ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្សព្វផ្សាយ​ទម្រង់​គំរូ នឹង​ធ្វើ​ប្រសើរ​ឡើង​ទាំង​​គុណភាព និង​ប្រសិទ្ធភាព​​​សំរាប់​ពល​រដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងយុត្តិធម៌ ប្រកាស​បើក​សិក្ខា​សាលា​ជុំ​ទី ៥ ស្តី​អំពី “​ទម្រង់​គំរូ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងយុត្តិធម៌ ប្រកាស​បើក​សិក្ខា​សាលា​ជុំ​ទី ៥ ស្តី​អំពី “​ទម្រង់​គំរូ និង​ការ​ដាក់​បង្ហាញ​សាលក្រម​/​សាលដីកា​”​។

សិក្ខាសាលា​ជុំ​ទី ៥ ស្តី​អំពី “​ទម្រង់​គំរូ និង​ការ​ដាក់​បង្ហាញ​សាលក្រម​/​សាលដីកា​” ដែល​បាន​រៀប​ចំ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង “​អភិវឌ្ឍ​វិស័យ​ច្បាប់ និង​យុត្តិធម៌​” ដំណាក់កាល​ទី ៥ ក្នុង​គោល​បំណង ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ទម្រង់​គំរូ និង​ដាក់​បង្ហាញ​សាលក្រម​/​សាលដីកា ក៏​ដូច​ជា​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ចៅក្រម និង​មន្ត្រី​អនុវត្ត​ច្បាប់​លើ​បទ​ប្បញ្ញត្តិ​នៃ​ក្រមរដ្ឋប្បវេណី និង​ក្រម​នីតិ​វិធី​រដ្ឋប្បវេណី ដោយ​ផ្តោត​ជា​សំខាន់​លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង ៖

ទី​១-​បញ្ញត្តិ​ទាក់ទង​ទៅ​នឹង​ការ​បែងចែក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​រឿង​ក្តី​លែងលះ
ទី​២-​ចំណុច​សំខាន់​ៗ​នៃ​បទ​ប្បញ្ញត្តិ​នៃ​ក្រម​នីតិវិធី​រដ្ឋប្បវេណី និង
​ទី​៣-​ទម្រង់​គំរូ​នៃ​រឿង​ក្តី​លែងលះ​។

ការ​ផ្សព្វផ្សាយ​ទម្រង់​គំរូ និង​ការ​ដាក់​បង្ហាញ​សាលក្រម​/​សាលដីកា​នេះ​ផង​ដែរ គឺជា​ជំហាន​វិ​វត្ត​ថ្មី​មួយ​​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជា​ពល​រដ្ឋ និង​ក្នុង​គោលបំណង​សំខាន់​ៗ​ចំនួន ៤ គឺ​៖

ទី​១-​ធានា​នូវ​ឯកភាព និង​សង្គតិភាព​នៃ​ឯកសារ​នានា​ដែល​ត្រូវ​ប្រើប្រាស់​ជា​ស្តង់ដា​​រួម​លើ​ទម្រង់​នៃ​សេចក្តីសម្រេច។

ទី​២-​បង្កើន​ការ​យកចិត្តទុកដាក់​របស់​ចៅក្រម​ក្នុង​ការ​រៀបចំ​តាក់តែង​សេចក្តីសម្រេច​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ប្រកបដោយ​គុណភាព។
ទី​៣-​ជា​មូលដ្ឋាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ សម្រាប់​ជា​ប្រយោជន៍​ដល់​ចៅក្រម មន្ត្រី​អនុវត្ត​ច្បាប់ អ្នក​សិក្សា​ច្បាប់ និង​ប្រជាពលរដ្ឋ​ទូទៅ និង
ទី​៤-​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទូទៅ​សម្រាប់​ប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ដូច​ជា​ទម្រង់​គំរូ​នៃ​ពាក្យបណ្តឹង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក​សិក្ខាសាលា​ជុំ​ទី ៥​។ សាលា​ជុំ​ទី ៥ ស្តី​ពី “​ទម្រង់​គំរូ និង​ការ​ដាក់​បង្ហាញ​សាលក្រម​/​សាលដីកា​” ក្រោម​កិច្ចសហការ​រវាង ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន (JICA) និង​ក្រសួងយុត្តិធម៌​។

សិក្ខាសាលា​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៥ ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ ដោយ​មានការ​ចូលរួម​ពី​ជំនាញការ JICA ប្រចាំ​ក្រសួងយុត្តិធម៌ និង​មាន​សិក្ខាកាម​ជា​ចៅក្រម​នៃ​តុលាការ​កំពូល សាលា​ឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​-​ខេត្ត និង​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ផ្សេង​ទៀត​៕ ដោយ ស្រី គំនិត

អត្ថបទសរសេរ ដោយ