រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ជាផ្លូវការថា សម្តេចនឹងថ្នាក់ដឹកនាំមួយចំនួនទៀតនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១ ខណៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាក់រួចហើយ ។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២១ថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជា ចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យ ទី៧ កុម្ភៈ ២០២១ ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស ។

សម្តេចបញ្ជាក់ថា «ម៉ោង៨និង៣០នាទីថ្ងៃទី១០ កុម្ភៈ ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការ នៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេ ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ ។ ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់ និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង» ។

សម្តេចបន្តថា៖« សូមជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន (៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១)ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថា កូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រា លំបាក)» ។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានឲ្យដឹងថា សូមអរគុណ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀតដែលបានទទួលរូបខ្ញុំនិងគណប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយជៀសផុតពីជម្ងឺឆ្លង និងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត ៕
ចែករំលែកព័តមាននេះ