្រេចបន្ថែម​មន្ទីរពេទ្យ​ទាហាន និងមន្ទីរពេទ្យឯកជន ជាកន្លែងសម្រាកព្យាបាល​អ្នកជំងឺកូវីដ១៩ ដោយសារតែ​ចំនួន​អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ កើនឡើង​ចន្លោះពី ៥០ ទៅ ៦០នាក់ហើយ។ នេះបើតាម​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

ក្នុងសារជាសំឡេង នៅរសៀល​ថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ព្រឹកមិញ រកឃើញ ១៧ នាក់ ដោយ​មានក្នុងសហគមន៍ខ្លះ ហើយនៅរសៀលនេះ រកឃើញ ១៤នាក់ទៀត​។ អីចឹង យើងត្រូវត្រៀម​ពេទ្យយោធា និងពេទ្យជោរី​ រៀបចំ​ដាក់អ្នកជំងឺកូវីដ១៩។​ តែដំបូង មើល​ពេទ្យទាហានសិន​ ដើម្បីត្រៀមដាក់មនុស្ស និងសម្ភារៈ សម្រាប់ទទួលការព្យាបាល​អ្នកជំងឺកូវីដ១៩​។ គ្រាន់តែ ២ថ្ងៃនេះ ឡើង​ ៥០ ទៅ ៦០​នាក់ទៅហើយ។​​

នៅរសៀល​ថ្ងៃ​អាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ យក់ សម្បត្តិ​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានរាយការណ៍ផ្ទាល់មាត់ តាមសា​រសំឡេង ​​ជូន​​សម្តេច​តេជោ​ អំពី​ការរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ថ្មី​។ គឺរហូតដល់ម៉ោង ១២ រសៀលថ្ងៃអាទិត្យនេះ​ វិទ្យាស្ថានសុខភាពសាធារណៈ រកឃើញវិជ្ជមានវីរុសកូវីដ១៩ ចំនួន​ ១៤នាក់ទៀត។ ក្នុងនោះ ១១នាក់ ​ពាក់​ព័ន្ធ​នឹង​​ព្រឹត្តិការណ៍សហគមន៍ ថ្ងៃ​២០​កុម្ភៈ ដោយសារអ្នកទាំងនោះ ធ្វើការជាមួយចិន នៅក្លិប N8។

លោកជំទាវ យក់ សម្បត្តិ បន្ថែមថា អ្នកទើរកឃើញឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានលាត​សន្ធឹងដល់តាខ្មៅ ខេត្តកណ្តាល សែនសុខ និងឫស្សីកែវ ក្នុងរាជធានីភ្នំ​ពេញ​។ ក្លិប​ N8 មានសាខា ៧ផ្សេងទៀត​ ដែល​ក្រសួងសុខាភិបាល កំពុងធ្វើការជាមួយ​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំ​ពេញ​ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត​។

លោកជំទាវ យក់ សម្បត្តិ​ បានបន្ថែមថា ក្នុងចំណោមអ្នកចូលមកពិនិត្យសំណាក ហើយលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃអាទិត្យនេះ គឺមានម្នាក់ សង្ស័យខ្លួនឯងថា ឆ្លងកូវីដ ដោយសារតែ​ពាក់ព័ន្ធនឹងក្លិប N8។ ឥឡូវនេះ ពាក់ព័ន្ធនឹង​ខ្មែរ ដែលធ្វើការជាមួយ​ចិន ទៅមើលឃើញ វិជ្ជមានកូវីដ១៩​ ហើយ​​។

សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាស​ពីករណី​វិជ្ជមានវីរុសកូវីដ១៩ ចំនួន ៣២នាក់។ ក្នុងនោះ មាន ២៩នាក់ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ​។ ​នៅថ្ងៃទី​២១ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល​ បានប្រកាសពីករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ១៧នាក់ ហើយក្នុងនោះ មាន ១៥នាក់ ពាក់ព័​ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ​។​

ការឆ្លងសហគមន៍​ ជាលើកទី៣ នៅក្នុងរាជធានីភ្នំពេញ តាមរយៈព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ ត្រូវបាន​រកឃើញ​កាលពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២១ លើស្ត្រី និងបុរសជនជាតិចិន ៤នាក់ ព្រមទាំង​ស្ត្រីឈីលី ម្នាក់ ដែលបានទៅធ្វើតេស្តរកមេរោគ​កូវីដ១៩ ដើម្បី​បញ្ជាក់​សុខភាព ចេញពីកម្ពុជា ទៅប្រទេសចិន និងប្រទេសឡាវ៕