ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលទៅ​សប្បាយ​ណ​ស់​! អ្នកស្រុក​អង្គរ​នៅ​តែ​បន្ត​ទំនៀម​ខ្ជាប់ខ្ជួន​ចាប់​ត្រី​រួម​គ្នា​ត្រៀម​ឡើង​មាឃ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ប្រមូលផ្តុំ​ទៅ​ដោយ​បេតិកភណ្ឌ​រស់​ដែល​សម្បូរ​ទាំង​មរតក​អរូបី និង​រូបី​ជា​ច្រើន ហើយ​ត្រូវ​បាន​អ្នកស្រុក​អង្គរ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូត​មក​ដល់​បច្ចុប្បន្ន​ចាប់​ត្រី​រួម​គ្នា​ត្រៀម ដើម្បី​ឡើង​ខែមាឃ ។ ជា​រៀង​រាល់​ឆ្នាំ ច្រើន​ជំនាន់​មនុស្ស​មក​ហើយ ឱ្យ​តែ​ដល់​ខែមាឃ…

ខេត្តសៀមរាប ៖ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ប្រមូលផ្តុំ​ទៅ​ដោយ​បេតិកភណ្ឌ​រស់​ដែល​សម្បូរ​ទាំង​មរតក​អរូបី និង​រូបី​ជា​ច្រើន ហើយ​ត្រូវ​បាន​អ្នកស្រុក​អង្គរ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូត​មក​ដល់​បច្ចុប្បន្ន​ចាប់​ត្រី​រួម​គ្នា​ត្រៀម ដើម្បី​ឡើង​ខែមាឃ ។

ជា​រៀង​រាល់​ឆ្នាំ ច្រើន​ជំនាន់​មនុស្ស​មក​ហើយ ឱ្យ​តែ​ដល់​ខែមាឃ អ្នកស្រុក​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទ បាគង​នៃ​ខេត្តសៀមរាប មិន​ដែល​ខកខាន​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួម​ជា​លក្ខណៈ​សហគមន៍ ដើម្បី​ត្រៀម​រៀបចំ​ពិធី​ឡើង​មាឃ​តាម​ទំនៀមទម្លាប់​ពី​បុរាណ​នោះ​ឡើយ ។

ការ​ចាប់​ត្រី​រួម​គ្នា ធ្វើ​ឡើង​នៅ​ត្រពាំង​បឹង​ដែល​ជា​ត្រពាំង​បុរាណ​មានទឹក​ខួប​ប្រាំង ខួប​វស្សា អ្នកស្រុក​បាន​អភិរក្ស​ទុក ការពារ​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ចូល​មក​នេសាទ​ផ្តេសផ្តាស់​ខុស​ពី​ខែមាឃ​នេះ​ឡើយ ។ លុះត្រាតែ​មានការ​សម្រេច​គ្នា​ពី​គណៈកម្មការ​រៀបចំ​បុណ្យ​ជា​មុន ហើយ​កំណត់​ថ្ងៃ​នេសាទ​រួម ទើប​អ្នក​ភូមិ​អាច​ទៅ​រក​ចាប់​បាន ។ ប៉ុន្តែ​ត្រូវ​តែ​ប្រើ​ឧបករណ៍​នេសាទ​បុរាណ រួម​មាន​សំណាញ់ អង្រុត ឈ្នាង ជាដើម ។

លោក ពេជ្រ ឃិ​ន មេ​ភូមិ​ភូមិ​បង្កោង នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ​នេះ​បាន​មាន ប្រសាសន៍​ថា ត្រី​ដែល​ចាប់​បាន​នោះ មួយ​ផ្នែក​សម្រាប់​ធ្វើ​ម្ហូប​លក្ខណៈ​គ្រួសារ​រៀង​ៗ​ខ្លួន មួយ​ផ្នែក​ទៀត​សម្រាប់​ធ្វើ​ទឹក​នំ​បញ្ចុក និង​ធ្វើ​ម្ហូបអាហារ​រួម សម្រាប់​ពិធី​ឡើង​ខែមាឃ ឬ​បុណ្យ​ឡើងអ្នកតា​តាម​ទំនៀម​បុរាណ ។ លោក​មេ​ភូមិ​ឱ្យ​យ​ដឹង​ទៀត​ថា ឆ្នាំ​នេះ​សម្បូរ​ត្រី ។ ប៉ុន្តែ​ដោយសារ​ឆ្នាំ​នេះ មាន​ភ្លៀង​ធ្លាក់​ចុងឆ្នាំ​ច្រើន​ទឹក​បឹង​មិនសូវ​ស្រក ការ​ចាប់​ត្រី​ក៏​បាន​តិច ។ ហេតុ​ដូច្នេះ បានជា​ត្រូវ​ពន្យារ​ការ​ចាប់​ត្រី​ពី​ថ្ងៃ​៣​កើត ខែមាឃ ដែល​ធ្លាប់​ធ្វើ​រាល់​ឆ្នាំ មក​ថ្ងៃ​៩ រោច ខែមាឃ​វិញ ។ ទោះបី​ពិធី​នេះ​មិន​បាន​ប្រារព្ធ​ក្នុង​ថ្ងៃ​ណាមួយ​ច្បាស់ លាស់ តែ​មិន​ឱ្យ​ហួស​ពី​ខែមាឃ​នេះ​ឡើយ ។

ប្រជាជន​ក្នុង​ភូមិប​ង្គោ​ង យុវជន​ឈ្មោះ យឿ​ន តារា ដែល​ក្រោក​មក​ចាំ​ចាប់​ត្រី​តាំងពី​ព្រលឹម​ស្រាង​ៗ បាន​សម្តែង​ចិត្ត​សប្បាយ​រីករាយ​ដែល​បាន​មក​ចាប់​ត្រី​រួម​គ្នា និង​បង្ហាញ​ការ​សាមគ្គី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ពិសេស​រក្សា​បាន​នូវ​ទំនៀមទម្លាប់​ដែល​មាន​តាំងពី​យូរលង់​មក​ហើយ ។

ក្នុង​នាម​ជា​យុវជន រូបគេ​ចង់ឱ្យ​ទំនៀម​នេះ នៅ​តែ​បន្ត​សម្រាប់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ស្គាល់​រហូត​តទៅ ។ ជាមួយ​គ្នា​នោះ មន្ត្រី​អាជ្ញាធរ​អប្សរា ក៏​បាន​លើក​ឡើង​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ឡើង​មាឃ​ឬ​ឡើងអ្នកតា​នេះ ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​អរូបី ។

ក្រៅពី​បង្ហាញ​ឱ្យ​ឃើញ​តម្លៃ​វប្បធម៌​ការ​ថែរក្សា​មរតក​វប្បធម៌ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​សាមគ្គីភាព​និង​ភាព​រស់​រវើក​នៅ​តាម​សហគមន៍ និង​ដើម្បី​អបអរ​ដល់​ទិន្នផល​ទទួល​បាន ក្រោយ​ពី​បាន​ប្រមូល​ផល​ស្រូវ​រួចរាល់​ហើយ​។ ចំពោះ​ពិធី​នេះ ក៏​មានការ​ប្រារព្ធ​ប្រហាក់ប្រហែល​គ្នា​នៅ​តាម​ស្រុក និង​ខេត្ត​មួយ​ចំនួន​ទៀត​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ