ខេត្តព្រៃវែង ៖ បន្ទាប់ពីបង្កបង្កើនផលដំណាំស្រូវបន្តិចបន្តួច កសិករជាច្រើនរស់នៅក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានឆ្លៀតពេលនាំគ្នាងាកមកចិញ្ចឹមសត្វទាយកពងលក់ សង្ឃឹមថា អាចរកប្រាក់ចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម ។ តែដឹងអីសម្រាប់ឆ្នាំនេះ ពងទាក្នុងស្រុកបែរជាធ្លាក់ថ្លៃខ្លាំងធ្វើអោយពួកគាត់ជួបការលំបាកខាតបង់ទៅវិញ ។

នេះបើតាមការលើកឡើងរបស់កសិករអ្នកចិញ្ចឹមទាបានត្អូញត្អែរៀបរាប់ប្រហាក់ប្រហែលគ្នា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ ។ កសិករបន្តទៀតថា ពួកគាត់ចិញ្ចឹមសត្វទាយកពង់លក់នេះ ខ្លះ៦-៧ឆ្នាំហើយ ខ្លះទើបតែចិញ្ចឹមបានប្រហែល២-៣ឆ្នាំនេះទេ ដោយម្នាក់ៗចាប់ពីជាង១០០០ទា រហូតដល់៤០០០ពាន់ក្បាលទាឯណោះ ។ ដែលក្នុងមួយថ្ងៃ ដើររើសពងទាម្តង (ពេលព្រឹក) បានជាង១០០០ពង ទៅជាង៣០០០ពង តាមអ្នកចិញ្ចឹមទាច្រើន ឫតិច ទុកលក់អោយឈ្មួញចុះមកទិញដល់កន្លែងចិញ្ចឹមតែម្តង ។ ដោយឃើញពងទាក្នុងស្រុកធ្លាក់ថ្លៃ ដោយសារពងទាក្រៅស្រុកនាំចូលច្រើនលើសលុប កសិករសំណូមពរអោយមន្ត្រីជំនាញពាក់ព័ន្ធជួយទប់ស្កាត់ផង ។


កសិករបញ្ជាក់បន្ថែមថា ឆ្នាំមុនៗគាត់លក់ពងទាមួយគ្រាប់តម្លៃ៤០០ទៅ៥០០រៀលទូរទាត់សងថ្លៃចំណីគេទៅក៏វាអាចនៅសល់១០ម៉ឺនទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ដោះស្រាយជីវភាពជួយកូនចៅបានរៀនសូត្រដែរ ។ តែសម្រាប់ឆ្នាំនេះ ពងទាក្នុងស្រុកធ្លាក់ថ្លៃមួយគ្រាប់តម្លៃត្រឹមតែជាង២០០រៀល ទៅ៣០០រៀលប៉ុណ្ណោះ ធ្វើអោយពួកគាត់មានខាត់បង់ពេលវេលា និងយកលុយផ្ទះសងថ្លៃចំណីគេរហូត តែធ្វើម៉េចបើចំណាយលុយទិញសត្វទាយកមកហើយ ទោះខាត ឫចំណេញចេះតែទ្រាំចិញ្ចឹមទៅ បើលក់វិញក៏មិនបានស្មើដើមដែរ ព្រោះខ្លះសុទ្ធតែខ្ចីលុយគេយកមកធ្វើជាដើមទន់ ។ ហើយមូលហេតុដែលពងទាក្នុងស្រុកធ្លាក់ថ្លៃនេះ គឺដោយសារតែឈ្មួញនាំចូលពងទាពីក្រៅស្រុកប្រទេសជិតខាងច្រើនពេក ។

ដូច្នេះពួកគាត់សូមសំណូមពរអោយមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយពិនិត្យទប់ស្កាត់កុំអោយមានការនាំពងទាចូលច្រើនពេក ដើម្បីអោយផលិតផលខ្មែរមានទីផ្សារផងទើបប្រជាជនមានកម្លាំងចិត្តធ្វើបន្តទៀត ។

ជុំវិញបញ្ហាពងទាកសិករខ្មែរធ្លាក់ថ្លៃនេះដែរ ភ្នាក់ងារយើងបានព្យាយាមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទៅលោក ចិន វិសាល ប្រធានពេទ្យសត្វខេត្តព្រៃវែង តេចូល២ដងដែរ តែគ្មានអ្នកលើកទទួល ។


ដោយឡែកចំពោះលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រៃវែង ខលតាមទូរស័ព្ទដែរ តែគ្មានការឆ្លើយតប ៕



ចែករំលែកព័តមាននេះ