រាជធានីភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រវឹងបានជិះម៉ូតូទៅទិញសាច់ក្លែមហើយបាត់ខ្លួនអស់រយៈពេល៨ថ្ងៃមកហើយ មិនដឹងទៅទីណាបន្សល់ទុកកូនប្រុស ស្រីតូច២នាក់ អោយនៅកណ្តោចកណ្តែងជាមួយជីដូននៅក្នុងបន្ទប់ជួល ។
កូនៗបុរសដែលបានបាត់ខ្លួន មិនដឹងមូលហេតុនោះ ត្រូវបានក្រុមគ្រួសារអោយដឹងថា ឈ្មោះ ត្រឹង មិញ យឿង អាយុ ៣១ឆ្នាំ ជាជនជាតិវៀតណាម ជាអ្នកប្រមូលសំរាមក្នុងភូមិ មានលំនៅផ្ទះជួល ក្បែរសាលារៀនកាតូលិក ខាងក្រោយម៉ុងខ្មោច ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាឪពុកតាមស្ត្រីឈ្មោះ ចាង ធីកាម អាយុ៤១ឆ្នាំ បានអោយដឹងថា ប្អូនប្រុសរបស់ខ្លួនបានបាត់ខ្លួនតាំងពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ខណៈពេលដែល ផឹកស្រវឹង ហើយបានខ្ចីម៉ូតូបងប្អូនមួយគ្រឿងម៉ាកហុងដា សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១B.៨០០៦ ទៅរកទិញសាច់ក្លែម ។
តាមបងស្រីបានអោយដឹងទៀតថា បន្ទាប់ពីបាត់ខ្លួនបងប្អូនក៏បាននាំគ្នា ដើររកគ្រប់ច្រកល្អក និងទៅសួរនាំដល់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ តែពុំបានទទួលដំណឹងឡើយ ។

តាមក្រុមគ្រួសារមានការសង្ស័យថា ប្អូនប្រុសអាចជួបគ្រោះថ្នាក់ ដោយប្រការណាមួយ បានជាបាត់ដំណឹងរហូតបែបនេះ ។ ក្រុមគ្រួសារបញ្ជាក់ថា ឈ្មោះ ត្រឹង មិញយឿង ជាបុរសពោះម៉ាយ ប្រពន្ធបានលែងលះគ្នា ដោយមានកូន៣នាក់ កូនស្រី២នាក់ និងប្រុសម្នាក់ ដោយកូនស្រីម្នាក់ត្រូវបានជីដូនខាងប្រពន្ធយកទៅចិញ្ចឹម នៅសល់កូន២នាក់ រស់នៅជាមួយឪពុក និងជីដូន ។

ជាទូទៅ បុរសរូបនោះតែងតែស្រលាញ់កូន បាត់មុខមួយថ្ងៃមិនបាននោះទេ ស្រាប់តែ ពេលនោះបាត់មុខរហូតមិនឃើញមកផ្ទះឡើយ ទុកអោយកូនតូច២នាក់អោយនៅកំព្រាបែបនេះ៕
ចែករំលែកព័តមាននេះ