ខេត្តបន្ទាយមានជ័យ ៖ យុវជន៣នាក់កំពុងសំងំក្នុងព្រៃទាំងយប់ងងឹតដើម្បីប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ស្ថិតភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវកម្លាំងកងរាជអាវុធហត្ថល្បាតពេលយប់ប្រទះឃើញ ក៏ឃាត់ខ្លួនឆែកឆេររកឃើញគ្រឿងញៀន៤ថង់តូច ហើយក៏ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ឱ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួនទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះ ថា វ៉ាន់ថៃ ហៅហុក ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ ស៊ាន ម៉ាន់ហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ ឡុង លី ហៅដឺ ភេទប្រុស អាយុ២១ឆ្នាំ យុវជនទាំង៣នាក់រស់នៅក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រីបានបញ្ជាក់ថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ គឺបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានចេញល្បាតពេលយប់ ស្រាប់តែប្រទះឃើញជនសង្ស័យទាំង៣នាក់កំពុងសំងំក្នុងព្រៃពេលយប់ងងឹត ដោយមានការសង្ស័យ កម្លាំងល្បាតក៏ស្ទាក់ចាប់បានទាំង៣នាក់ និងធ្វើការឆែកឆេរ ព្រមទាំងដកហូតបាននូវវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សហៅខេទឹកកកចំនួន៤កូនថង់តូច និងមធ្យោបាយសម្រាប់ធ្វើដំណើរមានម៉ូតូ១គ្រឿង ព្រមទាំងសម្ភារៈសម្រាប់ជក់ថ្នាំញៀនផងដែរ។
លោកវរសេនីយ៍ត្រីបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន យុវជនទាំង៣នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនបាននាំយកមកសាកសួរ តាមចម្លើយសារភាពគឺជនសង្ស័យទាំង៣នាក់នេះជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀនផងដែរ ។
ក្រោយពេលសាកសួររួចហើយ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ