មីយ៉ាន់ម៉ា ៖ ប្រតិបត្តិករទូរស័ព្ទចល័តច្រកទ្វារអន្តរជាតិនិងអ្នកផ្តល់សេវាអ៊ិនធរណេតទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទទួលសេចក្តីណែនាំកាលពីថ្ងៃទី ៣ ខែកុម្ភៈ ពីក្រសួងដឹកជញ្ជូននិងគមនាគមន៍មីយ៉ាន់ម៉ា (MoTC) ដើម្បីរារាំង ឬបិទដំណើរការជាបណ្តោះអាសន្នរបស់បណ្តាញសង្គម ហ្វេសប៊ុក ។
ក្រុមហ៊ុន Telenor Myanmar បាននិយាយនៅថ្ងៃទី ៤ ខែកុម្ភៈថាខ្លួនបានសម្រេចចិត្តអនុវត្តតាមការណែនាំ ប៉ុន្តែបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times ។
សេចក្តីថ្លែងការណ៍និយាយថា «ខណៈការណែនាំ (ឲ្យផ្អាក ឬបិទជាបណ្តោះអាសន្ននូវបណ្តាញសង្គមហ្វេសប៊ុន) នេះត្រូវបានធ្វើឡើងដោយផ្អែលើមូលដ្ឋានច្បាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា តែក្រុមហ៊ុន Telenor មិនជឿថាការស្នើសុំបិទនេះ គឺផ្អែកលើភាពចាំបាច់និងសមាមាត្រស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិឡើយ » ។
«អ្នកផ្តល់សេវាទូរគមនាគមន៍នៅមីយ៉ាន់ម៉ាត្រូវបានបញ្ជា ឲ្យបិទហ្វេសប៊ុកជាបណ្តោះអាសន្ន» ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុក ។ លោកបាននិយាយបន្តថា «យើងជំរុញឱ្យអាជ្ញាធរស្តារការតភ្ជាប់ឡើងវិញដើម្បីឱ្យប្រជាជននៅមីយ៉ាន់ម៉ា អាចទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិនិងទទួលបានព័ត៌មានសំខាន់ៗ» ។
ពេលនេះកាសែត Myanmar Times បានបញ្ជាក់ថា ប្រតិបត្តិករទូរគមនាគមន៍ដែលគ្រប់គ្រងដោយរដ្ឋជាក្រុមហ៊ុន MPT បានអនុវត្តតាមបទបញ្ជានេះ ខណៈដែលក្រុមហ៊ុន Telenor បានបិទហ្វេសប៊ុកហើយនៅថ្ងៃទី ៤ ខែកុម្ភៈនេះ ។
ប្រតិបត្តិករទីបី Ooredoo ត្រូវបានគេរាយការណ៍ថាបានបិទហ្វេសប៊ុកនិង WhatsApp ដែលគ្រប់គ្រងដោយអ្នកផ្តល់ព័ត៌មានសង្គម។ មនុស្សជាច្រើនក៏កំពុងប្រើបណ្តាញឯកជននិម្មិត (VPNs) ដើម្បីគេចចេញពីបណ្តាញដែលត្រូវបានហាមឃាត់។ VPNs ជួយអនុញ្ញាតឱ្យមានអ្នកអនាមិកតាមអ៊ិនធរណេត ឬអាចអ៊ីនគ្រីប និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបោកបញ្ឆោតមិនឲ្យគេដឹងទីតាំងនៃការប្រើប្រាស់កុំព្យូទ័រយួរដៃ ឬឧបករណ៍ចល័តរបស់អ្នកថានៅទីណា ឬអាចឲ្យគេយល់ច្រឡំថាអ្នកប្រើប្រាស់កំពុងស្ថិតនៅទីតាំងផ្សេងទៀត។
មុននេះបន្តិច ហ្វេសប៊ុកបានលុបទំព័របណ្តាញទូរទស្សន៍ Myawaddy TV ដែលគ្រប់គ្រងដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា ដោយនិយាយថាវាត្រូវបានផ្សារភ្ជាប់ទៅនឹងអង្គការមួយក្នុងចំណោមអង្គការជាច្រើនរបស់យោធាដែលត្រូវបានហាមឃាត់ដោយហ្វេសប៊ុកនៅក្នុងឆ្នាំ ២០១៨ ពីបទរំលោភគោលនយោបាយរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស ព្រោះអង្គការទាំងនោះបាន ផ្ព្វផ្សាយឬចូលរួមឲ្យកើតមាននូវអំពើហិង្សានិងការស្អប់ខ្ពើម។
សូមរម្លឹកថា បណ្តាញសង្គមហ្វេសប៊ុកបានហាមប្រាមបុគ្គលនិងអង្គការយោធារបស់មីយ៉ាន់ម៉ាចំនួន ២០ ក្នុងឆ្នាំ ២០១៨ ដែលក្នុងនោះក៏រួមមានឧត្តមសេនីយឯក Min Aung Hlaing និងបណ្តាញទូរទស្សន៍ Myawaddy របស់យោធា។ ការហាមឃាត់នេះនៅតែមានដដែលរហូតដល់សព្វថ្ងៃ ដែលបុគ្គលនិងអង្គការនានាពាក់ព័ន្ធនឹងយោធាមិនអាចមានវត្តមាននៅក្នុងហ្វេសប៊ុក។
នៅប្រទេសមីយ៉ាន់ម៉ា មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ២២ ៣៥ ០០០ ០០០ នាក់កាលពីខែមករាឆ្នាំ ២០២០ ដែលមានចំនួន ៤០,៤ ភាគរយនៃប្រជាជនទាំងមូល។ មនុស្សអាយុពី ២៥ ទៅ ៣៤ ឆ្នាំគឺជាក្រុមអ្នកប្រើប្រាស់ធំជាងគេ (៩ ៦០០ ០០០) ៕
ចែករំលែកព័តមាននេះ