ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បឿនចាក់វ៉ាក់សាំងយឺត តែមានដំណឹងពីវ៉ាក់សាំងថ្មី ចូលមកថែមច្រើនទៀត!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីឌ១៩ នៅកម្ពុជា បានចាប់ផ្តើម​ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១​។ រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ លោកស្រី…

ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីឌ១៩ នៅកម្ពុជា បានចាប់ផ្តើម​ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១​។ រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសថា ចាប់ពីថ្ងៃទី១០-១៨ ខែកុម្ភៈ មានអ្នក​បានចាក់វ៉ាក់សាំងរួច ​ចំនួន ៣៨០៣នាក់។ ​

ក្នុងពេលដំណាលគ្នានោះ ក្រសួងការពារជាតិ ក៏បានដំណើរការចាក់វ៉ាក់សាំង​ដល់​មេបញ្ជាការ​កងទ័ព និងថ្នាក់ដឹកនាំកំពូលៗ ក្នុងជួរកងទ័ព ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ផងដែរ​។ មកដល់ ថ្ងៃទី១៧ ខែកុម្ភៈ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំង បានជាង ១ម៉ឺននាក់។

កម្ពុជា បានទទួលវ៉ាក់សាំងជាជំនួយរបស់ចិន ចំនួនសរុប ៦០ម៉ឺនដូស ហើយត្រូវបាន​បែងចែកជាពីរ គឺ​ ៣០ម៉ឹនដូស ជារបស់​ក្រសួងការពារជាតិ និង ៣០ម៉ឺនដូសទៀត ជារបស់ក្រសួងសុខាភិបាល។ ក្នុងចំណោម ៦០ម៉ឺនដូសនេះ ត្រូវចាក់​បាន ៣០ម៉ឺននាក់ ព្រោះម្នាក់ ត្រូវចាក់ ២ដូស​។

ក៏ប៉ុន្តែ​បើមើលពីល្បឿន​នៃការចាក់វ៉ាក់សាំងនេះ ហាក់ដូចជា នៅយឺតនៅឡើយ ព្រោះមាន​អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតិចតួច បើធៀបនឹង​ចំនួនឥស្សរជន ថ្នាក់ដឹក នាំជាន់ខ្ពស់​ក្នុងជួររាជរដ្ឋាភិបាល គ្រូពេទ្យ ប៉ូលិស ទាហាន អ្នកកាសែត ព្រមទាំង​មន្ត្រីរាជការ និង​មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់​ នៅរាជធានីភ្នំពេញ ដែលជាក្រុមគោលដៅ អាទិភាពដំបូង​ ត្រូវចាក់វ៉ាក់សាំង​ នាពេលដំបូង​នេះ​។

យ៉ាងណាក៏ដោយ ក្នុងពេលដែលក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ពុំ​ទាន់​ចាក់​អស់វ៉ាក់សាំង​ ៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន​ ដែលបានផ្តល់​ឲ្យកម្ពុជា ក្នុងជំហានដំបូង កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្នុងចំណោម​វ៉ាក់សាំង ១លានដូស ដែលចិនបានប្រកាសផ្តល់​ឲ្យកម្ពុជា គឺ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន ស្តីពី ការកែសម្រួល​អនុក្រឹត្យ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅ​ក្រសួងសុខាភិបាល កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បានប្រកាសថា តាមរយៈយន្តការ​កូ​វ៉ា​ក់​របស់​​អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជូន​លិខិត​មក​កម្ពុជា ប្រាប់​ថា កម្ពុជា​យើង នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ AstraZeneca របស់​អង់គ្លេស ចំនួន ១ ២៩៦ ០០០ ដូ​ស នៅក្នុង​ឆ្នាំ​២០២១​នេះ​។

​លោកស្រី ឱ វណ្ណឌី​ន បន្តថា នៅ​ត្រីមាស​ទី​១ នៅក្នុង​អំឡុង​ខែមីនា ឬក៏​ខែមេសា ឆ្នាំ ២០២១នេះ កូ​វ៉ា​ក់ គ្រោង​បញ្ជូនមក​កម្ពុជា​នូវ​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ AstraZeneca ចំនួនជាង ៤៥ម៉ឺន​ដូ​ស ហើយ​នៅ​ខែកក្កដា ឆ្នាំ​២០២១​នេះ អាច​នឹង​បញ្ជូនមក​បន្ថែម​ចន្លោះ​ពី​ជាង ៧​០ម៉ឺនដូស​ ទៅ​ជាង ៨​០ម៉ឺន​​ដូ​ស​ទៀត​។​

​ចំណែក​វ៉ាក់សាំង នៅសល់ ដែលជា​ចំណែក​របស់​កម្ពុជា ត្រូវបាន​លោកលោកស្រី ឱ វណ្ណឌី​ន លើកឡើងថា កូ​វ៉ា​ក់ នឹង​បញ្ជូន​មកជា​បន្តបន្ទាប់ នៅ​ឆ្នាំ​២០២២​។ តាម​គម្រោង កម្ពុជា​ត្រូវ​ទទួលបាន​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​យន្តការ Covax របស់អង្គការ សុខភាពពិភពលោក ចំនួន ៧​លាន​ដូ​ស​។​

នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេស ក៏បានប្រកាសថា ​រដ្ឋមន្ត្រី ការបរទេសកម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដាក់សំណើរផ្ទាល់មាត់ ទៅកាន់ រដ្ឋមន្ត្រីការបរទេសឥណ្ឌា ស្នើទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៥លាន ដូស​។ សំណើរនេះ បានធ្វើឡើង ក្នុងកិច្ចសន្ទនាតាមទូរសព្ទរវាងប្រមុខការទូត​នៃប្រទេសទាំងពីរ កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ។​

តាមរយៈ​កិច្ចសន្ទនា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​បានបញ្ជាក់ទៅកាន់​រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា  លោក ចៃ​ហ្សា​នកា ថា កម្ពុជា ត្រូវ​ការទិញវ៉ាក់សាំង ​AstraZeneca ​ បង្ការ​ជំងឺ​កូ​វីដ​១៩ ចំនួន ៥ លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌា ផ្គត់ផ្គង់វ៉ាក់សាំងនេះ ក្នុងដំណាក់​កាលដំបូង ចំនួន ១ លាន​ដូ​ស​។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា បានស្រង់ប្រសាសន៍ប្រមុខ ការទូតកម្ពុជា ក្នុង​កិច្ចសន្ទនា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌាថា សម្តេចនាយក​រដ្ឋមន្ត្រី សម្រេច​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ពីឥណ្ឌា ដោយសារកម្ពុជា និងឥណ្ឌា មានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀត ដោយសារប្រជាជនកម្ពុជា ជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាព របស់ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់។

ជាការឆ្លើយតបលោក​ ចៃ ហ្សា​ន​កា រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា បាន​សន្យាថា នឹងយកសំណើទិញវ៉ាក់សាំងនេះ ដាក់ជូននាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ដើម្បីសិក្សាពិនិត្យលទ្ធភាព ក្នុងការ ផ្គត់ផ្គង់មកកម្ពុជា  ដោយអះអាងទៀតថា ឯកឧត្តមផ្ទាល់ នឹងខិតខំ​ជួយ​កម្ពុជា​ឲ្យ​ទទួលបាន​វ៉ាក់សាំង AstraZeneca នេះ  ដ្បិតសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជាឥស្សរជនដ៏សំខាន់ និងថ្នាក់ដឹកនាំ គួរឱ្យគោរព។

​​កាលពីពេលថ្មីៗនេះ​ ឥណ្ឌា បានសម្រេច​ផ្តល់វ៉ាក់សាំង AstraZeneca​ ចំនួន ១ សែន​ដូស ​ដល់​កម្ពុជា ​បន្ទាប់ពី​កម្ពុជា បានស្នើសុំ​ឥណ្ឌា តាមរយៈឯកអគ្គរដ្ឋទូត​ ប្រចាំកម្ពុជា។​

ចំពោះមុខនេះ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុប ១១ លាន ១សែន​ដូស ស្របពេល​កម្ពុជា ត្រៀមស្វែង​រក និងទិញ​វ៉ាក់សាំង​ឲ្យបានគ្រប់​​​ ២០ លានដូស សម្រាប់មនុស្ស ១០ លាននាក់។

ក៏ប៉ុន្តែ​គ្រាន់តែ​វ៉ាក់សាំង ៦០ម៉ឺនដូស​ ដែលកម្ពុជាទើបទទួលបាន គឺ៧-៨ថ្ងៃដំបូងនេះ ចាក់ទើបតែបានជាង ១ម៉ឺននាក់ប៉ុណ្ណោះ។ ចំនួន​អ្នកចាក់បានតិច អាចថា មកពី​ក្រុម​គោលដៅ ដែលត្រូវចាក់វ៉ាក់សាំងដំបូង​​នេះ នៅមានកម្រិត​នៅឡើយ។ តែគេសង្ឃឹមថា នៅពេល​ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​ប្រជាពលរដ្ឋទូទាំង​ អាចចាក់​វ៉ាក់សាំងកូវីដ១៩ បាន នោះចំនួន​អ្នកមកចាក់វ៉ាក់សាំងនេះ នឹងអាច​កើនឡើង​ច្រើន​។​

ម្យ៉ាងទៀត ក្នុងពេលចាប់ផ្តើមចាក់វ៉ាក់សាំង​ដំបូងនេះ មានអ្នកខ្លះ នៅតែបន្ត​ស្ទាក់ស្ទើរ និង​នៅ​សង្ស័យ​ពីប្រសិទ្ធភាព​នៃវ៉ាក់សាំងថ្មី​ ខណៈដែល​នៅស្រុកយើង​ សព្វថ្ងៃ ក៏​លែង​ឆ្លងតគ្នា ពីម្នាក់ទៅម្នាក់ ដូចកាលពីព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២៨វិច្ឆិកា​ទៀតឡើយ​។ រីឯអ្នកមកពីក្រៅស្រុក មិនថា តាមយន្តហោះ ឬក៏តាមផ្លូវគោក នៅព្រំដែនថៃ វៀតណាម ឬឡាវទេ គឺត្រូវបាន​ត្រួតពិនិត្យ​ និងតម្រូវ​ឲ្យធ្វើចត្តាឡីស័ក តាមដាន​រក​មេរោគកូវីដ១៩ យ៉ាងយកចិត្តទុកដាក់ នៅពេលចុះពីយន្តហោះ និងនៅតាមព្រំដែន​តែម្តង​។

យ៉ាងណាក៏ដោយ ការប្រកាន់ខ្ជាប់​នូវវិធានការការពារ ដោយពាក់ម៉ាស លាងដៃ និង​រក្សា​គម្លាត នៅតែជាវិធានការ​ចាំបាច់ ដែល​ប្រជាពលរដ្ឋយើង ត្រូវបន្តប្រកាន់យក ហើយ​​អ្នកចាក់វ៉ាក់សាំងរួច ក៏ត្រូវអនុវត្តវិធានការការពារនេះដែរ​។

ម្យ៉ាងទៀត អ្នកមិនទាន់ចាក់វ៉ាក់សាំង ក៏គួរតែទៅចាក់ ព្រោះ ៧ ទៅ ៨ថ្ងៃហើយ ​ដែល​អ្នក​បានចាក់វ៉ាក់សាំងរួច​ គឺមិនមានបញ្ហាសុខភាពអ្វី​ ដែលជាប្រតិកម្ម​ចេញពីវ៉ាក់សាំង​កូវីដ ​ជាជំនួយរបស់ចិន​នោះឡើយ៕

លោកនាយឧត្តមសេនីយ៍ នឹម សុវត្ថិ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​កិច្ចការបរទេស របស់ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងកូវីដ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១