រាជធានីភ្នំពេញ ៖ បន្ទាប់ពីមាន «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ហើយក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២លើកជាបន្តបន្ទាប់រួចមក គេសង្កេតឃើថា ៖ ទីតាំងដែលធ្លាប់តែមានសភាពអ៊ូអរដូចជានៅមុខព្រះបរមរាជវាំង អាស្រមព្រះអង្គដង្កើ សួននាគបាញ់បែរជាគ្មានអ្នកហាត់ប្រាណ ពេលល្ងាចមានប្រជាពលរដ្ឋមកអង្គុយលេងតិចតួចហើយពួកគេនាំពាក់ម៉ាស់គ្រប់ៗគ្នាមិនដូចកាលដែលមិនទាន់«ផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ » នោះទេ ។
លោកយឹន ស៊ន ដែលកំពុងឈរហាត់ប្រាណម្នាក់ឯងនៅខាងជើងអាស្រមព្រះអង្គដង្កើបាននិយាយថា ៖ក្រោយពីមានការផ្ទុះជម្ងឺកូវីដ១៩ជាលើកទី៣ ក្នុងសហគមន៍ដែលមានឈ្មោះថា«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»កាលពីថ្ងៃសៅរ៍កន្លងមកនេះក្រសួងសុខាភិបាលបានរកឃើញការឆ្លងកូវីដ១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ រហូតដល់៣២ករណី ដែលជាករណីមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។ ហើយដោយឡែកនៅថ្ងៃទី២១ ខែកុម្ភៈនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៧នាក់ថែមទៀត ដែលក្នុងនោះមានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» មានចំនួន១៥នាក់។
ការកើតមានព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នេះបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញមានការភ័យខ្លាចជាខ្លាំង ជាក់ស្តែងនៅល្ងាចថ្ងៃសៅរ៍ក្រោយពីក្រសួងសុខាភិបាលបានរកឃើញការឆ្លងកូវីដ១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ ។ ប្រជាពលរដ្ឋលែងមកហាត់ប្រាណក៏ដូចជាការអង្គុយលេងតាមមាត់ទន្លេអ៊ូអរដូចមុនទៀតនោះទេ រីឯនៅមុខព្រះបរមរាជវាំងមានមនុស្សតិចតួចប៉ុណ្ណោះដែលមកអង្គុយលេង ។ ពេលនេះលោកសង្កេតឃើញថា ៖ ក្រោយពីផ្ទុះ«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ប្រជាពលរដ្ឋដែលមកកំសាន្តក៏ដូចជាមកហាត់តិចតួចបាននាំគ្នាពាក់ម៉ាស់គ្រប់ៗគ្នា។
អ្នកស្រី សំ នាង ដែលអង្គុលក់នំបញ្ចុកនៅមាត់ទន្លេបាននិយាយថា ៖ នៅមាត់ទន្លេចាប់ពីផ្សារចាស់មកដល់ព្រះអង្គដង្កើរយៈពេលពីរថ្ងៃនេះពីតជាមិនសំបូរមនុស្សដើរកំសាន្តនោះទេ ទំនងជាខ្លាចឆ្លងជម្ងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលរកឃើញកាលពីថ្ងៃសៅរ៍កន្លងមក។ ហើយក៏មានការប្រកាសពីអាជ្ញាខណ្ឌដូនពេញសុំឲ្យប្រជាពលរដ្ឋត្រូវតែពាក់ម៉ាសនិងអង្គុយមានគន្លាបពីយ៉ាងតិច១ម៉ែត្រកន្លះផងដែរ ហើយរាល់ព្រឹកគាត់តែងតែលក់នំបញ្ចុកអស់នៅម៉ោង៩ ។
អ្នកនាង ស្រី មុំ ដែលឈរលក់ផ្កាឈូក ធូបទៀននៅក្បែរអាស្រមព្រះអង្គដង្កើបានឲ្យដឹងថា ៖ រយៈពេលពីរថ្ងៃនេះគឺថ្ងៃសៅរ៍ អាទិត្យគឺលក់មិនដាច់នោះទេព្រោះមានអ្នកមកដុតធូបតិចណាស់ខុសពីពេលមុនប្រហែលជាពួកគាត់ខ្លាច «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ដែលគេរកឃើញអ្នកឆ្លងជាបន្តបន្ទាប់ជិត៥០នាក់ ក៏ប៉ុន្តែតាមការសង្កេតរបស់នាងមនុស្សដែលចូលដុតធូបថ្វាយផ្កាឈូកនិងអ្នកមកអង្គុយមាត់ទន្លេពួកគេពាក់ម៉ាស់គ្រប់ៗគ្នាផងដែរ ។
គួបញ្ជាក់ថា ៖ អនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសថ្លែងសារជូនជនរួមជាតិនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ, ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលកម្សាន្តនៅក្លិប N8 ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ និងអ្នកដែលពាក់ព័ន្ធករណីវិជ្ជមានក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងធ្វើតេស្តរកកូវីដ១៩ ជាចាំបាច់ នៅមណ្ឌលសុខភាពចាក់អង្រែ។
ការអំពាវនាវនេះ ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋ និងបងប្អូនដែលបានចូលក្លិប N8 នៅម្តុំស្តាតអូឡាំពិក និងអ្នកជាប់ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ចូលរួមសហការក្នុងការឈានទៅបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ឲ្យបានឆាប់ ៕






ចែករំលែកព័តមាននេះ