ជប៉ុន ៖ អតីតអត្តពលិកចូលរួមប្រកួតកីឡាអូឡាំពិក៧លើក គឺលោកស្រី Seiko Hashimoto ត្រូវតែងតាំងជាប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ដើម្បីជំនួសតំណែងលោក Yoshiro Mori ដែលលាលែងកាលពីសប្តាហ៍មុន បន្ទាប់ពីបានធ្វើអត្ថាធិប្បាយសម្តីមិនសមរម្យក្នុងន័យ «រើសអើងភេទ»។
លោក Yoshiro Mori អាយុ៨៣ឆ្នាំ បានលាលែងពីតំណែងកាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២១ បន្ទាប់ពីបាននិយាយថា «ស្ត្រីដូចជានិយាយច្រើនពេកហើយ ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍អូឡាំពិក»។ ការអត្ថាធិប្បាយនេះ ធ្វើប្រជាជនជប៉ុនមានការខឹងសម្បារយ៉ាងខ្លាំង ដោយទាមទារឱ្យលោកត្រូវតែចុះចេញពីតំណែង។ បើទោះបីជាលោកបានសុំទោស ចំពោះការអត្ថាធិប្បាយមិនសមរម្យកន្លងមក។
ដោយឡែកក្រឡេកមកដឹងខ្លះៗពីលោកស្រី Seiko Hashimoto ដែលជាអតីតកីឡាការិនីជិះស្គីល្បឿន (Speeds Skater) និងប្រណាំងកង់ក្នុងសាល (Track Cyclist) ដែលធ្លាប់ឈ្នះមេដាយសំរិទ្ធកីឡាអូឡាំពិក និងមេដាយមាស៦គ្រឿងពីព្រឹត្តិការណ៍អាស៊ីហ្គេមរដូវរងារ (Asian Winter Games) កន្លងមក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ដែលត្រូវលើកពេលដោយសារការផ្ទុះកូវីដ១៩ នឹងត្រូវធ្វើពិធីបើកនាថ្ងៃទី២៣ ខែកក្កដា និងពិធីបិទនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ