រាជធានីភ្នំពេញ ៖ កម្ពុជាបានប្រកាសពីករណីផ្ទុះកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំដែលមានមនុស្សចំនួនដល់ ៣២នាក់ត្រូវបានរកឃើញវិជ្ជមាន ជាជនចិនទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ។ សម្តេចនាយករដ្ឋមន្រ្តីបានដាក់ឈ្មោះករណីនេះថា “ជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” ។ បើទោះបីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមិនឈានដល់ការផ្អាកការសិក្សារបស់សិស្សនៅតាមសាលារៀន ឬពិធីមង្គលការក្តីប៉ុន្តែគេបានមើលឃើញថាព្រឹត្តិការណ៍នេះ នឹងជះឥទ្ធិពលដល់ការរកចំណូលរបស់ពលរដ្ឋបន្ថែមទៀត ពិសេសវានឹងធ្វើឲ្យមានការយឺតយាវដល់ដំណើរការស្តារសេដ្ឋកិច្ចជាតិនិងពលរដ្ឋឡើងវិញនោះ ។

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឲ្យនាយករដ្ឋមន្រ្តីសម្រេចផ្អាកអាជីវកម្មមួយចំនួន មានការបិទអគារក្លឹបកម្សាន្តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ ១៩ ក្នុងមានខុនដូស្នាក់នៅផងដែរ ។ កម្ពុជាក៍បានរឹតបណ្តឹងការធ្វើដំណើរចេញរបស់ពលរដ្ខទៅប្រទេសវៀតណាម ថៃនិងឡាវ ។ កម្ពុជាត្រូវចំណាយទំាងថវិកានិងធនធានមនុស្សនៅក្នុងការរុករកមនុស្សពាក់ព័ន្ធមកធ្វើតេស្តនិងចត្តាឡីស័ក ទិដ្ឋភាពទំាងអស់នេះតិចឬច្រើននឹងជះឥទ្ធពលបន្ថែមលើសេដ្ឋកិច្ចពលរដ្ឋដែលកំពុងយ៉ាប់យឺនស្រាប់នោះ ។

“ខ្ញុំស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្ តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ ១៩ ជាចាំបាច់ ដោយមិនអនុញ្ញាតអោយចេញ-ចូល លើកលែងតែអ្នកដែលជាម្ចាស់ផ្ទះក្នុងតំបន់នោះ គឺអោយចូល តែមិនអនុញ្ញាតអោយចេញ”នេះជាប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃពី ២០កុម្ភៈនេះ ទៅកាន់ជនរួមជាតិតាមបណ្តាញអន្តរសង្គមនិងកញ្ចក់ទូរទស្សន៍ ។

ព្រឹត្តិការណ៍ ២០កុម្ភៈបានធ្វើឲ្យចំនួនអ្នកជំងឺកូវីដ ១៩ នៅកម្ពុជា កើនជាង ៥០០នាក់ ។ ជាទូទៅការស្តារសេដ្ឋកិច្ចឡើងវិញក្នុងពេលនិងក្រោយពេលកូវីដ ១៩ នេះ ត្រូវគេអះអាងថាអាស្រ័យលើការគ្រប់គ្រងស្ថានភាពជំងឺនេះថា មានឬគ្មានអ្នកឆ្លងថ្មីនោះ ។ ឧទាហរណ៍ដូចជាការស្តារវិញទេសចរណ៍ដែលត្រូវការការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព របស់ពលរដ្ឋនោះ មិនអាចនឹងកើតមានទេ បើនៅតែមានករណីកូវីដ ១៩ ម្តងផ្ទុះនៅទីនេះ ម្តងផ្ទុះនៅទីនោះ គឺពលរដ្ឋមិនហ៊ានដើរកម្សាន្តឡើយ ។ ដូចគ្នានេះដែរបើម្តងផ្ទុះចូលសហគមន៍នេះ ម្តងចូលសហគមន៍ខេត្តនោះ ការរកទទួនទានរបស់ពលរដ្ឋមិនដំណើររលួនឡើយ ម្តងបិទម្តងបើក ម្តងមនុស្សមានការងារធ្វើម្តងមនុស្សគ្មានការងារធ្វើ ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជាប់លាប់ល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕
ចែករំលែកព័តមាននេះ