ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាពលរដ្ខរស់នៅក្រុងប៉ៃលិន តំណាងឱ្យបងប្អូនពលករក្មេងចាស់ប្រុសស្រី ដែលកំពុងតែសម្រាកធ្វើចត្តាឡីស័ក នៅមណ្ឌលនានា ក្នុងខេត្ត បានបង្ហោះសារក្នុងបណ្តាញសង្គមកោតសរសើរថា ទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះ ចេះជួយយកអាសារ និងស្រាក់ដៃគ្នាយ៉ាងសកម្ម។
ជាក់ស្តែង មានប្រជាកសិករម្នាក់ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បាននាំយកនូវបន្លែស្រស់ៗ រួមមាន៖ ស្ពៃ ខាត់ណា ត្រយ៉ូងចេក ល្ហុង ខ្នុរ សរុបចំនួន ៦ថង់ ជូនដល់ក្រុមការងាររបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដើម្បីរៀបចំធ្វើម្ហូបអាហារ សម្រាប់ផ្តល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករ ដែលមកពីតាមបណ្តាខេត្តនានា ដែលឆ្លងដែនមកពីប្រទេសថៃ កំពុងស្នាក់នៅធ្វើចត្តាឡីស័ក ក្នុងខេត្តប៉ៃលិន។
ប្រភពដដែលបានបន្តទៀតថា ទឹកចិត្តរបស់អស់លោក លោកស្រី អ្នកនាងកញ្ញា ពិតជាបានបង្ហាញពីសាមគ្គីភាពរវាងក្រុមគ្រួសារខ្មែរ ចេះជួយគ្នាក្នុងគ្រាលំបាកមែន។ ម្យ៉ាងវិញទៀត យើងទាំងអស់គ្នា ក៏បានចូលរួមចំណែកជាមួយលោកជំទាវ អភិបាលខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងខេត្តប៉ៃលិនរបស់យើងដែរ។
លើសពីនេះ ពួកគេក៏បានកោតសរសើរពីស្នាដៃធ្វើម្ហូបអាហាររបស់់លោកជំទាវ អភិបាលខេត្តប៉ៃលិន ថាពិតជាមិនធម្មតាមែន។ ទោះបីជាមមាញឹកនឹងការងារប្រទេសជាតិយ៉ាងណា ក៏ឆ្លៀតពេលធ្វើជាចុងភៅដ៏ជំនាញ ពោលគឺលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជានិច្ចកាល តែងតែចុះពិនិត្យ និងចុះចំអិនម្ហូបអាហារ ព្រមទាំងបង្អែមជួនដល់បងប្អូនគ្រប់ពេលវេលាជាប្រចាំ។
ប្រជាពលរដ្ឋក៏ជួនពរលោកជំទាវឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យ គ្រប់ភារៈកិច្ច ដែលត្រូវធ្វើចំពោះជាតិមាតុភូមិ និងប្រជាជននៅក្នុងខេត្តប៉ៃលិន សូមឱ្យលោកជំទាវក្លាយជាថ្នាក់ដឹកនាំខេត្តដ៏មានប្រជាប្រិយ មានប្រាជ្ញាឈ្លាសវៃ នាពេលនេះ និងជារៀងរហូតតទៅផងដែរ៕ ដោយ៖ នីយ៉ា






ចែករំលែកព័តមាននេះ