ខេត្តប៉ៃលិន ៖ គេសង្កេតឃើញពលករចំនួន៦នាក់ ក្នុងនោះស្រី៤នាក់ ប្រុស២នាក់ បាននាំគ្នាជិះរថយន្តមកពីខេត្តកំពត ដោយចតឈប់នៅក្បែរច្រកទ្វារអន្តរជាតិព្រំដែន មានទាំងបង្វិចខោអាវការ៉ុងអីវ៉ាន់ បម្រុងនាំគ្នាលួចឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ ខណ:មេខ្យល់មិនស្គាល់អត្តសញ្ញាណនាំមកដាក់ចោល ដោយបង់ប្រាក់ឱ្យទៅមេខ្យល់ក្នុងម្នាក់ៗចំនួន២០០០បាត ។ នេះជាការប្រថុយប្រថាន ចំពោះអាយុជីវិតខ្លាំង ព្រោះបើដើរឆ្លងដែននៅពេលយប់ ហើយត្រូវគេវាយធ្វើបាប បណ្តាលឱ្យរងគ្រោះដល់អាយុជីវិត នោះពិតជាមានវិបដិសារីមិនខាន ។
ហេតុការណ៍ប្រទះឃើញពលករបម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្បែរច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ៖ មានប្រជាពលករទាំង៦នាក់ (ប្រុស២នាក់ ស្រី៤នាក់) ដែលបានចាញ់បោកមេខ្យល់ ដោយមានស្រុកកំណើត រស់នៅស្រុកឈូក ខេត្តកំពត ហើយម្នាក់ៗ ត្រូវបង់ប្រាក់ឱ្យគេចំនួន២០០០បាត ជាង២០ម៉ឺនរៀល ។
តាមប្រភពបន្តទៀតថា មុនពេលធ្វើដំណើរចូលមកក្នុងខេត្តប៉ៃលិន មានមេខ្យល់ម្នាក់ បានប្រាប់ពួកគេថា នឹងធានានាំទៅធ្វើការងារនៅចម្ការដើមតាង៉ែន ហៅមៀនប៉ៃលិន នៅក្នុងប្រទេសថៃ ហើយបានប្រាក់ខែខ្ពស់ ។ តែមិនដឹងជានៅទីតាំងណាឱ្យពិតប្រាកដនោះឡើយ ព្រោះពួកគេក៏អត់ស្គាល់ទឹកដីខេត្តប៉ៃលិន ឬទឹកដីប្រទេសថៃដែរ នេះជាលើក ទី១ ។ លុះពេលមកដល់ច្រកទ្វារព្រំដែន ស្រាប់តែមេខ្យល់ទាំងនោះ បានគេចខ្លួនអស់រលីង មិនដឹងជាទៅណានោះទេ ។ ចំណែកឯពួកគេ កំពុងតែដើររកម៉ូតូឌុបជិះទៅរកកន្លែងស្នាក់នៅបណ្តោះអាសន្ន រហូតដល់ព្រឹក ទើបនាំគ្នាត្រឡប់ទៅផ្ទះឯស្រុកកំណើតវិញ ។
តាមប្រភពដដែលបានឱ្យដឹងទៀតថា ការដែលមេខ្យល់យកប្រាក់អស់ទាំង៦នាក់នេះ ដោយបម្រុងបញ្ជូនឆ្លងដែនតាមច្រករបៀងព្រំដែនកម្ពុជាថៃ ខេត្តប៉ៃលិន ឱ្យទៅធ្វើការនៅប្រទេសថៃនេះ គឺពួកគេពិតជាឆ្លងដែនទាំងប្រថុយប្រថានខ្លាំងណាស់ ព្រោះគ្មានលិខិតឆ្លងដែនត្រឹមត្រូវ គឺឆ្លងដែនលួចលាក់ទៅស៊ីឈ្នួលនៅប្រទេសគេតែម្តង ។
ទោះបីជាយ៉ាងណា ក្រោយមកក៏នាំគ្នាគេចខ្លួនអស់ ដោយប្រាប់ថា ពួកគេមិនឆ្លងដែនទៅប្រទេសថៃនោះឡើយ ព្រោះខ្លាចក្រែងគេចាប់បានបញ្ជូនមក ខ្មែរវិញ អាចឱ្យធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ ។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានបង្ហើបឱ្យដឹងថា ពួកគេពិតជាមានការព្រួយបារម្ភចំពោះសុវត្ថិភាពពលករទាំងនោះ ខណ:ឃើញប្រជាពលរដ្ឋខ្មែរ ចង់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ខណ:ដែលប្រទេសគេ កំពុងតែផ្ទុះការឆ្លងជម្ងឺកូវីដ១៩ ហើយពលករ ដែលឆ្លងចូលមកពីប្រទេសថៃ ចូលក្នុងទឹកដីខេត្តប៉ៃលិន ក៏ត្រូវធ្វើចត្តាឡីស័ក ដើម្បីស្វែងរកមេរោគកូវីដ១៩នេះផងដែរ ៕


ចែករំលែកព័តមាននេះ