ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុងពេលកូវីដ គ្រឿងញៀ.ន នៅ​កន្លែងផលិត ចុះថោក ៣ ទៅ ៤ដង តែឡើងថ្លៃ នៅទីផ្សារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ ​លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ​ ទទួលផែនប្រឆាំងគ្រឿងញៀន បានជួបពិភាក្សាជាមួយលោក អែនថូនី មឹកក្វាយ (Anthony…

រាជធានីភ្នំពេញ​៖ ​លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ​ ទទួលផែនប្រឆាំងគ្រឿងញៀន បានជួបពិភាក្សាជាមួយលោក អែនថូនី មឹកក្វាយ (Anthony Maguire) នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី (AFP) អមស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងសហការី។

កិច្ចប្រជុំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ តំណាងប៉ូលិសកម្ពុជា និងអូស្ត្រាលី បានពិភាក្សា លើ ៤ចំណុចសំខាន់ៗ រួមមាន៖

១- ភាគីទាំងពីរ បានវាយតម្លៃខ្ពស់អំពីវឌ្ឍនាការ នៃសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី កន្លងមក ជាពិសេស ក្នុងគំរោង Strike Force Dragon​។ លេចធ្លោកិច្ច​សហការផ្លាស់ប្ដូរព័ត៌មាន ​ករណី​រកឃើញ និងបង្ក្រាប ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន តាមលំហរសមុទ្រ ៣ករណីធំៗ ដែលមានឧក្រិដ្ឋជន ចំនួន ៣ក្រុម ដកហូតគ្រឿងញៀនជិត២តោន។

២-ពិភាក្សា ឯកភាព ក្នុងការសន្និដ្ឋានវាយតម្លៃពីមូលហេតុ ” បង្ក្រាបបានកាន់តែច្រើន ប៉ុន្តែបទល្មើសគ្រឿងញៀន កាន់តែកើនឡើង​”។ នេះក៏ដោយសារតែកំណើននៃការ​ផលិត​ដាំដុះក្នុងពិភពលោក និងតំបន់​។

តំណាងប៉ូលិសកម្ពុជា និងអូស្ត្រាលី ក៏ឯកភាពគ្នាថា ករណីគ្រឿងញៀន​កាន់តែច្រើននេះ ដោយសារតែ​កំណើននៃតម្រូវការ និងទីផ្សារ។

​ក្នុងដំណាក់កាលរីករាលដាលនៃជម្ងឺកូវីដ១៩ នាពេលនេះ តំណាងប៉ូលិសកម្ពុជា និងអូស្ត្រាលី ក៏បានលើកឡើងថា បណ្ដាព្រំដែន ត្រូវបានរឹតបន្តឹង និងបិទ បង្ក​ការរាំងស្ទះដល់ការចរាចរណ៍​គ្រឿងញៀន ដែលឧក្រិដ្ឋជន ​បានបង្កើនការផលិត​។ ក្នុងនោះ នៅកន្លែងផលិតតម្លៃគ្រឿងញៀន ចុះថោក ៣ ទៅ ៤ដង ប៉ុន្តែនៅចុងទី តម្លៃកាន់តែកើនឡើង (ឧទាហរណ៍ នៅតំបន់ត្រីកោណមាស ម៉េតំហ្វេតាមីន ១គីឡូក្រាម តម្លៃត្រឹម ៣០០០ ទៅ ៥០០០ ដុល្លារអាមេរិក ប៉ុន្តែនៅអូស្ត្រាលី តម្លៃដល់ទៅ ១០០.០០០ អាមេរិក​​។

តំណាងប៉ូលិសកម្ពុជា និងអូស្ត្រាលី ក៏បានលើកឡើងថា កិច្ចប្រតិបត្តិការ ភាគច្រើន បង្ក្រាប មិនដល់​ឬសគល់។​ ម្លោះហើយមេខ្លោង និងមុខសញ្ញាសេស​សល់ ឆ្លៀតបន្តសកម្មភាពល្មើស។ មូលហេតុខាងលើនេះ ធ្វើអោយក្រុមឧក្រិដ្ឋជនប្ដូរ​ឧបាយកល ក្នុងការចរាចរ ជួញដូរ និងរកច្រកនាំចេញ ដោយបរិមាណច្រើន។

តំណាងប៉ូលិសទាំងពីរប្រទេស ក៏បានលើកឡើងពី​យុទ្ធសាស្ត្រ សំរាប់ដោះ​ស្រាយបញ្ហានេះ គឺ “ស្រាវជ្រាវបង្ក្រាបអោយដល់ឬសគល់ និងស្រាវជ្រាវបង្ក្រាប​បទល្មើសសំអាតប្រាក់” អោយកាន់តែខ្លាំងក្លា ដើម្បីផ្ដាច់ខ្សែរយៈសកម្មភាព និងប្រភពហិរញ្ញវត្ថុ។

៣-ភាគីនគរបាលអូស្ត្រាលី បានលើកបទពិសោធន៍សហការជាមួយ​នគរបាលហូឡង់ ក្នុងការប្រមាញ់មេខ្លោងគ្រឿងញៀនជនជាតិចិន (តៃវ៉ាន់) ឈ្មោះ Tse Chi Lop នៃបណ្ដាញ ឧក្រឹដ្ឋ ”សាមហ្ករ” ដែលកន្លងមក នគរបាលកម្ពុជា ក៏បានចាប់បញ្ជូន​មេខ្លោងម្នាក់ បញ្ជូនទៅ មីយ៉ានម៉ា។

៤-ភាគីទាំងពីរ បានចាប់អារម្មណ៍ អំពីការបន្តប្រឆាំងនឹងជំងឺ​កូវីដ ក្នុងនោះ ភាគីកម្ពុជាក៏បាន​ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់​ជំនួយជាថវិកា ដើម្បីទីញវ៉ាក់សាំង ចំនួន ៣លានដូស​។

ភាគីទាំងពីរ បានឯកភាពគ្នា ខិតខំពង្រឹង ពង្រីកកិច្ចសហ ប្រតិបត្តិការអោយកាន់តែមាន​ប្រសិទ្ធភាពខ្ពថែមទៀត។ ក្នុងឱកាសនោះដែរ ដើម្បីជួយសំរួល និងជំរុញ​កិច្ចសហប្រតិបត្តិការ AFP បានផ្ដល់កុំព្យូទ័រ ឡេបថប ចំនួន ៥គ្រឿង ដល់នាយនគរបាល​កម្ពុជា​ទាំង ៥រូប៕ ដោយ៖ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ