រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អង្វរករអ្នកទាំងឡាយ ទាំងរាជវង្សានុវង្ស ទាំងប្រជារាស្ត្រ សូមកុំយកព្រះមហាក្សត្រធ្វើជាការលេងសើច ជាល្បែងតាមរយៈព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលយករឿងទាំងអស់នោះជាល្បែងលេងសើចក្នុងបញ្ហាជាតិ ព្រោះជាការទាញទម្លាក់ព្រះមហាក្សត្រឱ្យអាប់ឱនកិត្តិយសតាមរយៈនៃនយោបាយមហិច្ឆតាផ្ទាល់ខ្លួន ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះនារសៀលថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៥ នៅវត្តបទុមវតី ក្នុងឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីស្រោចព្រះសុគន្ធវារីថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ សម្តេចតេជោ បានទទួលពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថា ព្រះមហាក្សត្រទ្រង់ព្រះរាជតម្រិះ នឹងហៅគណបក្សនយោបាយពិភាក្សាពីបញ្ហាព្រំដែន ។ ដោយឮដូច្នេះ សម្តេចបានផ្ញើសារទៅសម្តេចក្រុមព្រះវិញ ហើយសម្តេចក្រុមព្រះថាទទួលព័ត៌មានពីគេដែរ ។
ទាក់ទិននឹងបញ្ហានេះ សម្តេចតេជោ ក្នុងឋានៈនិងដោយការគោរពចំពោះសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គកុំជឿមនុស្សមិនបានការមួយចំនួន ព្រោះព្រះមហាក្សត្រព្រះអង្គមិនពិគ្រោះជាមួយបក្សនយោបាយណាទេ ។ ពេលណាដែលព្រះអង្គត្រូវការ អ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងតុលាការ ។
សម្តេចតេជោ បានរិះគន់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមថ្វាយចំពោះសម្តេចក្រុមព្រះ ព្រះអង្គជាព្រះរាជបុត្រព្រះមហាក្សត្រ ប៉ុន្តែត្រូវចាំថា រាជានិយមជារបស់រួម ជារបស់ជាតិ មិនមែនជារបស់ព្រះអង្គម្នាក់ឯងនោះទេ ។ បាវចនាជាតិ សាសនា ព្រះមហាក្សត្រ ។ បើព្រះអង្គធ្វើតែដូច្នេះ បក្សរបស់ព្រះអង្គ អត់មានកៅអីហើយ ។ ទូលត្រង់ៗតែម្តង !
សម្តេចតេជោមានប្រសាសន៍ថា នេះក្នុងនាមស្រឡាញ់ទេ បានជានិយាយត្រង់ៗ ព្រោះព្រះអង្គធ្វើតាំងពីមានកៅអី រហូតដល់អត់កៅអីទៅហើយ ហើយឥឡូវនៅបន្តអុីចឹងទៀត ! ពីមុនតាមស៊ីកេរសម្តេចព្រះបិតា ហើយឥឡូវសុំមកស៊ីកេរព្រះអនុជ យ៉ាងម៉េច …?
សុំប៉ុណ្ណឹងបានទេ ឱ្យចេះឈរលើជើងខ្លួនឯងបានទេ ហើយបើនៅធ្វើនយោបាយអុីចឹង រួចហើយថាព្រះមហាក្សត្រផ្តួចផ្តើមគំនិតដើម្បីឱ្យគណបក្សទាំង៣… ។
សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា ខ្ញុំបានស្គាល់ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង បម្រើដង្ហែតាមព្រះអង្គ១១ឆ្នាំហើយ រហូតមកដល់ពេលនេះ ព្រះអង្គមិនទ្រង់ការណ៍ជាមួយបក្សនយោបាយទេ មិនថាបក្សកាន់អំណាច ឬបក្សក្រៅរដ្ឋាភិបាលទេ ។ បើមានការអ្វី ព្រះអង្គពិគ្រោះយោបល់មុនគេ ជាមួយនាយករដ្ឋមន្ត្រីតែម្តង ហើយនាយករដ្ឋមន្ត្រីស្នើសុំគាល់ព្រះអង្គ ព្រះអង្គថ្វាយភ្លាម ហើយមានកម្មវិធីនាយករដ្ឋមន្ត្រីនាំសមាជិករាជរដ្ឋាភិបាលចូលថ្វាយរបាយការណ៍ ។
ហេតុអ្វីបានជាយកបញ្ហានេះ ទៅលេងសើចជាមួយបញ្ហាទល់ដែនរបស់ប្រទេសជាតិ ហើយយកព្រះមហាក្សត្រមកលេងសើចទៀត ។ នេះជារឿងមិនសាមញ្ញ ជារឿងមិនធម្មតា ហើយកាន់តែជារឿងមិនធម្មតាជាមួយនឹងយុវជនទៀត ។
ខ្ញុំនិយាយនេះ ក្រែងលោមនុស្សមួយចំនួនមិនបានមើលទូរទស្សន៍ មិនបានមើលសេចក្តីថ្លែងការណ៍ហើយភាន់ច្រឡំចំពោះព្រះរាជកាយវិការរបស់ព្រះមហាក្សត្រទីសក្ការៈរបស់យើង បានជាខ្ញុំត្រូវជូនសារនេះមួយ សម្រាប់ប្រទេសយើងទាំងមូល ។ ព្រះមហាក្សត្រអត់ឡូកឡំ បើព្រះអង្គត្រូវការ ទោះបីជាម៉ោង២ ម៉ោង៣ទៀបភ្លឺ ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី អមដោយឧបនាយករដ្ឋមន្ត្រី ហើយបើព្រះអង្គសព្វព្រះទ័យកោះហៅ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ឱ្យចូលគាល់ទាំងយប់ គឺត្រូវតែចូលទាំងយប់ ។ ប៉ុន្តែបើរឿងឱ្យព្រះអង្គហៅប្រធានបក្សនយោបាយនានា ចូលទៅដោះស្រាយបញ្ហាគឺអត់ទេ ។ ខ្ញុំយល់ច្បាស់ណាស់នូវព្រះកាយវិការអស់ព្រះមហាក្សត្រជាទីសក្ការៈ ។
ដូច្នេះខ្ញុំត្រូវការពារ ទោះបីសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាម្ចាស់បងរបស់ព្រះមហាក្សត្រក៏ដោយចុះ ។
សម្តេចក្រុមព្រះ ក៏បានអរគុណចំពោះខ្ញុំវិញ ។ ខ្ញុំបានទូលថ្វាយទៅព្រះអង្គ កុំឱ្យចេះតែជឿមនុស្សផ្តេសផ្តាសពេក ព្រោះមនុស្សអត់បានការ ។ រូបខ្ញុំក្តី មិនដែលបានសុំគាល់ព្រះមហាក្សត្រក្នុងនាមបក្សនយោបាយទេ ដូច្នេះសូមកុំឱ្យមានការភ័ន្តច្រឡំណាមួយពីសាធារណមតិ ទាំងអ្នកនយោបាយ ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ កុំឱ្យមានការភ័ន្តច្រឡំឱ្យសោះ ។
ខ្ញុំមិនជឿទាល់តែសោះ នាយករដ្ឋមន្ត្រីជ្រងោៗ បែរជាព្រះអង្គកោះហៅគណបក្ស ហើយគេបង្ហោះហ្វេសប៊ុកទៀតផង ។ នៅហ្វេសប៊ុកខ្ញុំមានក្នុងទូរស័ព្ទដែរ គេដាក់ថា សម្តេចព្រះរៀម សូមសម្តេចទៅទិញផែនទីតម្លៃ១៦៨ដុល្លារដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយនឹងផែនទីរបស់ប្រធានគណបក្សភាគតិច ដែលគេទិញតម្លៃ១៦៨ដុល្លារដែរនោះ ។
សម្តេចតេជោរិះគន់ថា យីដល់ថ្នាក់ប៉ុណ្ណឹង សូមកុំឱ្យរំខានព្រះមហាក្សត្រ រួចទល់ដែនវារត់ទៅណា វានៅកន្លែងហ្នឹងទេតើ ។ អីក៏ស្លន់ស្លោម្ល៉េះ បង្កើតរឿងអ្វីក៏ច្រើនម្ល៉េះ ។
ខ្ញុំត្រូវតែការពារព្រះមហាក្សត្រដាច់ខាតហើយ ទោះបីព្រះរៀមព្រះមហាក្សត្រមិនសព្វព្រះទ័យក្តី គឺជារឿងរបស់ព្រះអង្គទេ ព្រោះមហាក្សត្រជាមហាក្សត្រទាំងអស់គ្នា មិនមែនមហាក្សត្ររបស់រាជវង្សមួយក្រុមទេ ៕
ចែករំលែកព័តមាននេះ