ត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការក្តៅ ដោយតម្រូវឲ្យខេត្ត ដែលជាប់ព្រំដែនជាមួយនឹងប្រទេសវៀតណាម ត្រូវតែមានវិធានការតឹងរឹង ដើម្បីទប់ស្កាត់ជំងឺ Covid។ ជាក់ស្ដែង lok ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងសហការីជាច្រើននាក់ បានចំណាយពេលពេញមួយ នៅថ្ងៃទី០៦កុម្ភ: ឆ្នាំ២០២១ ចុះត្រួតពិនិត្យ តាមក្រវ៉ាត់ព្រំដែន ដោយឲ្យមន្ត្រីតាមច្រកនីមួយៗ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណា រួមគ្នាទប់ស្កាត់កុំឲ្យជំងឺ Covid ឆ្លងចូលក្នុងសហគមន៍។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា កម្លាំងសុខាភិបាលខេត្ត រួមនឹងបណ្ដាស្រុកមួយចំនួន ដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសវៀតណាម គឺរឹតតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid ក្នុងនោះ សម្រាប់កន្លែងធ្វើចត្តាឡីស័ក មាននៅតាមមណ្ឌលសុខភាព រួមនឹងមន្ទីរពេទ្យសរុបចំនួន ១៣ កន្លែង។ តែបើនៅកន្លែងធំ តំបន់រដ្ឋបាលខេត្ត គឺអាចដាក់អ្នកដែលធ្វើចត្តាឡីស័ក បានរហូតដល់លើស ៥០០នាក់ សម្រាប់ត្រៀមបម្រុងទុក។
លោកប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបន្តថា បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោសែន បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ រួមជាមួយអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលស្ថានភាព ក៏ដូចជាទីតាំងចត្តាឡីស័ក តាមបន្ទាត់ព្រំដែន នៅតាមច្រកទ្វារចំនួន ០៥ទីតាំង រួមមាន តំបន់X16 ច្រកទន្លូង ច្រកទន្លេចាម ច្រកជាំក្រវៀន ច្រកទ្វារទ្វេភាគីដារ ក្នុងស្រុកមេមត់ និងច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈនៅខាងប្រទេសវៀតណាម កំពុងតែផ្ទុះឡើងនូវជំងឺកូវីដ-១៩ ដោយឆ្លងចូលក្នុងសហគមន៍។ ដោយថ្នាក់ដឹកនាំខេត្តបានចំណាយពេលពេញមួយថ្ងៃទី៦កុម្ភ: ដើម្បីពង្រឹងការងារតាមខ្សែក្រវ៉ាត់ព្រំដែន ហើយរហូតមកដល់ព្រឹកថ្ងៃទី ៧កុម្ភៈ នៅតាមបណ្ដាច្រកសំខាន់ៗទាំងអស់ មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ ខ្មែរ ឬវៀតណាម តម្រូវឲ្យធ្វើចត្តាឡីស័កនៅឡើយទេ។ ដោយសារតែមានការផ្សព្វផ្សាយទីសំណាក់អាជ្ញាធរដែនដី រួមនិងស្ថាប័នជំនាញសុខាភិបាល បានធ្វើឱ្យប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែន មានការយល់ដឹង ក្នុងវិធានការទប់ស្កាត់ជំងឺ Covid ។
មានប្រសាសន៍នៅតាមច្រកនីមួយៗ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ដ បានគូសបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព នៃការរីករាលដាលចូលក្នុងសហគមន៍នៃជំងឺកូវីដ១៩ មន្ត្រីប្រចាំការ នៅតាមច្រកទ្វារទាំងអស់ ត្រូវក្តាប់ឲ្យជាប់ និងតាមដានរាល់សកម្មភាពនៃការឆ្លងដែនរបស់ប្រជាពលរដ្ឋ ពិសេសការឆ្លងដែនខុសច្បាប់ ហើយប្រសិនបើមានមែន មន្ត្រីសុខាភិបាល ត្រូវត្រួតពិនិត្យធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដោយឡែក អ្នកបើកបរដឹកទំនិញចេញចូលត្រូវគោរពតាមវិធានការពាររបស់ក្រសួងសុខាភិបាល ព្រមទាំងបាញ់អាល់កុលសម្លាប់មេរោគលើរថយន្តទំនិញឲ្យបានម៉ត់ចត់បំផុត។
ឆ្លៀតក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានណែនាំ ២ចំនុច ដល់គោលដៅសំខាន់ រួមមាន គឺ១. មន្ទីរសុខាភិបាលខេត្ត កងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រៀមឲ្យរួចជាស្រេចនូវមធ្យោបាយ សម្ភារៈ សម្រាប់បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កើតឡើងជាយថាហេតុ និង២. អភិបាលស្រុក ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ត្រូវរកទីតាំង សម្រាប់ធ្វើកន្លែងចត្តាឡីស័ក ១៤ថ្ងៃ សម្រាប់ប្រជាពលរដ្ឋ ដែលឆ្លងដែនចូលមកខេត្តត្បូងឃ្មុំ និងកងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងតាមបណ្តាព្រំដែន ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើបញ្ហាពលរដ្ឋ ដែលលួចឆ្លងដែនដោយខុសច្បាប់ ធ្វើយ៉ាងណា ត្រូវធ្វើការទប់ស្កាត់ឲ្យខានតែបាន ពិសេសត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ ចាន់ ថេត






ចែករំលែកព័តមាននេះ