ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសម្លឹងមើលភាពងាយរងគ្រោះរបស់អ្នកក្រ និងអ្នកមិនមាន​ចំណេះ

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សង្គម ជាការរស់នៅរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ អ្នកចេះ អ្នកមិន​មានចំណេះ អ្នកក្រ មហាសេដ្ឋី អ្នកដឹកនាំ និងអ្នកដែលត្រូវគេដឹកនាំ សុទ្ធតែរស់​នៅក្នុងសង្គមតែមួយ…

ភ្នំពេញ៖ សង្គម ជាការរស់នៅរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ អ្នកចេះ អ្នកមិន​មានចំណេះ អ្នកក្រ មហាសេដ្ឋី អ្នកដឹកនាំ និងអ្នកដែលត្រូវគេដឹកនាំ សុទ្ធតែរស់​នៅក្នុងសង្គមតែមួយ ហៅថា “សង្គមមនុស្ស”។ សង្គមមនុស្ស មានការប្រកួត​ប្រជែងទាំងសេដ្ឋកិច្ច ការងារ ចំណេះដឹង និងរឿងរ៉ាវជាច្រើនទៀត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ដើម្បីដណ្តើមបានទីតំាងឈរនៅក្នុងសង្គម មនុស្សមានផ្លូវដើរជាច្រើនបែបច្រើនយ៉ាង មាន​មុខរបរចិញ្ចឹមជីវិតទៅតាមលទ្ធភាព និងទេពកោសល្យ។ គ្រាន់តែខ្លះដើរទៅ​មុខជា មួយសីលធម៌ សេចក្តីថ្លៃថ្នូរ និងករុណា និងអ្នកខ្លះ ដើរទៅមុខ ដោយ​មិនខ្វល់ពីអ្នកណា ដោយមិនខ្វល់ថា អ្នកណានឹងរងគ្រោះ ដោយសារទង្វើររបស់ខ្លួននោះទេ ធ្វើយ៉ាងណា ឲ្យ​តែខ្លួន ក្រុមគ្រួសារខ្លួន និងបក្សពួកខ្លួន បានឈរជើងលើចំនុចល្អមួយ ដែលខ្លួនចង់ បាន។

ដោយសារតែមនុស្សមានការប្រកួតប្រជែងបែបនេះហើយ បានជីវិតមនុស្ស ត្រូវសិក្សា រៀនសូត្រពីអ្វីដែលថ្មី នៅក្នុងសង្គមជារៀងរហូត បើមិនដូច្នេះទេ អ្នកដែលមិនចេះ អ្នកដែលមិនដឹងពីសភាពការណ៍ ពីស្ថានការណ៍វិវឌ្ឍន៍របស់សង្គម ត្រូវគេឆបោក ប្រើប្រាស់ ឬកេងចំណេញ។

នៅក្នុងសង្គមបច្ចុប្បន្ន ដែលមនុស្ស បានឲ្យតម្លៃលើទ្រព្យសម្បត្តិ បុណ្យសក្តិជាមុខ ផង នោះ អ្នកមិនចេះ អ្នកមិនដឹងព័ត៌មានគ្រប់គ្រាន់ កាន់តែទទួលរងគ្រោះ ពីមនុស្សឱកាស និយម។ មិនថា នៅក្នុងកិច្ចការរកស៊ីប្រចំាថ្ងៃ មិនថារឿងនយោបាយ អ្នកទន់ខ្សោយ តែងតែ​ត្រូវអ្នកខ្លំាងប្រើប្រាស់ កេងចំណេញ។ ជនឱកាសនិយម មាននៅក្នុងគ្រប់វិស័យ ហើយជនរងគ្រោះ ដែលជាពលរដ្ឋក្រីក្រ ត្រូវគេបោកប្រាស់លុយកាក់ កម្លំាង កិត្តិយស និងរហូតដល់ការបាត់បង់ជីវិត និងក្នុងភាពប្រកួតប្រជែងរបស់មនុស្សនេះក៏មាន។

មានរឿងរ៉ាវជាច្រើន ដែលបង្ហាញថា អ្នកក្រីក្រ និងអ្នកមិនដឹងរឿងរ៉ាវសង្គម​គ្រប់គ្រាន់ បានក្លាយជាជនរងគ្រោះ ដោយសារមនុស្សនៅក្នុងសង្គម។ កន្លងមក មានជនឆបោក​មួយ​ចំនួន បានបង្កើតវិធីដើរប្រមូលលុយអ្នកស្រុក ដោយផ្តល់ការប្រាក់ខ្ពស់ ដូចជា​ថាយក លុយពីពលរដ្ឋ ១០០ដុល្លារ គេឲ្យការប្រាក់មកវិញ ៣០ដុល្លារជាមុន។ ១០០ដុល្លារ បាន​ការប្រាក់ ៣០ដុល្លារ ជាចំណូលមួយខ្ពស់ បើប្រៀបធៀបការយកប្រាក់ ទៅផ្ញើរនៅ​ធនាគារ។ មើលឃើញផលចំណេញបែបនេះ មិនបានគិតវែងឆ្ងាយ ពលរដ្ឋជា​ច្រើន បានលក់ដី លក់ទ្រព្យ ប្រមូលលុយទៅឲ្យគេខ្ចី​ ដើម្បីបានការប្រាក់។

មែនទែនទៅការខ្ចីប្រាក់នោះ ជនឆបោក យកប្រាក់ពីពលរដ្ឋហើយ គេបានដកប្រាក់ នោះ មកឲ្យពលរដ្ឋវិញមួយចំនួនតែប៉ុណ្ណោះ។ នៅទីបញ្ចប់គេបានប្រមូលប្រាក់​រាប់លាន ដុល្លារពីអ្នកក្រ។ អ្នករងគ្រោះ ដែលជាអ្នកក្រខ្លះ មិនត្រឹមតែអស់លុយ អស់ទ្រព្យខ្លួនឯងនោះទេ មានពលរដ្ឋជាច្រើន បានជំពាក់បំណុលគេ​ ដោយខ្លួនបានទៅ​ខ្ចីបុលពីគេ ឬយកទ្រព្យខ្លួនទៅបញ្ចំា ដើម្បីយកប្រាក់ មកចងការឲ្យអ្នកបោកនេះ។ ទីបញ្ចប់អ្នកក្រ បានត្រឹមទឹកភ្នែកជូតក្បាលជង្គង់តែប៉ុណ្ណោះ។

នៅក្នុងជំនួញដីធ្លី អ្នកក្រ និងអ្នកមិនបានសិក្សាស្វែងយល់ពីសង្គម ចំនួនមិនតិចទេ ដែល​បានរងគ្រោះពីមនុស្សឱកាសនិយម។ គេបានដឹងថា កន្លងមក មានករណី​លក់ដីបង់​រំលោះ ដល់អ្នកមានចំណូលតិច។ បងត្រឹមមួយខែ ១០ ឬ ២០ដុល្លារ យូរៗនឹងបានដីមួយ​ប្លង់។

គិតមិនដល់ និងដោយសារតែការចង់បានដី សម្រាប់រស់នៅនឹងគេនឹងឯង ពលរដ្ឋ បានចំណាយប្រាក់ប្រចំាខែបង់រំលោះ ពលរដ្ឋខ្លះ បានបង់ប្រាក់ឲ្យគេរាប់ឆ្នាំ តែនៅតែ មិនទទួលបានដី ក៏សុខចិត្តបង់បោះចោលក្តីសង្ឃឹម និងប្រាក់​ឲ្យគេអ្នកបោកតែម្តង មានន័យថា ពួកគាត់យល់ព្រមប្រគល់លុយ ដែលខ្លួនបានសន្សំ និងរកដោយ​លំបាកនោះ ឲ្យទៅឈ្មួញ ដែលគ្មានចិត្តមេត្តា តាមសម្រួល។ មានពលរដ្ឋខ្លះទៀត បានប្តឹងតវ៉ា ប៉ុន្តែការរកយុត្តិធម៌ ហាក់ជាផ្លូវមួយដ៏លំបាក ដែលសមល្មម​ឲ្យអ្នកក្រ នៅចុងបញ្ចប់ បោះបង់លុយរបស់ខ្លួនជាដដែល។

ក្រៅពីការបង់រំលោះដី ក្នុងទំហំទឹកប្រាក់តិចៗ សូម្បីទិញផ្ទះបង់រំលោះ អ្នកក្រមិនតិចទេ ដែលបានទឹកភ្នែក ដោយសារឈ្មួញចិត្តខ្មៅ។ ពលរដ្ឋ ដែលមិនមានប្រាក់គ្រប់ សម្រាប់ រកទ្រនំរស់នៅនោះ បានតស៊ូបង់រំលោះ ទោះបីជាមានការប្រាក់ខ្ពស់ក្តី។ ផ្ទះខ្លះ ពលរដ្ឋបានបង់ប្រាក់មុន ៥ពាន់ ឬ ១ម៉ឺនដុល្លារ នៅពេលផ្ទះចាប់ផ្តើមបុកគ្រឹះសាងសង់ ប្រាក់នៅសល់ខ្លួន សុខចិត្តបង់រំលោះ សង្ឃឹមថា ការបង់ប្រាក់នឹងបាន​កាន់តែច្រើន ទំរាំដល់ពេលផ្ទះសង់រួចរាល់ តែក្តីប្រាថ្នានេះ បានរលាយអស់ ដោយ​សារឈ្មួញចិត្ត ខ្មៅដែរ។ ឈ្មួញ ដែលចំាតែបោកប្រាស់អ្នកទន់ខ្សោយ នៅពេលប្រមូលលុយពីអ្នកក្រ បានគួរសមហើយ ខ្លួនបានគេចបាត់ ហើយយកគម្រោងនោះ ទៅលក់បន្ត។

តាមការសង្កេត ពលរដ្ឋក្រីក្រ និងដែលមិនយល់ពីច្បាប់ ពួកគាត់មានទំនុកចិត្ត ជឿ​ជាក់លើ​សម្តីអ្នកដទៃ។ អ្នកក្រ តែងតែគិតថា គេស្មោះត្រង់ ដូចជាពួកគាត់ស្មោះត្រង់ ចំពោះគេ។ ពួកគាត់ កាន់តែជឿជាក់ នៅពេលឭថា អ្នកលក់ដីលក់ផ្ទះ អ្នកវិនិយោគនោះ ជាឧកញ៉ា ជាអ្នកមានតួនាទីធំ។ ការទិញដូររបស់ពលរដ្ឋក្រីក្រជាមួយអ្នកមាន ដែល បម្រុង​នឹងបោកពលរដ្ឋនោះ មិនបានធ្វើឡើង តាមច្បាប់ឡើយ។

អ្នកបម្រុងបោកពលរដ្ឋ គេមានចំណេះដឹងគ្រប់គ្រាន់ នៅក្នុងបំពេញបេសកកម្មរបស់គេ ក្នុងកម្រិតមួយ ដែល​អាច​បោកពលរដ្ឋបាន ហើយច្បាប់ មិនអាចរកចំនុច​ចាប់ទោសគេ​បាន។ ​​ពួកអ្នកចំាបោកពលរដ្ឋនេះ បានដឹងកាលៈទេសៈ និង​ស្គាល់ប្រភេទមនុស្ស ដែលអាចបោកបាន។ ជាពិសេស គេដឹងមធ្យោបាយ ឬផ្លូវ ដើម្បីរួចខ្លួន ប្រសិនពលរដ្ឋ​ផ្ទុះការតវ៉ា ឬប្តឹងផ្តល់នោះ។ នៅទីបញ្ចប់ គឺគ្មានអ្នកណារងគ្រោះ ក្រៅពីអ្នកក្រ និងអ្នក​មិនចេះច្បាប់នោះឡើយ។

នៅក្នុងជំនួញលក់ដូរវិញ ក៏ដូច្នោះ។ អ្នកឱកាសនិយមជាច្រើន បានយកអ្នកក្រ និងអ្នកមិនដឹងសភាពការណ៍ពិត ជាគោលដៅលក់ផលិតផលរបស់ខ្លួន។ ក្រុមឱកាសនិយមបែបនេះ បានយកផលិតផលថោកៗ មកលក់ ដោយបានឃោសនា ជាផលិតផល មានគុណភាពខ្ពស់ មកពីប្រទេសធំៗ ប្រទេសមហាអំណាច ឬជាផលិត​ផល​របស់អ្នកវិទ្យាសាស្រ្តឈ្មោះនេះ ឈ្មោះនោះ មកឃោសនា ធ្វើយ៉ាងណា ឲ្យពលរដ្ឋ​ទិញ។ អ្នកទិញភាគច្រើន ជាអ្នកក្រ និងអ្នកមិនដឹងរឿង។

មិនថាផលិតផលសុខភាព ផលិតផលចំណីអាហារ ឬជារបស់របរប្រើប្រាស់នោះទេ គេបានអូសទាញគ្រប់វិធី។ មានករណីខ្លះ គេបាន​ឃោសនា​ពីសកម្មភាពមនុស្សធម៌ ចិត្តបុណ្យរបស់គេ ជាការអូសទាញពលរដ្ឋឲ្យទិញ។

អ្នកខ្លះ យកត្រឹមភេសជ្ជៈចំណីអាហារធម្មតា មកដល់ដោយលើកតម្លើងថាជាថ្នាំ ជាឱសថធម្មជាតិ ព្យាបាលជំងឺ សឹងជាបានគ្រម់មុខជំងឺ។ ជំងឺ ដែលផ្នែកវិជ្ជាសាស្រ្ត​សុខាភិបាល ព្យាបាលមិនជា ផលិតផលរបស់គេ មើលព្យាបាលបាន។ ដោយសារតែការមិនដឹង មិនបានសិក្សាស្វែង​យល់ស្រាវជ្រាវរកឬសគល់ ពលរដ្ឋបានចំណាយថវិកាជាច្រើន ដើម្បីទិញផលិត​ផលទំាងនោះ មកទទួលទាន។ វាជាការទទួលអាហារធម្មតា ហើយចុងបញ្ចប់គាត់ អស់ទំាងប្រាក់ សុខភាព​ក៏កាន់តែទ្រុឌទ្រម។

រឿងរ៉ាវពលរដ្ឋក្រីក្រ និងអ្នកដែលមិនមានចំណេះ ត្រូវគេបោកប្រាស់ និងកេងចំណេញ​មានច្រើនទៀត វាមិនត្រឹមកើតមានតែក្នុងបញ្ហាសេដ្ឋកិច្ច ជីវភាពនោះទេ សូម្បីរឿង នយោបាយ អ្នកនយោបាយខ្លះ នៅតែមានចរិកបោកប្រាស់ពលរដ្ឋ ដែលមិនមាន ចំណេះ​ដឹង​ដដែល។ ទំនងទុកពលរដ្ឋ ត្រឹមជាកូនអុករបស់ខ្លួន អ្នកនយោបាយខ្លះ និយាយគ្មានការពិត និយាយក្រលៃរឿងមិនពិតទៅពិត រឿងខ្មៅទៅស ហើយមានករណីមិនតិចទេ ដែលពលរដ្ឋក្រីក្រ បានធ្លាក់ខ្លួនជាជនរងគ្រោះ ដោយសារអ្នកនយោបាយដល់អាយុជីវិត បាត់បង់ទ្រព្យតែម្តង។

ដើម្បីកុំឲ្យធ្លាក់ខ្លួន ជាជនរងគ្រោះ មានតែការសិក្សាស្វែងយល់ ធ្វើយ៉ាងណាឲ្យខ្លួន ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយទេ ទើបអ្នកក្រីក្រ មិនងាយនឹងរងគ្រោះដោយ សារ​ជនឱកាសនិយមទៀត។

ក្រៅពីនេះ រដ្ឋមានកាតព្វកិច្ចផ្តល់ការគំាពារដល់ពលរដ្ឋឲ្យបានគ្រប់គ្នា ប្រព័ន្ធយុត្តិធម៌ ត្រូវតែយុត្តិធម៌ រឹងមាំ ដើម្បីផ្តល់យុត្តិធម៌សង្គម ដោយមិន ប្រកាន់វណ្ណៈ ស្របតាមច្បាប់​ដែលបានកំណត់ថា ពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់នោះ។

តាមពិតទៅ នៅក្នុងសង្គម ដែលប្រព័ន្ធយុត្តិធម៌ខ្លំាង ការឆបោក ការប្រើប្រាស់ អ្នកក្រ​ ហាក់មិនសម្បូរទេ ដោយសារជនឱកាសនិយមនេះ ខ្លាចសំណាញ់ច្បាប់ និងសមត្ថកិច្ច។ នៅក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះ ច្បាប់ការពារខ្លំាងជាងអ្នកខ្លំាង ឬមនុស្សមានអំណាច និងទ្រព្យសម្បត្តិ។

 ទោះយ៉ាងណា ដើម្បីការពារកុំឲ្យជនក្រីក្រ ក្លាយជាជនរងគ្រោះ ទី១ ពលរដ្ឋខ្លួនឯង ត្រូវនាំ​គ្នាសិក្សាស្វែង​ រកចំណេះដាក់ខ្លួន។ កត្តាទី២ រដ្ឋអំណាច ត្រូវផ្តល់ការគាំទ្រផ្នែក ច្បាប់ អោយបានរឹងមាំដល់អ្នកក្រីក្រ តាមរយៈការពង្រឹងការ​អនុវត្តច្បា​ប់​ប្រឆាំងរាល់ជន​ខិល​ខូចគ្រប់រូបភាពនៅក្នុងសង្គម​៕ ដោយ៖ ដាវីន