រាជធានីភ្នំពេញ៖ ក្រុមការងារជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញដឹកនាំដោយលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ មករានេះ បានដំណើរការកាប់លះមែក ឈើធំៗ តាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស លើសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ។ ចំណាត់ការនេះ ដើម្បីធ្វើឱ្យដើមស្រាល។
លោក សំ សាមុត បានឱ្យដឹងថា ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួងនេះ មានចំនួន ១០៥ដើម ហើយក្នុងចំនួននេះ មានដើមគ្រាប់បែក ឬដើមគីនីន ចំនួនជាង៤០ដើម ក្រៅនេះ មានដើមគគីរ ឥន្ទនាល និងឈើទាល។ ដើមឈើធំៗ និងចាស់ៗ មានចំនួន ៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំហើយ។
លោកសំ សាមុត បន្តថា ចំពោះសកម្មភាពខាងលើនេះ ក្រុមការងារពិតជាមានការលំបាកខ្លះ ដោយសារតែយើងឡើងកាប់មួយមែកម្តងៗ ជាមួយនឹងការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗផងដែរ ព្រោះតែខ្លាចខូចថ្នល់ និងការឺឡា។ ការងារនេះ នឹងប្រើប្រាស់ពេលវេលាយូរបន្តិច ដូច្នេះសូមការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវឆ្លងកាត់ផ្លូវនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារ នឹងសម្រុកធ្វើការងារនេះ អោយបានរួចរាល់ អោយបានមុនគម្រោង ដែលបានគ្រោងទុក។
គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពដើមឈើបីដើម ដែលត្រូវកាប់ចេញ។ លោក ឃួង ស្រេង មិនអោយកាប់ដើមឈើទាំង ៣ដើមនោះ ចេញទេ ដោយតម្រូវអោយកាត់ និងលះមែក ជាមួយនឹងការធ្វើទម្រទប់ដើមផងដែរ។
ពាក់ព័ន្ធបញ្ហាដើមឈើនេះ កាលពីថ្ងៃទី១៥មករា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសេចក្តីជូនដំណឹង ជុំវិញការកាត់លះមែកឈើនេះ ដោយក្រុមការងារ នឹងប្រើប្រាស់រយៈពេល ១ខែ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ដើមឈើធំៗ នៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស មានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាន រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំ និងរក្សាទុកដើមឈើធ្វើទម្រទប់ដើម ដោយចំណាយពេលអនុវត្តការងាររយៈពេល ០១ខែ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តទៅ។
ដើម្បីឱ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន សាលារាជធានីភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ បើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះដោយសារក្រុមការងារ ត្រូវប្រើប្រាស់ឧបករណ៍ សម្រាប់កាត់មែកឈើ និងរថយន្តធុនធំ ដែលអាចបង្កការកកស្ទះចរាចរណ៍៕ ដោយ៖ ចន ណារិទ្ធ
ចែករំលែកព័តមាននេះ