នៅមុននេះបន្តិច ក្រសួងសុខាភិបាលកម្ពុជាបានចេញប្រកាសព័ត៌ជាបន្ទាន់មួយនៃការរកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីលើកដំបូងចំនួន៣ករណី ដែលជាករណីនាំចូលលើជនជាតិឥណ្ឌាចំនួន ២ រូបនិងស្ត្រីជនជាតិចិនមួយរូប ដែលបច្ចុប្បន្នអ្នកទាំង ៣ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន នៅរាជធានីភ្នំពេញ រួចហើយ ។


យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញរសៀលថ្ងៃទី ១៥ កុម្ភៈឆ្នាំ២០២១នេះបានឲ្យដឹងថា ក្រសួងបានរកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីលើកដំបូងចំនួន៣ករណីលើជនជាតិឥណ្ឌា ២ រូប ដែលអ្នកទាំងពីរបានមកដល់កម្ពុជា កាលពីថ្ងៃទី ០៣ ខែកុម្ភៈ និងស្ត្រីជនជាតិចិនចំនួន ១ រូប ដែលមកដល់កម្ពុជាកាលពីថ្ងៃទី ០៧ ខែកុម្ភៈ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ១- បុរសជនជាតិឥណ្ឌា មានវ័យ ២៨ ឆ្នាំ និងស្ត្រីជនជាតិឥណ្ឌា វ័យ ២៣ ឆ្នាំ ដែលអ្នកទាំងពីរមានអាសយដ្ឋាននៅភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី និងមកដល់កម្ពុជាកាលពីថ្ងៃទី ៣ ខែកុម្ភៈ។ ខណៈស្ត្រីជនជាតិចិន វ័យ ២៦ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា ជាអ្នកដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េ ខាងត្បូងមកដល់កម្ពុជានាថ្ងៃទី ០៧ ខែកុម្ភៈ ។

ក្រសួងសុខាភិបាលបានបន្តថា «ដោយសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ ហាក់ភ្លេចខ្លួនអំពីហានិភ័យដ៏ធំធេងនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសក្នុងបរិបទនៃការបំប្លែងខ្លួនជាបន្តបន្ទាប់របស់វីរុសដ៏កាចសាហាវនេះ ដោយមានការជួបជុំគ្នាច្រើនកុះករនៅក្នុងពិធីជប់លៀង ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យទានផ្សេងៗ និងការធ្វើដំណើរកំសាន្តទីកាន់ស្រុកកំណើត ឬទីរមណីយដ្ឋាននានា ដោយមិនបានអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញជារឿយឡើយ» ៕
ចែករំលែកព័តមាននេះ