ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួន យកទៅសាកសួរបន្ទាប់ពីជនសង្ស័យ បានធ្វើជាខ្ចីទូរសព្ទពីអ្នករត់កង់បី តេ ហើយព្យាយាមយករត់គេចខ្លួន។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង០៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវបេតុងលេខ៥ ខាងកើតផ្សារចាក់អង្រែ ក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនសង្ស័យ មានឈ្មោះ ចាន់ មករា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ មានស្រុកកំណើតនៅម្ដុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ សឿន សុខខឿន អាយុ ៤៧ឆ្នាំ មុខរត់កង់បី ស្នាក់នៅម្ដុំស្វាយរលំ ភូមិ៣ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អ្នកបើកកង់បីឥណ្ឌា ដែលជាជនរងគ្រោះ បានរៀបរាប់ថា នៅមុនកើតហេតុ ជនសង្ស័យខាងលើ បានហៅកង់បីឥណ្ឌារបស់ខ្លួន ជិះពីម្ដុំផ្លូវ២០៦ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅម្ដុំទួលពង្រ ដើម្បីខ្ចីលុយគេ។ លុះពេលទៅដល់ ជនសង្ស័យ ក៏បានខ្ចីទូរស័ព្ទរបស់អ្នករត់កង់បី ដើម្បីទាក់ទងទៅមិត្តភ័ក្តិ។ តែមិត្តភ័ក្ត មិនលើក។ រួចមក ជនសង្ស័យ បានឲ្យជនរងគ្រោះជិះដឹករូបគេ ដើររកមួយជុំ ទៅពីរជុំ នៅតែរកមិនឃើញទៀត។ ទើបជនសង្ស័យ ក៏អោយជនរងគ្រោះ ដឹកមកវិញ។ រហូតមកដល់ចំណុចផ្លូវលេខ៨ ក្បែរនឹងកន្លែងកើតហេតុ ជនសង្ស័យ ក៏បានខ្ចីទូរស័ព្ទអ្នករត់កង់បីម្តងទៀត ដើម្បីទាក់ទងរកមិត្តភក្តិ ខណៈពេលនោះ ជនសង្ស័យ ក៏យកទូរស័ព្ទរបស់ជនរងគ្រោះ ស្ទុះរត់គេចខ្លួនតែម្ដង។
ភ្លាមៗនោះ ជនរងគ្រោះ ក៏ជិះដេញតាមស្រែកចោរៗ ទើបបង្កការផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ តាមរកមើលភិនភាគជនសង្ស័យ រហូតចាប់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចខាងលើ ដោយដកហូតបានវត្ថុតាង ទូរស័ព្ទមួយគ្រឿង ម៉ាក Sumsung (របស់ជនរងគ្រោះ) ផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនទើបចេញពីមណ្ឌលកែប្រែបាន ២ខែប៉ុណ្ណោះ ហើយខ្លួនពិតជាបានខ្ចីទូរស័ព្ទរបស់អ្នកបើកកង់បីឥណ្ឌាខាងលើ ហើយរត់គេចខ្លួនពិតប្រាកដមែន តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ច ចាប់បានតែម្ដង។
ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច យកសាកសួរនាំ នៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ រង់ចាំចាត់ការតាមនីតិវិធី៕ ដោយ៖ យឹម ឈឿន
ចែករំលែកព័តមាននេះ