ឧបេក្ខាចិត្តប្រែថា ចិត្តជាកណ្តាលគឺការតាំងចិត្តឱ្យស្ថិតនៅជាកណ្តាល, ចិត្តព្រងើយកន្តើយ, ដំណើរមិនលម្អៀងទៅខាងណា, តាំងចិត្តជាឧបក្ខា ។ ចិត្តជាឧបេក្ខានេះមាន១០យ៉ាងគឺៈ
១-ភាពបរិសុទ្ធព្រងើយជាកណ្ដាលក្នុងអារម្មណ៍គឺមិនសោមនស្ស មិនទោមនស្សក្នុងកម្មទាំងឡាយ ។
២-ភាពព្រងើយជាកណ្ដាលក្នុងសត្វទាំងឡាយគឺចិត្តជាឧបេក្ខាក្នុងព្រហ្មវិហារធម៌ទាំងឡាយ ។
៣-ភាពជាកណ្ដាលក្នុងសហជាតធម៌ដែលអាស្រ័យនឹងធម៌គួរសង្វេគទាំងឡាយ ។
៤-សេចក្ដីព្យាយាមជាកណ្ដាល មិនធូរថយ និងមិនប្រឹងប្រែងខ្លាំងពេក បានដល់សេចក្តីព្យាយាមជារឿយៗ ។
៥-ភាពព្រងើយជាកណ្ដាលក្នុងសង្ខារធម៌ទាំងឡាយ បានដល់បញ្ញាចេតសិក ។
៦-តាំងចិត្តជាកណ្ដាលមិនផ្តេផ្តួលក្នុងអារម្មណ៍ មិនមែនសុខ មិនមែនទុក្ខ ។
៧-ភាពជាកណ្ដាលក្នុងការពិចារណាលះនូវខន្ធ៥ចោលឱ្យអស់ទើបអស់កម្ម ។
៨-សភាវធម៌ដែលញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅជាកណ្ដាលក្នុងធម៌ទាំងឡាយ ។
៩-ភាពព្រងើយជាកណ្ដាលចំពោះសេចក្ដីសុខនៃឈាន គឺអារម្មណ៍ស្មើ មិនឡើងមិនចុះ ។
១០-សេចក្តីបរិសុទ្ធជាកណ្ដាលគឺការស្ងប់ចាកធម៌ជាសត្រូវដោយមិនខ្វល់ខ្វាយក្នុងលោកធម៌ទាំងឡាយ ។
សូមបញ្ជាក់ថា ឧបេក្ខាចិត្តទាំង១០ប្រការនេះជាចិត្តរបស់ព្រះអរិយបុគ្គល ឯបុថុជ្ជនមិនអាចធ្វើបានឡើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ