ខេត្តកំពង់ស្ពឺ ៖ បែកធ្លាយឈ្មួញអ្នកមានលុយ និងមានអំណាច យកលុយសុទ្ធចំនួន២ម៉ឺនដុល្លារអាមេរិក កក់ឲ្យជនខិលខូច លើដីចំនួន០២កន្លែងផ្សេងគ្នា យកលុយចែកគ្នាយ៉ាងរំភើយ មិនខ្លាចញញើតច្បាប់ សូម្បីតែបន្តិចសោះ។
គួរបញ្ជាក់ថា ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹក្យ ត្រូវបានក្រុមជនខិលខូចលួចឃុបឃិតគ្នាជាប្រព័ន្ធ កាប់រុករានទន្ទ្រានយកលក់ រួចយកលុយចែកគ្នារាប់ម៉ឺនដុល្លារអាមេរិក នៅម្តុំបឹងខ្លុង ជាប់នឹងចំណុចអូរត្រាវ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទាំងអាជ្ញាធរឃុំ អ្នកគួកជេរដី និងម្ចាស់សិប្បកម្មមួយរូប លក់យកលុយយ៉ាងរំភើយមិនញញើតច្បាប់ទាល់តែសោះ។

តាមការបង្ហើបពីប្រជាពលរដ្ឋម្នាក់ក្នុងការមិនហ៊ានបញ្ចេញឈ្មោះថា ទីតាំងដែលក្រុមជនខិលខូចលួចឃុបឃិតគ្នាកាប់ឆ្ការព្រៃ ទន្ទ្រានយកដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យនេះ ស្ថិតនៅចំណុចខាងកើតអូរត្រាវ ជាប់ចំការតាលឹម ចំនួន២០ហិកតា ដែលស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាប់នឹងបឹងខ្លុង អូរត្រាវ ឃុំត្រពាំងជោរ។
ការកាប់ព្រៃឈើរុករានទន្ទ្រានយកដីនេះ ក្រុមជនខិលខូចបានជួលប្រជាពលរដ្ឋស៊ីឈ្នួលរយៈពេលជាង៣ខែមកហើយ។ ដែលគេស្គាល់មានឈ្មោះ គឹម យិន សមាជិកក្រុមប្រឹក្សាឃុំត្រពាំងជោ ឈ្មោះ ធី ជាអ្នកគួកជេរដីល្បីឈ្មោះប្រចាំស្ពានដែក និងម្នាក់ទៀតឈ្មោះធួន ជាម្ចាស់សិប្បកម្មជាប់រង្វង់មូលស្ពានដែក ជាមេខ្លោងក្នុងការដឹកនាំ ក្នុងនោះនៅមានអ្នកមានអំណាច និងលុយមួយរូបនៅភ្នំពេញ ដែលជាអ្នកនៅពីក្រោយរឿងនេះ។

ប្រភពដដែលបន្តថា ដីព្រៃរបស់រដ្ឋរងការបំផ្លិចបំផ្លាញពីសំណាក់ជនខិលខូចនោះ មានទំហំប្រមាណ៤០ហិកតា នៅ០២កន្លែងផ្សេងគ្នា ជាប់នឹងដីរបស់ក្រុមហ៊ុនចំការដំឡូង(HLH) បានលក់ទៅអោយអ្នកមានលុយ មានអំណាចនៅឯរាជធានីភ្នំពេញ។ ទង្វើរបស់ក្រុមជនខិលខូចទាំងអស់នេះ គឺជាទង្វើបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាដីរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ ហើយអាជ្ញាធរមូលដ្ឋាន ស្រុក-ខេត្ត និងជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហាក់បីដូចជាមិនអើពើ ឬទប់ស្កាត់ទាល់តែសោះ។
ជាពិសេសលោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តាំងពីឡើងជាស្តីទីមក មិនដែលបង្ក្រាបបទល្មើស ឬទប់ស្កាត់ការរុករានទន្ទ្រានយកដីព្រៃបាន១ករណីឡើយ ឬមួយលោកមានការពាក់ព័ន្ធដែរ? ទើបគ្មានការទប់ស្កាត់សោះ ពីព្រោះថា ដីដែលក្រុមជនខិលខូចរុករានទន្ទ្រានយកលក់នោះ នៅជិតជាមួយនឹងស្នាក់ការរង ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ អូរត្រាវដែរ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខ្លាចបាត់បង់ដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យផងនោះ ហើយមានជនខិលខូចទៅទន្ទ្រានយកលក់ចែកលុយគ្នានោះ លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បាននិយាយឲ្យដឹងតាមទូរស័ព្ទថា រាល់ដីព្រៃរបស់រដ្ឋគ្មានអ្នកណាម្នាក់មានសិទ្ធិកាប់រានយកធ្វើជាកម្មសិទ្ធិឡើយ។ ហើយអ្នកណាក៏ដោយ ឲ្យតែធ្វើខុសច្បាប់ គឺមានទោស។ បន្ទាប់ពីទទួលបានព័ត៌មាននេះពីអ្នកសារព័ត៌មាន លោកនឹងចាត់ឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យដល់ទីកន្លែងតែម្តង លោកទើបឡើងកាន់តំណែងថ្មី មិនទាន់គ្រប់គ្រងបាននោះទេ។ មិនប្រាកដថាប្រជាពលរដ្ឋជាអ្នកខុស ហើយក៏មិនប្រាកដថា មន្ត្រីគ្មានអ្នកខិលខូចនោះដែរ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព។

ចែករំលែកព័តមាននេះ