ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្ត​ចុះ​សួរសុខទុក្ខ​បុគ្គ​លិកកាស៊ីណូជិត​២០០នាក់ធ្វើចត្តា​ឡីស័ក

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង​ ​បាន​ពង្រឹង​ការ​គ្រប់គ្រង និង​ទប់ស្កាត់​​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ-១៩ ចំពោះ​ពលករ​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​ចុះ​​សំណេះសំណាល​ជាមួយ​បុគ្គលិក​កាស៊ីណូ​ប្រមាណ​ជិត​២០០​នាក់…

ខេត្តបាត់ដំបង ៖ លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង​ ​បាន​ពង្រឹង​ការ​គ្រប់គ្រង និង​ទប់ស្កាត់​​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ-១៩ ចំពោះ​ពលករ​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​ចុះ​​សំណេះសំណាល​ជាមួយ​បុគ្គលិក​កាស៊ីណូ​ប្រមាណ​ជិត​២០០​នាក់ ដែល​​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​កាស៊ីណូ​នៅ​ស្រុក​ជាយ​ដែន​ចំនួន​៣ទីតាំង​ ដែល​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ ខេត្តបាត់ដំបង ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ។

នាព្រឹកថ្ងៃដដែល​នោះដែរ ក៏​មាន​បើក​កិច្ចប្រជុំ​បន្ទាន់​ស្តី​ពី​ការ​គ្រប់គ្រង​ពលករ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ស្រុក​កំ​រៀង ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ដែល​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ ខេត្តបាត់ដំបង នៅ​វិទ្យាល័យ​កំ​រៀង ស្រុក​កំ​រៀង ដោយ​មានការ​ចូលរួម​ពី​លោកស្នងការ ស្នងការ​រង​នគរបាល​ខេត្ត លោក​អភិបាល អភិបាលរង ស្រុក​ទាំង​៣ កម្លាំង​វរៈ​ការពារ​ព្រំដែន កម្លាំង​យោធភូមិ​ភាគ​ទី​៥ និង​កម្លាំង​ចម្រុះ​ពាក់ព័ន្ធ​នានា​ជា​ច្រើន​ទៀត​។

ដោយ​មានការ​លំហូរ​ចូល​ពលករ​ខ្មែរ​នៅ​តាម​បន្ទាត់​ព្រំដែន​នៅ​តែ​បន្ត​មាន​ជា​ហូរហែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប្រមាណ​ជាង​៥០ទៅ​១០០​នាក់ និង​មានការ​កើនឡើង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ លោក ងួ​ន រតនៈ បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​មាន​វិធានការ​បន្ថែម​ចំពោះ​ពលករ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ និង​ក្តាប់​សភាពការណ៍​ថ្មី​ៗ នៅ​តាម​បន្ទាត់​ព្រំដែន​ផង​ដែរ ។

លោក សុខ គឹ​ម​ខុន អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំ​រៀង បានឱ្យ​ដឹង​ថា តាម​រយៈ​ទាហាន​ទំនាក់ទំនង​កម្ពុជា​-​ថៃ និង​ការ​ផ្តល់​ព័ត៌មាន​ពី​ភាគី​ថៃ គឺថា​មាន​ករណី​សង្ស័យ​ពលករ​មួយ​ចំនួន ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មាន​ផ្ទុក​ជំងឺ​កូ​វិ​ដ ១៩ ដែល​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​រៀបចំ​ពួក​គាត់​ឱ្យ​រស់នៅ​ដាច់​ដោយឡែក​ពី​ពលករ​ផ្សេង​ៗ ។

លោក ងួ​ន រតនៈ អភិបាលខេត្ត បាន​ណែនាំ​ដល់​រដ្ឋបាល​ស្រុក ត្រូវ​រៀបចំ​បន្ទប់ទឹក​បន្ថែម និង​រៀបចំ​ផ្លូវ​ឱ្យ​ពួក​គាត់​សម្រាប់​ប្រើប្រាស់ ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​ជាមួយ​ពលករ​ផ្សេង​ទៀត និង​បន្ថែម​កម្លាំង​យាម​ការ​ឱ្យ​បាន​ច្បាស់លាស់​នៅ​បន្ទាត់​ព្រំដែន កុំ​មានការ​ថ្លោះធ្លោយ និង​បន្ត​ដាក់​កម្លាំង​ឆែក​រថយន្ត​តាក់ស៊ី នៅ​តាម​ដង​បន្ថែម ចៀសវាង​កុំឱ្យ​ពួក​គាត់​ទៅ​ដល់​មូលដ្ឋាន​ផ្សេង​ៗ​ផង​ដែរ​។

បន្ត​មក​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ លោក ងួ​ន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ចូលរួម​ដោយ​ផ្ទាល់​សំណេះសំណាល​ជាមួយ​បុគ្គលិក​កាស៊ីណូ នៅ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដែល​​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​កាស៊ីណូ​ប្រមាណ​ជិត ២០០​នាក់ ដែល​មានការ​អញ្ជើញ​ពី​លោកស្នងការ​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព លោកនាយក​រដ្ឋបាល​ខេត្ត លោក​អភិបាលស្រុក កងកម្លាំង និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ក្នុង​ពិធី​នោះ​ដែរ លោក​អភិបាលខេត្ត បាន​សង្កត់​ធន់ និង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មេខ្យល់​ណា ដែល​ហ៊ាន​ញុះញង់​នាំ​ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់ ដោយ​គ្មាន​ករណី​លើកលែង​ឡើយ ពីព្រោះ​ការ​លួច​ឆ្លង​ដែន​នា​ពេល​នេះ​អាច​ប្រឈម​នឹង​ការ​ឆ្លង​នូវ​ជំងឺ​កូ​វី​ដ ១៩ ដល់​បងប្អូន​ប្រជា​ពលករ ក៏​ដូច​ជា​សហគមន៍​ទាំងមូល​ផង​ដែរ ។

បន្ទាប់​មក​លោក​អភិបាលខេត្ត ក៏​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ​រួម​មាន ទឹក​សុទ្ធ និង​មី​ ដើម្បី​ប្រគល់ជូន​បុគ្គលិកកាស៊ីណូដែល​កំពុងធ្វើចត្តាឡីស័​ក​ផង​ដែរ​ ។

សូម​ជម្រាប​ជូន​ដែរ​ថា​បុគ្គលិក​កាស៊ីណូ ដែល​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ស្រុក​កំ​រៀង មាន​ប្រមាណ​ជិត​២០០​នាក់ ដោយ​អ្នកខ្លះ​ធ្វើការ​បោះ​តង់ និង​អ្នកខ្លះ​ទៀត​ស្នាក់​នៅ​តាម​បន្ទប់​រៀង​ៗ​ខ្លួន​ដាច់​ដោយឡែក​ពី​គ្នា​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ