ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនបុកប៉ះគ្នា និងម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់។ ករណីនេះកើតហេតុនៅវេលាម៉ោង១១យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ម្តុំអូរត្រេះ១ នៅតាមបណ្តោយផ្លូវស្របឆ្នេរ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក Camry hybrid ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-5919 បើកបរក្នុងស្ថានភាពស្រវឹងស្រា ក្នុងទិសដៅពីឆ្នេរអូរឈើទាល២ មកឆ្នេរអូរត្រេះ១។
លុះបើកមកដល់ចំណុចកើតហេតុខាងមុខសណ្ឋាគារ ម៉ីហាវ ស៊ីគ័ង រថយន្តបត់ឆ្វេងមិនប្រយ័ត្នក៏បុកប៉ះនឹងម៉ូតូមួយគ្រឿងម៉ាក Zoomer-x ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1G-7685 ខណៈកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរស២នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់។ ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពឃ្លាំងលើ ដោយឡែកបុរសជនជាតិចិនអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងស្ទួចយកវត្ថុតាងទាំងយកទៅប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រង់ចាំការដោះស្រាយតាមនីតិវិធី៕ ដោយ ៖ ឈុន គឹ
ចែករំលែកព័តមាននេះ