ចាប់ថៅកែបូមខ្សាច់ស្ពានព្រែកសំរោង ពាក់ព័ន្ធបទល្មើស រំលោភ​លើទំនុកចិត្ត និងក្លែងឯកសារ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចាប់ថៅកែបូមខ្សាច់ស្ពានព្រែកសំរោង ពាក់ព័ន្ធបទល្មើស រំលោភ​លើទំនុកចិត្ត និងក្លែងឯកសារ

4 អាទិត្យ មុន
  • Phnom Penh

រាជធានីភ្នំពេញ​៖ ថៅកែដេប៉ូបូមខ្សាច់ដ៏ល្បីឈ្មោះម្នាក់ មានទីតាំ​ង នៅក្បែរគល់ស្ពាន​ព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំ​ពៅ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យ​ប្រឆាំងបទល្មើសព្រហ្ម​ទណ្ឌ​នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅតុលាការ…

រាជធានីភ្នំពេញ​៖ ថៅកែដេប៉ូបូមខ្សាច់ដ៏ល្បីឈ្មោះម្នាក់ មានទីតាំ​ង នៅក្បែរគល់ស្ពាន​ព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំ​ពៅ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យ​ប្រឆាំងបទល្មើសព្រហ្ម​ទណ្ឌ​នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើស មិនបំពេញកតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន បទរំលោភលើទំនុកចិត្ត បទក្លែងឯកសារសាធារណៈ និងចេញសែកស្អុយ​។

ថៅកែខ្សាច់រូបនោះ ឈ្មោះ ឡុង ហ្វីលីប ភេទប្រុស អាយុ ៤២ឆ្នាំ មានលំនៅស្ថានក្នុងភូមិបោះអង្កាញ់ ផ្លូវលេខ១១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​។ ថៅកែខ្សាច់នេះ ត្រូវបាន​​ចាប់ខ្លួន ដោយសារតែ​គេចវេស មិនព្រមចូលខ្លួន តាមការកោះហៅរបស់មន្ត្រីនគរបាលយុត្តិធម៌ និងតាមដីកាបញ្ជាឲ្យចូលខ្លួន ពីស្ថប័នអយ្យការអមសា​លាដំបូងរាជធានីភ្នំពេញ​។

​ថៅកែខ្សាច់​ព្រែកសំរោង ​ឈ្មោះ ឡុង ហ្វីលីប បានសារភាព នៅចំពោះមុខសមត្ថកិច្ចថា រូបគេ បានបើកក្រុមហ៊ុន ឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់ នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅក្នុងអំឡុងឆ្នាំ២០១៧​។ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ ឈ្មោះ សាយ សេងថៃ ចំនួន ២ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅបង់ពន្ធរថយន្ត ដែលបានបញ្ជាទិញពីឌូបៃ​នៃប្រទេសឥណ្ឌា និងត្រូវនាំចូលមកប្រទេសកម្ពុជា ប៉ុន្តែប្រាក់នោះ បានយកទៅបង់ពន្ធ មិនគ្រប់គ្រាន់ទេ ទើបខ្លួន សុំខ្ចីបន្ថែមចំនួ​ន ៣ម៉ឺនដុល្លារអាមេរិក​ទៀត ហើយនៅពេលខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដី ដើម្បីធានាជាមួយម្ចាស់បំណុល​។

ក្នុងនោះ ប្រាក់ដែលត្រូវបង់ពន្ធ ចំនួន ៤៨ ០០០ដុល្លារអាមេរិក លើរថយន្ត១២​គ្រឿង ដែលត្រូវនាំចូល មានដូចជា រថយន្តម៉ាកបាឡែន រថយន្តព្រូស និងរថយន្តលុចស៊ីស ជាដើម​។ ក្រោយពេលរថយន្តទាំងអស់នោះ បានមកដល់ហើយ ខ្លួនបានយកទៅលក់រថយន្ត ឲ្យក្រុមហ៊ុនមួយចំនួនទៀត ប៉ុន្តែក្រុមហ៊ុនខ្លះ ស្ទះលុយ មិនទាន់បានបង្វិលប្រាក់សងមកខ្លួន តាមពេលវេលាកំណត់ទេ ទើបខ្លួន នៅជំពាក់ប្អូនធម៌ ឈ្មោះ សាយ សេងថៃ ដល់សព្វថ្ងៃ និងវ័នកខ្លួនឯងទៀតផង​។

សំណុំរឿងនេះ បានស្ថិតនៅដៃ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​បើកការសាកសួរ និងនៅមិនទាន់ចោទប្រកាន់ជាផ្លូវការ នៅឡើយទេ​។​ ប៉ុន្តែទោះជាយ៉ាងណាក្តី ថៅកែខ្សាច់ ព្រែកសំរោង ម្នាក់នេះ មិនអាចគេចផុតពីការឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះ​ឡើយ ព្រោះជនសង្ស័យ ឈ្មោះ ឡុង ហ្វីលីប នៅមានដីកា​បង្គាប់ឲ្យចូលខ្លួន ពីចៅក្រមស៊ើបសួរជាច្រើន​ករណីទៀត​៕ ដោយ៖ ឃឹម ប៊ុនណាក់