រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់សំណើសុំខ្ចីផែនទីដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទីដែលកម្ពុជាកំពុងប្រើប្រាស់ជាមួយប្រទេសជិតខាងកាលពីពេលកន្លងមកនោះ ពេលនេះអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រគល់ផែនទីដល់កម្ពុជាហើយមានចំនួន១៨ផ្ទាំង ។ នេះបើតាមការឱ្យដឹងពីមន្ត្រីអ្នកនាំពាក្យអង្គការសហប្រជាជាតិ ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោកស្រី Eri Kaneko ត្រូវបានវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ស្រង់ប្រសាសន៍ផ្សាយថ្ងៃទី២៤ កក្កដា ថា អង្គការសហប្រជាជាតិបានផ្តល់ផែនទីចំនួន១៨ផ្ទាំងដល់ប្រទេសកម្ពុជាហើយ ។ នេះជាការឆ្លើយតបមួយផ្នែករបស់អង្គការសហប្រជាជាតិ ក្រោយពេលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំឱ្យអង្គការសហប្រជាជាតិផ្តល់ផែនទី ដែលកម្ពុជាតម្កល់ទុកនៅអង្គការសហប្រជាជាតិ ជូនដល់កម្ពុជាដើម្បីប្រើប្រាស់ដោះស្រាយបញ្ហាព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងដែលកំពុងក្លាយជារឿងចម្រូងចម្រាសនាពេលនេះ ។
មន្ត្រីអ្នកនាំពាក្យរូបនេះបញ្ជាក់ថា «ជាការឆ្លើយតបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិបានផ្តល់ផែនទីចំនួន១៨ផ្ទាំង ដែលបានរកឃើញនៅកន្លែងតម្កល់ឯកសាររបស់យើងនោះជូនដល់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា ក្នុងបុរីញូវយ៉ក» ។
VOA ផ្សាយទៀតថា ប្រធានគណៈកម្មការព្រំដែនកម្ពុជានៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ ឱ្យដឹងថា ផែនទីកម្ពុជាជាប់នឹងប្រទេសជិតខាងចំនួន៣ គឺមាន១២៦ផ្ទាំង ដែលអង្គការរបស់លោកត្រៀមចែកជូនដោយឥតគិតថ្លៃ ។ ការចែកចាយផែនទីនេះ គឺដើម្បីបញ្ជាក់ឱ្យដឹងពិតប្រាកដថា ផែនទីពិតប្រាកដដែលបារាំងបោះពុម្ពក្នុងឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំងនោះមានអ្វីខ្លះ ? តើវៀតណាមប្រើផែនទីថ្មីរបស់គេទៅតាមការកែច្នៃផ្អែកតាមផែនទីអាមេរិកាំងខ្នាត១/៥០.០០០ និងតាមផែនទីខ្នាត១/១០០.០០០ ដោយកែភូមិ កែកោះ កែតំបន់នោះ ខុសគ្នាយ៉ាងណាពីខេត្តកំពត ទល់ខេត្តរតនគិរី ដែលមានចម្ងាយជាង១.២០០គីឡូម៉ែត្រនោះ ។
ទោះបីជាបែបណា ក្រុមអ្នកជំនាញការផ្នែកព្រំដែនរបស់រាជរដ្ឋាភិបាលវិញអះអាងថា ផែនទីខ្នាត១/១០០.០០០ ខុសគ្នានៅកន្លែងខ្លះ ដោយសារស្ថានភាពដី និងភូមិសាស្ត្រជាក់ស្តែងមានការប្រែប្រួល ឬក៏សឹងតែមើលមិនឃើញ ដែលនេះជារឿងពិបាកក្នុងការចរចា ឬការព្រមព្រៀងក្នុងការបោះបង្គោលជាមួយវៀតណាម ។
ទោះជាយ៉ាងណា បើតាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៤ កក្កដា សម្តេចតេជោ ក៏បានក្រើនរំលឹក និងបញ្ជាអំពីការងារទទួលផែនទីពីអង្គការសហប្រជាជាតិ ដែលត្រូវបញ្ជូនមកដល់ព្រលានយន្តហោះពោធិ៍ចិនតុង នៅពេលឆាប់ៗនេះ ។ មានន័យថា ផែនទីដែលប្រមុខរាជរដ្ឋាភិបាលស្នើសុំនោះ ពិតប្រាកដជាអង្គការសហប្រជាជាតិព្រមឱ្យកម្ពុជាខ្ចីហើយ ។ បើតាមលោក ផៃ ស៊ីផាន លើកឡើងទៀតថា ផែនទីដែលទទួលពីអង្គការសហប្រជាជាតិនេះមានគណៈកម្មការមួយចំនួនទទួលខុសត្រូវដូចជា ៖
១-គណៈកម្មការដែលពាក់ព័ន្ធត្រូវមានវត្តមាន និងចុះហត្ថលេខាទទួល និងជាសាក្សីនោះ រួមទាំងដៃគូនៅក្នុងរដ្ឋសភា បើមានបំណង ។
២-រាជបណ្ឌិត្យសភា ជាស្ថាប័នឯករាជ្យ និង Academic ក៏ត្រូវមានវត្តមានចុះហត្ថលេខា និងជាសាក្សី ដើម្បីការងារនៅថ្ងៃមុខ ។
គួរបញ្ជាក់ថា ក្នុងសារលិខិតមួយកាលពីថ្ងៃទី៦ កក្កដា ២០១៥ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរលិខិតទៅលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីស្នើសុំខ្ចីផែនទីខ្នាត១/១០០.០០០ ដែលកម្ពុជាបានយកទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៦៤ ។ ការស្នើសុំនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម ហើយនិងឆ្មាំព្រំដែនវៀតណាមមានការប៉ះទង្គិចគ្នា ដែលបណ្តាលឲ្យមានមនុស្សជាង១០នាក់របួសក្នុងខេត្តស្វាយរៀង ។
ការស្នើសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ចង់បង្ហាញភាពស្អាតស្អំដែលសម្តេចរងការចោទប្រកាន់ពីគណបក្សជំទាស់ជាច្រើនទសវត្សមកហើយថា បានធ្វើឱ្យបាត់ទឹកដីកម្ពុជា និងប្រើប្រាស់ផែនទីក្លែងក្លាយ ។
តាមក្រុមអ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា បញ្ហាព្រំដែនជារឿងរសើបដែលគណបក្សនយោបាយប្រឆាំងក្នុងប្រទេសកម្ពុជា តែងតែចំណេញយកប្រជាប្រិយភាពនយោបាយរៀងៗខ្លួនពីម្ចាស់ឆ្នោត ។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៩ កក្កដា កន្លងមក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសគាំទ្រចំពោះអ្វីដែលរាជរដ្ឋាភិបាលស្នើសុំខ្ចីផែនទីពីប្រទេសមហាអំណាច ក្រៅពីបានខ្ចីផែនទីដែលតម្កល់នៅឯអង្គការសហប្រជាជាតិ ព្រោះថា យើងត្រូវការជំនួយទាំងបច្ចេកទេស និងជំនួយផ្លូវទូត ដើម្បីយកភ័ស្តុតាងមកលាតត្រដាង ហើយឲ្យគេទទួលស្គាល់ ។ រាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៦៤ បានយកផែនទីទៅផ្ញើប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ដើម្បីរក្សាទុកធ្វើជាភ័ស្តុតាងអាចជួយដល់ប្រទេសកម្ពុជា ឥឡូវរាជរដ្ឋាភិបាលថ្មីក៏មានគំនិតបែបនេះដែរ ខ្ញុំអបអរសាទរ ។ ខ្ញុំសុំឲ្យប្រទេសមហាអំណាចជាមិត្តជួយដល់កម្ពុជា ជាពិសេសប្រទេសបារាំងតែម្តង ដែលធ្លាប់គ្រប់គ្រងកម្ពុជាជាង៩០ឆ្នាំ រហូតគូសផែនទី ដោយសុំផ្តល់ទាំងបច្ចេកទេស និងអ្នកជំនាញមកជួយកម្ពុជា ដើម្បីបកស្រាយបំភ្លឺអត្ថាធិប្បាយនូវអត្ថន័យផែនទីតាំងពីដើមមក» ។
ទាក់ទិននឹងបញ្ហាផែនទីដែលលោកបានទិញពីប្រទេសបារាំងវិញ លោកថា លោកនឹងយកផែនទី និងឯកសារពាក់ព័ន្ធនេះទៅជជែកជាមួយរាជរដ្ឋាភិបាល ។ ចំពោះរឿងព្រំដែនដី កំពុងរីករាលដាលនោះ គណបក្សសង្គ្រោះជាតិត្រូវតែចែកចាយដល់សាធារណជនឲ្យបានដឹងពីផែនទី ក៏ដូចជាអ្វីដែលមាន ដូច្នេះគណបក្សសង្គ្រោះជាតិត្រៀមខ្លួនយកឯកសារដែលខ្លួនមានជំនាញបន្តិចបន្តួចដើម្បីចែកចាយជូនប្រជាពលរដ្ឋឲ្យបានដឹងឮ និងចែកចាយជាមួយរាជរដ្ឋាភិបាល ជាមួយអ្នកទទួលខុសត្រូវទាំងអស់ដើម្បីស្វែងរកការពិតជាមួយគ្នា ។ ការពិត គឺគេមកយកដីខ្មែរយើង មិនមែនយើងយកដីគេទេ ។
លោក សម រង្ស៊ី គូសបញ្ជាក់ថា ឯកសារដែលគណបក្សសង្គ្រោះជាតិសម្រាប់ចែកចាយជាសាធារណៈ និងរាជរដ្ឋាភិបាលនោះ គឺផែនទីដែលយកមកពីប្រទេសបារាំង និងផែនទីដែលយកពីប្រភពជាច្រើនទៀត ។ ជាមួយគ្នានេះដែរ លោក សម រង្ស៊ី បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលចោទលោកថា បង្ហាញផែនទីដែលមានតម្លៃ១៦៨ដុល្លារ ជាការបន្ថោកអធិបតេយ្យភាពកម្ពុជា ។ លោកថ្លែងថា លោកមិនមានបំណងដូចអ្វីដែលសេចក្តីថ្លែងការណ៍លើកឡើងទេ លោកគ្រាន់តែចង់ឲ្យសាធារណជនដឹងថា ផែនទីដែលលោកយកមកពីប្រទេសបារាំង គឺគោរពតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាតែប៉ុណ្ណោះ ។ ផែនទីដែលលោកទិញពីប្រទេសបារាំង មិនមែនទិញពីផ្សារដូចអ្វីដែលគេលើកឡើងឡើយ គឺគេដាក់លក់នៅបណ្ណាល័យក្នុងប្រទេសបារាំងតែមួយគត់ ហើយប្រសិនបើប្រទេសណាចង់ទិញ ទាល់តែឲ្យគេថតចម្លង ដែលថតចម្លងនោះតាមបច្ចេកទេស មិនធ្វើឲ្យមានស្លាកស្នាមឡើយ ។
ទោះជាយ៉ាងណា ចំពោះផែនទីដែលលោកលើកឡើងក្នុងសង្គមហ្វេសប៊ុកថា ផែនទីជាឯកសារមួយផ្នែកសម្រាប់ទុកជាភស្តុតាងហើយបង្ហាញនោះ មិនមានបំណងធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នកណានោះទេ ។ លោក សម រង្ស៊ី បានស្វាគមន៍ចំពោះការជួបជជែកជាមួយរាជរដ្ឋាភិបាលរឿងផែនទីដើម្បីដោះស្រាយបញ្ហាព្រំដែន និងរីករាយក្នុងការផ្តល់ឯកសារដែលលោកមានទៅគណៈកម្មការព្រំដែន ។
គួររំឭកថា កាលពីពេលកន្លងមកថ្មីៗនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិតទៅកាន់ប្រទេសមហាអំណាចមាន បារាំង អាមេរិក អង់គ្លេស និងអង្គការសហប្រជាជាតិ ដើម្បីស្នើសុំខ្ចីផែនទីយកមកផ្ទៀងផ្ទាត់ជាមួយផែនទីដែលមានបច្ចុប្បន្ន ក្នុងការដោះស្រាយញ្ហាព្រំដែនជាមួយប្រទេសជិតខាង ៕
ចែករំលែកព័តមាននេះ