ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ មិន​ទាន់​​ចប់​ទេ នៅ​ខេត្តមណ្ឌលគិរី

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​មានការ​យល់ព្រម​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ រួម​ជាមួយ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី សម្រេច​ធ្វើការ​និរាករណ៍​លើ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​អចលនវត្ថុ​ដែល​ត្រូវ​ចេញ​នា​ពេល​កន្លង​មក…

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​មានការ​យល់ព្រម​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ រួម​ជាមួយ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី សម្រេច​ធ្វើការ​និរាករណ៍​លើ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​អចលនវត្ថុ​ដែល​ត្រូវ​ចេញ​នា​ពេល​កន្លង​មក ហើយ​មិន​មាន​ភាព​ប្រក្រតី​ជាន់​ក្នុងភូមិ​សាស្ត្រ ដី​អភិរក្ស ឬ​ក៏​ដី​ការពារ ជា​ពិសេស​ដី​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម ដែល​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដាំ​ដើម​ស្រល់ កាលពី​ពេល​ថ្មី​ៗ​នេះ មហា​ជន​កំពុង​រង់ចាំ​មើល​ថា តើនរ​ណាខ្លះ​មានការ​ពាក់ព័ន្ធ​រំលោភ​យក​នោះ? ព្រោះ​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី ធ្លាប់​បាន​ចេញ​វិ​ញ្ញាប​ន​ប័ត្រដី​ចំការ​ស្រល់​នៅ​តំបន់​ព្រះមហាក្សត្រ​ដាំ​ដើម​ស្រល់​កាល​អំឡុង​ឆ្នាំ​២០០៥ ក្នុងភូមិ​អូរ​ស្ពាន សង្កាត់ ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ហើយ​ក៏​ត្រូវ​ថ្នាក់លើ​សម្រេច​និរាករណ៍​ចោល​ចំនួន ៦ ប្លង់​កន្លង​ទៅ​នេះ។ មហាជន​យល់​ថា មិន​គួរ​ថ្លើមពាសមេឃ​យក​ដីចម្ការ​ស្រល់​របស់​រដ្ឋ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឱ្យ​ឯកជន​ទេ? អស់លោក​សង្ស័យ​ស៊ីធំ​ណាស់​មើលទៅ?

យោង​តាម​ស្មារតី​អង្គប្រជុំ​នៅ​សាលាក្រុង​សែន​មនោ​រម្យ ថ្ងៃ​ទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី បាន​ស្នើ​ដល់​លោក ម៉ៅ ចម្រើន ដែល​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​កម្ម និង​សំណង់​ខេត្តមណ្ឌលគិរី បង្ហាញ​ពី​ទីតាំង​ដី​ចំនួន​៦​កន្លែង ដែល​ត្រូវ​បាន​ថ្នាក់​ក្រសួង សម្រេច​ធ្វើការ​និរាករណ៍​ចោល ដោយសារ​តែ​ដី​នោះ​បាន​រំលោភ​ដល់​ដី​ដែន​គ្រប់គ្រង​ដោយ​ក្រសួងកសិកម្ម ឬ​ហៅ​ថា ដីចំការ​ស្រល់​ស្ដេច​។ តាម​មហាជន​ថា ពិតជា​ថ្លើមធំ​ណាស់ រំលោភ​យក​ដីចម្ការ​ស្រល់​របស់​រដ្ឋ​បែប​នេះ ទាំង​អ្នក​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ក៏​ថ្លើមខ្មៅ​ពាសមេឃ​ដែរ ត្រូវ​តែ​ផ្តន្ទាទោស​។

នៅ​ក្នុង​កិច្ចប្រជុំ​ដ៏​តានតឹង​នោះ លោក សុង ឃាង បាន​ទាមទារ​ដល់​លោក ម៉ៅ ចម្រើន បង្ហាញ​ប្លង់​ទាំង​៦​ទីតាំង ដើម្បី​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ និង​អនុវត្ត​តាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ​។ ក្នុង​ករណី​នេះ លោក​សុង ឃាង បាន​កត់​សម្គាល់ថា បើសិនជា​ការ​អនុវត្ត​វិធានការ​ច្បាប់ មិន​ទាន់​ពេលវេលា​នោះ​ទេ ដី​នៅ​តំបន់​ខាងលើ​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​កាន់តែ​ច្រើន ត្បិត​សព្វថ្ងៃ សំណង់​នានា​ត្រូវ​បាន​សាងសង់​យ៉ាង​ព្រោងព្រាត ហើយ​មួយ​ភាគ​ធំ​គឺ​សង់​នៅ​ក្នុង​ដី​ដែល​គ្រប់​គ្រង​ដោយ​ក្រសួងកសិកម្ម ជា​ពិសេស​គឺ​ដីចម្ការ​ស្រល់​របស់​ព្រះមហាក្សត្រ​តែ​ម្ដង​។ តាម​មតិ​មហា​ជន​សំដែង​ចេញ​ថា គួរតែ​នាំ​យក ម៉ៅ ចម្រើន ចេញពី​ខេត្ត ទើប​អាចយ​កមក​វិញ​បាន​ដីចម្ការ​ស្រល់​នេះ ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី បាន​សង្កត់ធ្ងន់​ថា ការ​ស្នើ​ចុះបញ្ជី​ដី​ក្រុមហ៊ុន​ដាំ​ស្រល់​វូ​ជី​សាន និង​ក្រុមហ៊ុន​ហូ​លីង តាំងពី​ឆ្នាំ​២០១៧ ការ​សុំ​ដំណើរការ​ចុះបញ្ជី​នៅ​តែ​ចុះ​មិន​បាន ធ្វើ​មិន​ចេញ តែ​ខាង​មន្ទីរ​កសិកម្ម​នៅ​តែ​មិន​ទាន់​ទទួល​របាយការណ៍ អំពី​មូលហេតុ​នៃ​ការ​ចុះបញ្ជី​ដី​ក្រុមហ៊ុន​ទាំង​ពីរ​ខាងលើ​នេះ តើ​មាន​បញ្ហា​អ្វី? ទើប​រយៈពេល​៣-៤​ឆ្នាំទៅ​ហើយ នៅ​តែ​មិន​អាច​ចុះបញ្ជី​បាន​។ បែរជា​មាន​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​មួយ​ចំនួន​បាន​ចេញ​ទៅ​បុគ្គល​ឯកជន​នៅ​លើ​ដី​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ទៅ​វិញ​។

លោក ម៉ៅ ចម្រើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌល​គិរី បាន​បកស្រាយ​ជុំវិញ​ករណី​ខាងលើ​នេះ​ថា ចំពោះ​ករណី​ដី ៦​ប្លង់​នោះ ក្បាលដី​នេះ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុមការងារ​ហើយ​។ ដោយ​ទីតាំង​នៅ​ទីនោះ យើង​មិនមែន​មាន​តែ​៦​ប្លង់​នោះ​ទេ គឺ​លោក​សង្កេត​ឃើញ​មានការ​សាងសង់​ក៏​មាន​ដែរ នៅ​លើ​ដីចម្ការ​ស្រល់​នោះ​។ ប៉ុន្តែ​លោក​ក៏​បានឱ្យ​ខាង​ការិយាល័យ​សំណង់ សហការ​ជាមួយនឹង​អាជ្ញាធរ​សង្កាត់​ក្រុង ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដី​នោះ តែ​មក​ដល់​ឥឡូវ​មិន​ទាន់​ឃើញ​មាន​របាយការណ៍ មិនដឹង​ថា​ពួក​គេ​បាន​ចូល​ទៅ​ទីតាំង​នោះ​ឬទេ​។ មតិ​ខ្លះ​និយាយ​ថា ចម្លើយ​ខាងលើ​នេះ ប្រៀប​ដូច​លោក​ប្រធាន​ល្ងង់​ដប់គត់​តែ​ម្តង មិន​សម​យក​មក​ធ្វើ​ប្រធាន​មន្ទីរ​ស្ថាប័ន​នេះ​ឡើយ​។

លោក​ម៉ៅ ចម្រើន បាន​បញ្ជាក់​ថា ទីតាំង​ខ្លះ​មានការ​លួច​សាងសង់​ពេល​យប់​ទៀត​ផង​។ ក្រុម​ការងារ​របស់​លោក​មិន​មាន​បញ្ហា​ក្នុង​ការ​ផ្ដល់​ទីតាំង​ដី​ទាំង ០៦​នោះ​ទេ ហើយ​ចំពោះ​ការ​ចុះបញ្ជី​ដី​ក្រុមហ៊ុន ក្រុមការងារ​បាន​ចុះ​ដំណើរការ​វាល់​វែង​តាំងពី​ឆ្នាំ​២០១៨ ប៉ុន្តែ​មាន​ភាព​យឺតយ៉ាវ​ដោយ​សារ​តែ​មន្ត្រី​ជំនាញ​ក្រុមការងារ​ចុះបញ្ជី​មាន​បញ្ហា​តិចតួច ដោយពេល​ខ្លះ​មន្ត្រី​ដែនដី​ទំនេរ មន្ត្រី​កសិកម្ម​រវល់ ហើយ​នៅ​ពេល​មន្ត្រី​កសិកម្ម​ទំនេរ មន្ត្រី​ដែនដី​ជាប់​ភារៈកិច្ច ដូច្នេះ​ធ្វើ​ឲ្យ​ក្រុមការងារ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​កំណត់​ព្រំ​ដី​របស់​ក្រុមហ៊ុន​ទាំង​ពីរ ។

លោក ម៉ៅ ចំរើន បាន​បន្ត​ថា ក្រោយមក​ក្រុមការងារ​ខេត្ត​បាន​ចុះ​អនុវត្ត​ការ​កាត់​ខ្វៀល​តាម​ភូមិ តែ​នៅ​ពេល​ដែល​ខ្វៀល​ក៏​មាន​ក្រុមការងារ​អន្តរក្រសួង​ចុះ​ផ្ទាល់ ក្រុមការងារ​របស់​ខេត្ត​ក៏​បាន​ផ្អាក ដោយសារ​តែ​គិត​ថា ក្រុមការងារ​អន្តរក្រសួង​នេះ ទៅ​វាស់វែង​ដី​ប្រជាពលរដ្ឋ​រួច សល់​ប៉ុន្មាន​ជា​របស់​ក្រុមហ៊ុន​ហ្នឹង ។ ហើយ​រហូត​មក​ដល់​ពេល​នេះ ក្នុង​នាម​លោក​ជា​ប្រធាន​មន្ទីរ​ដែនដី នៅ​មិន​ទាន់​បាន​ទទួល​លិខិត​ណាមួយ​ស្តី​ពី​ការ​និរាករណ៍​ដី​ចំនួន​៦​ប្លង់​នៅ​ចម្ការ​ស្រល់​ទេ​។

នៅ​ក្នុង​លិខិត​បំភ្លឺ​ដែល​កោះសន្តិភាព​ទទួល​បាន​នា​ល្ងាច​ថ្ងៃ​ទី​២១ មក​រា ២០២១ ពី​លោក ម៉ៅ ចម្រើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តមណ្ឌលគិរី មាន​ខ្លឹមសារ​បកស្រាយ​៨​ចំណុច​ទៅ​នឹង​ការ​ចេញផ្សាយ​នា​ពេល​កន្លង​មក​ថា មុន​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី បាន​អនុវត្តន៍​នូវ​នីតិវិធី ០១, ប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​អូរ​ស្ពាន (​ចេញ​ដោយ​រដ្ឋ​បាល​ខេត្តមណ្ឌលគិរី​)​។ ០២, ប្រកាស​បិទ​ផ្សាយ​ទិន្នន័យ​ក្បាលដី​រយៈពេល ៣០ ថ្ងៃ (​មាន​ធ្វើ​ពិធី​ដោយ​មានការ​អញ្ជើញ​មន្ទីរ​ពាក់ព័ន្ធ​ចូលរួម ដើម្បី​ឲ្យ​មានការ​ប្ដឹង​តវ៉ា​) ។ ០៣, រដ្ឋបាល​ខេត្ត​មណ្ឌល​​គី​រី បាន​ធ្វើ​លិខិត​ទៅ​ស្នើ​សុំ​យោបល់​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​។ ០៤, មានការ​ប្រជុំ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ដើម្បី​សម្រេច​ចេញ​គោលការណ៍ លក្ខខណ្ឌ​ដែល​ត្រូវ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​។

ដូចនេះ​ការ​ផ្តល់​កម្មសិទ្ធិ​ទាំងនោះ ដោយ​ឈរ​លើ​មូលដ្ឋាន​ដូច​ជា ០១, ពុំ​មានការ​ប្ដឹង​ជំទាស់​តវ៉ា​ពី​បុគ្គល​ណា​ម្នាក់ ឬ​ស្ថាប័ន​ណាមួយ​ឡើយ​។ ០២, ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ពុំ​បាន​បញ្ជាក់​ក្នុង​លិខិត​ឆ្លើយ​តប​មក​សាលាខេត្ត​មណ្ឌលគិរី​ថា ក្បាលដី​ទាំងនោះ​ជាន់​លើ​ដីចម្ការ​ស្រល់​រដ្ឋ​ដាំ​ដោយ ព្រះករុណា ទេ ។ ០៣, ចូល​ក្នុង​លក្ខខណ្ឌ​ដែល​អាច​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​បាន ដែល​សម្រេច​ដោយ​អង្គប្រជុំ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​។ ០៤, ពុំ​មាន​ស្ថាប័ន​ណាមួយ​បាន​ផ្ដល់​ផែនទីដី​ចំការ​ស្រល់​រដ្ឋ ដែល​ដាំ​ដោយ ព្រះករុណា មក​មន្ទីរ​មុន​ពេល​ចេញ​ប័ណ្ណកម្មសិទ្ធិ​ទេ​។

យោង​តាម​លិខិត​ខាងលើ​នេះ ដែល​គេ​មើលឃើញ​មាន​ត្រឹមតែ​ត្រា​ក្រហម​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី ខេត្តមណ្ឌលគិរី តែ​គ្មាន​ការ​ចុះ​ថ្ងៃខែ​ឆ្នាំ​បរិច្ឆេទ​បែបបទ​លិខិត​​រដ្ឋបាល​ផ្លូវការ ហាក់​មាន​ចេតនា​ចោទប្រកាន់​ទាំងស្រុង ទៅ​លើ​ក្រសួង​ពាក់ព័ន្ធ​នានា ជា​ពិសេស​គឺ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ រួម​នឹង​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តមណ្ឌលគិរី ឯណោះ​វិញ ដែល​ធ្វេសប្រហែស​មិន ប្តឹង​ជំទាស់ និង​មិន​បាន​ផ្តល់​ដំណឹង​ពី​តំបន់​ដី​រដ្ឋ ឬ​ដីចម្ការ​ស្រល់​ដែល​ដាំ​ដោយ​ព្រះមហាក្សត្រ ពោល​គឺ​ទុក​ឱកាស​សម្បទាន​ពេញលេញ​ដល់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី ជិះសេះ​លែងដៃ​តែ​ម្រ៉​ង ចេញ​ប្លង់​រឹង​ជូន​អ្នក​ស្នើ​សុំ​ផ្សេង ។

តាម​មតិ​រិះគន់​ស្ថាបនា​ជា​ច្រើន​នៅ​ជុំវិញ​ស្ថាប័ន​នានា​ក្នុង​ខេត្ត​បាន​យល់​ដល់​បេះដូង​រីក​របស់​លោក ម៉ៅ ចម្រើន ដល់​គ្រឿងក្នុង​តែ​ម្តង ។ ការ​តែងតាំង​ប្រធាន​មន្ទីរ​បែប​ធ្វើ​ល្ងង់ខ្លៅ​ធុន​នេះ រលាយ​អស់ហើយ​ដី​រដ្ឋ ដូច​ករណី​ខាងលើ​ជាដើម ។ ទីបំផុត​បាន​ទម្លាក់​កំហុស​ទាំង​ផ្ទាំង​ទៅ​លើ​សមត្ថកិច្ច អភិបាលខេត្ត​មណ្ឌលគិរី​ទាំង​ដុល​តែ​ម្តង ។ សួរ​ថា តើ​ពាក្យ​ថា «​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ​» ត្រូវ​អត់?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ