រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះការពុលស្រា ឬចំណីអាហារក្នុងអំឡុងពិធីចូលឆ្នាំខ្មែរ និងពិធីសែនដូនតាផ្សេងៗ ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានណែនាំអំពីការការពារ ការពុលស្រា ឬចំណីអាហារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ ។
ក្រសួងបានគូសបញ្ជាក់ថា ៖« ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ ប្រជាជនមានការជួបជុំគ្នាច្រើនតាមគ្រួសារតាមសហគមន៍ និងដើរកម្សាន្តតាមរមណីយដ្ឋាននានា ។ ស្របពេលដែលយើងកំពុងយកចិត្តទុកដាក់ការពារការចម្លងវីរុសកូវីដ-១៩ ដែលនៅតែជាហានិភ័យធំនៅឡើយ ក្រសួងសុខាភិបាលក៏នៅមានការបារម្ភអំពីឱកាសផ្ទុះជំងឺឆ្លងផ្សេងៗទៀត ការពុលចំណីអាហារ ការពុលស្រា ដែលជាបញ្ហាតែងតែកើតមានឡើងនៅតាមទីកន្លែងមួយចំនួន និងក្នុងក្រុមមនុស្សមួយចំនួននៅតាមភូមិ ឃុំ ស្រុក ខណ្ឌ រាជធានី ក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលមានពិធីផ្សេងៗ និងការដើរ លេងកម្សាន្តនៅតាមទីកន្លែងនានា ដែលបណ្តាលមកពីការខ្វះខាតការប្រុងប្រយ័ត្ន និងការការពារសុខភាពរបស់បុគ្គល» ។
ក្រសួងសុខាភិបាល សូមលើកទឹកចិត្តគ្រប់ៗគ្នាឲ្យចូលរួមអនុវត្តនូវវិធានការប្រុងប្រយ័ត្ន រួមទាំងការការពារផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួនក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេននានា ដើម្បីជៀសផុតពីបញ្ហាពុលចំណីអាហារ ឬពុលស្រាផងដែរ ។
ក្រសួងគូសបញ្ជាក់ថា សូមអនុវត្តនូវកូនសោគន្លឹះ សុវត្ថិភាពអាហារដោយ « ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច ។ ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ លាងសំអាតបន្លែផ្លែឈើជាមួយ ទឹកស្អាតឲ្យបានស្អាតមុនបរិភោគ សំអាតសម្ភារប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ ។ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ។ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ។ កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង ។ មិនត្រូវរក្សាទុកអាហារ ជាច្រើនថ្ងៃនោះទេ ទោះជាស្ថិតក្នុ ងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ» ។
ក្រសួងសុខាភិបាលលើកឡើងថា បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ ។ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅគឺ ត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ ។ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់។ ប្រើប្រាស់ទឹក និងវត្ថុធាតុដើមដែលមានសុវត្ថិភាព ។ ទុកដាក់ថ្នាំសម្លាប់សត្វល្អិតឱ្យធ្លាយ ពីកន្លែងដែលជាប្រភពទឹកប្រើប្រាស់និងពីដៃក្មេង ។
ជាមួយគ្នានោះដែរ ក្រសួងក៏បានលើកឡើងថា ជៀសវាងការពុលស្រាដោយកុំពិសាស្រា ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ហាមដាច់ខាតកុំយកសារ ធាតុមេតាណុលលាយធ្វើស្រាស ដែលបង្កឲ្យពុល និងស្លាប់បាត់បង់ជីវិត ។ អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខ័ណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ ការលក់ស្រាបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋជៀសវាង យកសារធាតុមេតាណុល លាយស្រាស ដែលបង្កឲ្យពុលនិងស្លាប់បាត់បង់ជីវិត ។
ក្រសួងបានបន្តថា បើមានបញ្ហានៃការពុលអាហារ ឬមានរោគសញ្ញានៃការពុលស្រាដូចជា ឈឺក្បាល ក្អួត, ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យ និងព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាពឬ ទៅមន្ទីរពេទ្យដែលនៅ ជិតផ្ទះរបស់លោកអ្នក ។ ជាមួយគ្នានោះដែរ ក្រសួងក៏បានលើកឡើងថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនកន្លងមក ។
ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការយកចិត្តទុកដាក់ចូលរួមទប់ ស្កាត់ការចម្លងវីរុសកូវីដ-១៩ ការចម្លងវីរុសផ្ដាសាយបក្សី (H1N1) ការពុលចំណីអាហារ ឬស្រា និងការថែរក្សាសុខភាព ឲ្យបានល្អ របស់បងប្អូនប្រ ជាពលរដ្ឋទាំងអស់ ហើយក្រសួងក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួម អនុវត្តតាមការណែនាំខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕
ចែករំលែកព័តមាននេះ