ខេត្តមណ្ឌលគិរី ៖ ក្រុមឈ្មួញឈើបានសំរុកដឹកជញ្ជូនឈើខុសច្បាប់ចេញពីដែនជម្រកការពារសត្វព្រៃកែវសីមារាប់សិបគ្រឿងក្នុងមួយយប់ៗយកទៅលក់នៅព្រំដែនកម្ពុជា-វៀតណាម ខណៈពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ខាតឱ្យបិទគ្រប់ច្រករបៀង និងច្រកព្រំដែនសំខាន់ៗ ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ covid 19 ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមរថយន្តកែច្នៃ និងរថយន្តសាំយ៉ុង និងម៉ូតូកែច្នៃ បានធ្វើសកម្មភាពដឹកឈើគ្រប់ប្រភេទចេញពីស្រុកអូររាំង និងស្រុកកែវសីមា ដែលស្ថិតនៅក្នុងដែនជម្រកការពារសត្វព្រៃកែវសីមា យកទៅលក់ឱ្យថៅកែដ៏ធំម្នាក់នៅព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដែលត្រូវគេស្គាល់ឈ្មោះថា តាវី ជាឈ្មួញថ្លើមពាសមេឃ ។

ថៅកែធំទិញឈើនេះ បានសហការជាមួយដៃជើងរបស់ខ្លួន និងមានការសម្របសម្រួលពីសមត្ថកិច្ចនៅតាមមូលដ្ឋានក្នុងការដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះចេញទៅតាមច្រករបៀងជាច្រើននៅក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ ដែលនេះជាការបំពានទៅលើបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ទាល់តែត្រូវគ្នាធំណាស់ ទើបដឹកបាន។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងមួយយប់យ៉ាងហោចណាស់មានឈើគ្រប់ប្រភេទប្រមាណពី 30 ទៅ 50 ម៉ែត្រគីប ត្រូវបានក្រុមឈ្មួញធ្វើការដឹកជញ្ជូនចូលឃ្លាំងមួយកន្លែងនៅជិតព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដែលមេឈ្មួញឈ្មោះ វី បានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរនៅទីនោះ ដើម្បីឆ្លងដែនទៅវៀតណាមបានយ៉ាងរលូន។

សេចក្តីរាយការណ៍បានបន្តថា ក្រុមឈ្មួញបានប្រើប្រាស់រថយន្ដស្ទើរគ្រប់ប្រភេទដឹកជញ្ជូនឈើចេញពីព្រៃដែនជម្រកដោយឆ្លងកាត់មុខស្នាក់ការដែនជម្រកការពារសត្វព្រៃកែវសីមា យ៉ាងរលូន ដោយពួកគេបានរត់ការសមត្ថកិច្ចជាមុន ហើយឈ្មួញដែលកំពុងតែមានឈ្មោះល្បីជាងគេនោះ គឺឈ្មោះ តាវី ដឹកឈើចេញពីស្រុកអូររាំង ដោយយកឈ្មោះអ្នកមានអំណាចក្នុងខេត្តបាំងមុខបន្លាចសមត្ថកិច្ច។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2021 នេះ ក្បួនរថយន្តដឹកឈើប្រមាណ 22 គ្រឿង បានសំរុកដឹកជញ្ជូនឈើចូលឃ្លាំងថៅកែឈ្មោះ តាវី ប៉ុន្តែសមត្ថកិច្ចមិនអាចបង្ក្រាប ទីតាំងស្តុកឈើនោះបានទាន់ពេលទេ ដោយក្រុមឈ្មួញបានធ្វើការចល័តកំណាត់ឈើហ៊ុបទាំងនោះទៅប្រទេសវៀតណាមដោយសុវត្ថិភាពទៅហោង ព្រោះមានខ្នងតាស្រមូមអាមេរិក។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។







ចែករំលែកព័តមាននេះ