ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU៖ ភាពជាដៃគូ ដែលនាំមកនូវ​ការ​ផ្លាស់ប្ដូរ​ជាវិជ្ជមាន

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សហភាពអឺរ៉ុប បានប្រកាសនៅថ្ងៃទី៣ ខែកុម្ភៈនេះថា កាលពីថ្ងៃទី២៨ ខែមករា តំណាងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នា នៅទីក្រុងភ្នំពេញ…

ភ្នំពេញ៖ សហភាពអឺរ៉ុប បានប្រកាសនៅថ្ងៃទី៣ ខែកុម្ភៈនេះថា កាលពីថ្ងៃទី២៨ ខែមករា តំណាងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នា នៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាពីរបៀបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅកម្ពុជា ពន្លឿនវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងនាំមកនូវលទ្ធផលកាន់តែល្អ សម្រាប់ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីកសាងឡើងវិញឱ្យកាន់តែប្រសើរ ក្រោយការឆ្លងរាលដាល​ជាសកលនៃជំងឺកូវីដ-១៩។

លោក​ជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា “យើងចង់ធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងសម្រេចឱ្យបាននូវផលជះ និងលទ្ធផលកាន់តែប្រសើរនាពេលអនាគត។ ដើម្បីសម្រេចគោលដៅនេះ យើងចាំបាច់ត្រូវធ្វើការកែលម្អរបៀបរបបធ្វើការងារ​របស់យើង ហើយនេះគឺជាគោលបំណងនៃកិច្ចពិគ្រោះយោបល់រវាងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។”

លោកជំទាវ បានបន្តពន្យល់ថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានបង្កើត​នូវបរិបទថ្មីមួយ សម្រាប់ការអនុវត្តការងារនៅក្នុងវិស័យអភិវឌ្ឍន៍។

លោកជំទាវមាន​ប្រសាសន៍បន្តទៀតថា “គ្រប់ប្រទេសទាំងអស់ត្រូវយកធនធានមក​ប្រើប្រាស់សម្រាប់ការស្ដារឡើងវិញក្រោយជំងឺកូវីដ-១៩។ ប៉ុន្តែ យើងមិនអាចត្រឡប់​ទៅរករបៀបធ្វើការងារបែបគំរូចាស់នោះ ឡើយ។ ប្រទេសនានាចាំបាច់ត្រូវចាប់ផ្ដើម​ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែវិស័យអភិវឌ្ឍន៍មានវិសាលភាពធំជាងនេះឆ្ងាយ។ ការអភិវឌ្ឍ សំដៅលើការបង្កើតឱកាសសម្រាប់មនុស្ស ធ្វើឱ្យជីវិតរបស់ពួកគេ កាន់តែមានភាពសម្បូរបែប ព្រមទាំងពង្រីកការអនុវត្តសិទ្ធិរបស់ពួកគេ។ ដូច្នេះ យើងចាំបាច់ត្រូវរិះរកវិធី ដើម្បីឱ្យការអនុវត្តការងារទាំងនេះកាន់តែមានប្រសិទ្ធភាព និងស្វែងរកវិធីដើម្បីឱ្យយើងអាចសម្រេចលទ្ធផលបានកាន់តែប្រសើរ។”

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ថា “ភាពជាដៃគូស៊ីជម្រៅ មានសារៈសំខាន់ ជាពិសេស នៅក្នុងកាលៈទេសៈនាពេលនេះ ដែលវិសមភាពកំពុងមានការកើនឡើង និងនៅក្នុងកាលៈទេសៈនៃការស្ដារឡើងវិញពីជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវមានការពង្រឹងសាមគ្គីភាព និងការប្រកាន់យកស្មារតីពហុនិយម។ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិមានគុណតម្លៃរួមដូចគ្នា។ ហើយយើងប្ដេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍដោយចីរភាព និងការធានាឱ្យមានការផ្ដល់ភាពអង់អាច និងការការពារមនុស្សជាតិ ព្រមទាំងភពផែនដីទាំងមូល។”

សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប រួមគ្នា គឺជាដៃគូធំជាងគេទី​២ របស់កម្ពុជា បើគិតជាចំនួនថវិកាជំនួយសម្រាប់ការអភិវឌ្ឍ ដោយមានអង្គការសហប្រជាជាតិ ដើរតួនាទីជាទីភ្នាក់ងារអនុវត្តន៍ជាដ៌រាបមក។

គម្រោង ដែលសហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រជាជាតិជាដៃគូកំពុងអនុវត្ត​នៅកម្ពុជា មានទឹកប្រាក់ជាង ១០០ លានដុល្លារ ហើយជាគម្រោង ដែលមានការចូលរួម​ពីពលរដ្ឋកម្ពុជានៅគ្រប់ស្រទាប់វណ្ណៈក្នុងវិស័យ​ជាច្រើន ដូចជា អប់រំ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ អភិបាលកិច្ច សិទ្ធិមនុស្ស សេវាគាំពារសង្គម ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍវិស័យឯកជន និងការប្រែប្រួល​អាកាសធាតុ។

បើទោះជាកិច្ចពិគ្រោះយោបល់នេះ ផ្ដោតលើផលវិបាកធ្ងន់ធ្ងរដែលបង្កឡើង ដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ប្រតិភូចំនួន ៤០ នាក់ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ បានបង្ហាញនូវក្ដីសង្ឃឹម ដោយយល់ស្របគ្នាថា បរិបទថ្មីនេះ ផ្ដល់នូវឱកាស ដែលមានតែម្ដងក្នុងមួយជំនាន់ ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងប្រព័ន្ធ ដែលគេប្រហែលជា​មិនអាចធ្វើបានឡើយ ប្រសិនបើពុំមានវិបត្តិនេះ។

លោកស្រី Pauline Tamesis មាន​ប្រសាសន៍ថា “សូម្បីតែនៅក្នុងស្ថានភាពសោកសៅ ពោលគឺសូម្បីតែពេលដែលមានផលវិបាកធ្ងន់ធ្ងរជាច្រើនកំពុងកើតមានឡើង ដូចដែលយើងទាំងអស់គ្នាបានមើលឃើញចេញពីការឆ្លងរាលដាលជាសកលនេះក៏ដោយ យើងក៏បានមើលឃើញនូវក្ដីសង្ឃឹមផងដែរ។ យើងមើលក្ដីសង្ឃឹមនេះតាមរយៈ​គោលនយោបាយដែលនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ដែលរដ្ឋាភិបាលជាច្រើន​បានដាក់ឱ្យអនុវត្ត ជាគោលនយោបាយដែលគេពុំធ្លាប់ដែលគិតដល់កន្លងមក។ ទាំងនេះ គឺជាគោលនយោបាយដែលយើងមិនធ្លាប់ស្រមៃឃើញឡើយកន្លងមក ប៉ុន្តែឥឡូវនេះយើងបានមើលឃើញវា។ នេះគឺជាមូលដ្ឋាន ដែលជំងឺកូវីដ-១៩ ផ្ដល់ឱកាសឱ្យយើងធ្វើការផ្លាស់ប្ដូរ។ វិបត្តិនេះ បានផ្ដល់ឱ្យយើងនូវក្ដីសង្ឃឹម ដើម្បីកសាងឡើងវិញឱ្យកាន់តែប្រសើរ”៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ