វ៉ាក់សំាងត្រូវគេឲ្យតម្លៃថាជាឱសថទិព្វ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចគ្រប់វិស័យរស់ឡើងវិញ ក្រោយពីបានសន្លប់ធំដោយសារកូវីដ១៩នោះ។ វិស័យទេសចរណ៍ ការវិនិយោគពីបរទេស កសិកម្ម អចលនទ្រព្យ សុទ្ធសឹងសង្ឃឹមថានឹងមានលក្ខណៈប្រសើរនៅក្នុងឆ្នាំ២០២១នេះ ដោយសារមានវ៉ាក់សំាងការពារកូវីដ១៩។ អ្នកជំនួញនិងមន្រ្តីសុទ្ធតែបានបង្ហាញក្តីសង្ឃឹមចំពោះកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១នេះ។ ក្តីសង្ឃឹមដូច្នេះមិននិយាយចំពោះតែកម្ពុជានោះទេ នោះជាក្តីសង្ឃឹមរបស់ពិភពលោកផងដែរ។

ផ្សារហ៊ុនកម្ពុជាក៍ដូច្នេះ ក៍អាចទាក់ទងនឹងវ៉ាក់សំាងនេះដែរ។ ប៉ុន្តែនៅពេលកម្ពុជាទើបទទួលបានវ៉ាក់សំាងភ្លាមៗពីប្រទេសចិននោះ ពុំទាន់មានការប្រែប្រូលជាវិជ្ជមានណាមួយដល់សេដ្ឋកិច្ចនៅឡើយទេ។ និយាយពីផ្សារហ៊ុនវិញ ក្នុងចំណោមភាគហ៊ុនជួញដូរទាំងប្រាំពីរ មានតែភាគហ៊ុនPPAP តែមួយគត់ដែលមានការកើនឡើង និងបិទការជួញដូរក្នុងថ្ងៃទី៨កុម្ភៈ ហ៊ុន PPAP មានតម្លៃ១១.៧០០រៀល។

ចំណែកភាគហ៊ុន PPSP និងABC ជាថ្មីម្តងទៀត បានរក្សាថ្លៃថេរដដែលត្រឹម ១.៥១០រៀល និង១៧.០០០រៀល។ ក្រៅពីនេះ ភាគហ៊ុនPWSA GTI PAS និងPEPC បានធ្លាក់ចុះចន្លោះពី ២០រៀល ទៅ៨០រៀល មកត្រឹម៦.០៦០រៀល ៣.២៨០រៀល ១៣.៧០០រៀល និង២.៩៥០រៀល តែប៉ុណ្ណោះ។ ការធ្លាក់ចុះរបស់ភាគហ៊ុនទាំងបួននេះបានបណ្តាលឱ្យសន្ទស្សន៍ផ្សារកម្ពុជាធ្លាក់០,១៣% មកត្រឹម៦៤៤,០៩ពិន្ទុ។
ទំហំជួញដូរភាគហ៊ុនសរុបបានបង្ហាញនូវការងើបឡើងមកវិញរហូតដល់ ២៥៨,៤៨លានរៀល នាថ្ងៃនេះ ពោលគឺមានកំណើនប្រមាណ ៣៩% ធៀបនឹងថ្ងៃសុក្រមុន។ យើងចំាមើលទំាងអស់គ្នាថាផ្សារហ៊ុនកម្ពុជានៅថ្ងៃទី៩កុម្ភៈ មុនមួយថ្ងៃដែលវ៉ាក់សំាងនឹងត្រូវចាក់ជូនពលរដ្ឋនៅថ្ងៃទី១០កុម្ភៈស្អែកនេះ ហ៊ុនអាចនឹងឡើងថ្លៃឬយ៉ាងណា៕
ចែករំលែកព័តមាននេះ