ចំនួនស្រ្តីដែលបានប្រើប្រាស់ប្រាក់កម្ចីពីធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុបានធ្លាក់ចុះនៅពេលវិបត្តិកូវីដ១៩នេះ។ នេះបើតាមការឲ្យដឹងរបស់មន្រ្តីជាន់ខ្ពស់ធនាគារជាតិកម្ពុជា ហើយនៅក្នុងចំណោមស្រ្តី ដែលបានប្រើប្រាស់ប្រាក់ឥណទាន ភាគច្រើន ពួកគាត់រស់នៅរាជធានីភ្នំញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តសៀមរាបជាដើម។

ប្រភពបានបង្ហាញថានៅភ្នំពេញមានស្រ្តីចំនួន ១១,៣០% បានប្រើកម្ចីឥណទាន ខេត្តកណ្តាល៨,២៤% ខេត្តកំពង់ស្ពឺ៧,៣២% ខេត្តតាកែវមាន៦,៨៥% និងខេត្តសៀមរាបប្រមាណ៦,៨៣%។ ឥណទានដែលស្ត្រីបានខ្ចី បានយកប្រើនៅក្នុងអាជីវកម្ម មាន៤៩%, ឥណទានផ្ទាល់ខ្លួនមាន២៨%, ឥណទានសម្រាប់សង្គម១៧%។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថាតាមរបាយការណ៍នានានបានបង្ហាញថាស្រ្តី និងបុរស មានគម្លាតនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដាច់ឆ្ងាយពីគ្នា។ លោកថាមូលនិធិ UNCDF បានរកឃើញថាគណនីប្រាក់បញ្ញើប្រមាណ ៧០% គឺជាគណនីអសកម្មដែលមានសមតុល្យតិចតួចបំផុត ហើយភាគច្រើននៃគណនីទាំងនេះគឺជារបស់ស្រ្តី។ ប៉ុន្តែបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី បានបង្ហាញថាលទ្ធភាពទទួលបានឥណទានរបស់ស្រ្តីមានអត្រា ៥៤% ខ្ពស់ជាងបុរស ដែលមានត្រឹមតែ ៤៦% នៃចំនួនអតិថិជនកម្ចីសរុប ប៉ុន្តែទំហំឥណទានជាមធ្យមរបស់ស្រ្តីមានកម្រិតទាបប្រមាណ ៥.១០០ ដុល្លារ បើធៀបនឹងចំនួនឥណទានជាមធ្យមរបស់បុរសប្រមាណ ៦.៣០០ ដុល្លារ។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ បានបន្ថែមថាលើសពីនេះ ស្រ្តីដែលជាសហគ្រិនតែងតែប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មរបស់ខ្លួន ដូចជាបញ្ហាផ្នត់គំនិត ប្រពៃណី កង្វះព័ត៌មានអំពីសេវានិងផលិតផលហិរញ្ញវត្ថុ មិនមានលទ្ធភាពក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវនានា និងខ្វះការយល់ដឹងផ្នែកហិរញ្ញវត្ថុ។

«ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥» កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដោយបានកំណត់គោលដៅការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្តាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច»នេះ បើតាមការឲ្យដឹងរបស់លោក រ័ត្ន សុវណ្ណនរៈ។

ក្នុងវេទិកាប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព ស្តីពី«លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្រ្តីក្នុងសម័យកាលកូវីដ១៩» ដែលរៀបចំធ្វើឡើងកាលពីថ្ងៃទី៤កុម្ភៈឆ្នំា២០២០ មន្រ្តីជាន់ខ្ពស់ធនាគារជាតិកម្ពុជា ថា ស្ត្រីទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានប្រមាណជិត១លាននាក់ គឺ០,៧លាននាក់ ក្នុងទំហំឥណទានមានប្រមាណ៤,៣ប៊ីលានដុល្លារ ។អត្រានេះបើយើងប្រៀបធៀបទៅនឹងឆ្នំាមុនគឺមានការថយចុះប្រមាណ១២%។
នៅកម្ពុជាមានពលរដ្ឋប្រមាណ២លាននាក់បានប្រើប្រាស់ឥណទានពីគ្រឹះស្ថានិរញ្ញវត្ថុ៕
ចែករំលែកព័តមាននេះ