រាជធានីភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាសៀលថ្ងៃទី០៤ សីហា ២០១៥ បានផ្តល់បទសម្ភាសន៍ខ្លីមួយជាមួយអ្នកសារព័ត៌មានទូរទស្សន៍ និងកាសែតជាតិ ទាក់ទងទៅនឹងបញ្ហាជំនន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃទី១ សីហា ២០១៥ កន្លងមក ដែលធ្វើឱ្យជន់លិចតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ។
បន្ទាប់ពីមានការសួរជាសំនួរ លោក សាំ ពិសិដ្ឋ បានលើកឡើងតាមលំដាប់លំដោយថា កាលពីថ្ងៃទី០១ សីហា កន្លងទៅនេះ កម្រិតទឹកភ្លៀងពិតជាមានកម្រិតខ្លាំង ដោយមានកំពស់រហូតដល់១០៣មីលីម៉ែត្រ កម្រិតនេះកុំថាឡើយនៅរាជធានីភ្នំពេញ ទោះបីជានៅបរទេសក៏លិចដែរ ។ សម្រាប់រាជធានីភ្នំពេញ បើកម្រិតទឹកភ្លៀងកំពស់មិនដល់៤០មីលីម៉ែត្រក្នុងមួយម៉ោង គឺមិនលិចនោះទេ ប៉ុន្តែបើលើសពីនេះច្បាស់ជាលិចមិនខានឡើយ គ្រាន់តែការលិចនោះប្រើប្រាស់ពេលវេលាតិចជាងមុនប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណាក្តី យើងក៏មានមោទនភាពផងដែរដោយការចូលខែវស្សាចាប់ពីខែឧសភា, មិថុនា និងខែកក្កដា ៣ខែកន្លងមកនេះមានភ្លៀងច្រើនលើកដែរ តែតំបន់ដែលធ្លាប់លិចជាច្រើនកន្លែងបែរជាមិនលិច ដោយសារតំបន់មួយចំនួននោះយើងបានដាក់បណ្តាញលូធំៗជាច្រើនកន្លែង អាចរំដោះទឹកភ្លៀងបាន ដែលនេះជាការបង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃការដាក់បណ្តាញលូ ក្រោមយុទ្ធសាស្ត្រដឹកនាំរបស់លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
លោក សាំ ពិសិដ្ឋ បានលើកឡើងទៀតថា មូលហេតុនៃការលិចដោយសារជំនន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃទី០១ សីហាកន្លងទៅ គឺផ្តើមឡើងពីបម្រែបម្រួលអាកាសធាតុ ដោយសារភ្លៀងខ្លាំង និងមានរយ:ពេលខ្លីលើសពី៤០មីលីម៉ែត្រក្នុងមួយម៉ោង ហើយលូដែលប្រើសព្វថ្ងៃនេះមួយចំនួនជាប្រភេទលូតូច និងចាស់ៗសល់តាំងពីសង្គមរាស្ត្រនិយម ដែលយើងមិនទាន់បានផ្លាស់ប្តូរអស់នៅឡើយ ។ សមត្ថភាពនៃការមូបទឹកចេញនៅមានកម្រិត ដោយសារតែរាជធានីភ្នំពេញរបស់យើងស្ថិតក្នុងតំបន់ទំនាប មានទំនប់ព័ទ្ធជុំវិញ មួយផ្នែកមានការរំលោភយកអាងស្តុបទឹក ជាពិសេសបឹងត្របែកតែម្តង ដែលបឹងនេះអាចរំដោះទឹកបានពី៦០%ទៅ៧០% និងបញ្ហាសម្រាមនៅមាត់លូ និងក្នុងលូ ដែលធ្វើឱ្យទឹកស្ទះមិនហូរ ប៉ុន្តែទោះជាយ៉ាងណាទឹកបានស្រកលឿនជាងឆ្នាំមុនៗ គឺក្នុងរយ:ពេលតែកន្លះម៉ោង ២ម៉ោង ឬ ៣ម៉ោងប៉ុណ្ណោះ មិនដូចពេលមុនៗ គឺមួយយប់ទល់ភ្លឺក៏នៅមិនទាន់ស្រកអស់ផង ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញបាននឹងកំពុងខិតខំធ្វើជារៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយការលិចយ៉ាងតិចក្នុងមួយឆ្នាំឱ្យបាន៣០% ហើយជាទិសដៅសាលារាជធានីភ្នំពេញនឹងជុំរុញរៀបចំដោយយកចិត្តទុកដាក់ការងារខាងលើនេះរហូតដល់មិនមានការលិចលង់តែម្តងនៅពេលខាងមុខ ដូចអ្វីដែលសាលារាជធានីបានសន្យា ។
លោកបន្តថា ប្រព័ន្ធលូនៅឆ្នាំ២០១៤ សាលារាជធានីភ្នំពេញស្ថាបនាបាន៥៥គីឡូម៉ែត្រក្នុងចំណោមប្រព័ន្ធលូសរុបមានចំនួន៥១៥គីឡូម៉ែត្រនៅក្នុងរាជធានីភ្នំពេញ ហើយបច្ចុប្បន្ននេះ ការដ្ឋានស្ថាបនាលូប្រឡាយនៅរាជធានីភ្នំពេញមានជាង៥០ទីតាំង ៕
ចែករំលែកព័តមាននេះ