សារព័ត៌មានបរទេសផ្សាយថា នៅអាហ្វ្រិកខាងត្បូងសត្វតោក្នុងឧទ្យានជាតិ «គ្រូហ្គ័រ» បានដេញខាំរមាំងនៅកណ្តាលផ្លូវសម្បូរដោយរថយន្តឆ្លងកាត់ធ្វើឱ្យ អ្នកដំណើរភ័យខ្លាចយ៉ាងខ្លាំង ។
ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃ ទី១០ កក្កដា ២០១៥ ។ តោជាច្រើនក្បាលបានចោមរោមខាំសត្វរមាំងមួយក្បាលនៅកណ្តាលផ្លូវដែល កកស្ទះដោយរថយន្ត ។ ហេតុការណ៍នោះកើតឡើងក្រោយពីរយៈពេល២ខែដែលអ្នកទេសចរបរទេសម្នាក់ ត្រូវតោខាំអូសចេញពីរបងក្នុងបរិវេណឧទ្យានតោនៅទីក្រុងយ៉ូហានណេ ស្ប៊ើក ។
នាងការ៉ូលីន ដានហ្វ៊័ត និស្សិតផ្នែកជីវវិទ្យា អាយុ៣៣ឆ្នាំ ពីអង់គ្លេស ដែលថតបានរូបតោខាំរមាំងនោះឱ្យដឹងថា ខណៈនាងកំពុងបើកបររថយន្តឃើញរថយន្តជាច្រើនគ្រឿងកកស្ទះយ៉ាងវែងលើ ដងផ្លូវ ។ ពេលនាងចេញពីរថយន្តស្រាប់តែឃើញតោ២ក្បាលដើរសំដៅរកខ្លួន ។ ស្របពេលនោះតោមួយក្បាលក្រឡេកឃើញរមាំងនៅគល់ឈើក៏ស្ទុះទៅខាំ ហើយឃើញដូច្នេះនាងទាញកាមេរ៉ាថតផ្តិតយករូបភាព ខណៈអ្នកទេសចរជាច្រើនសម្ងំនៅក្នុងរថយន្ត ។ និស្សិតស្រីរូបនោះទៅអាហ្វ្រិកខាងត្បូងដើម្បីស្រាវជ្រាវពីតោ អាហ្វ្រិក និងបច្ចុប្បន្នជាបុគ្គលិកហាត់ការក្នុងមជ្ឈមណ្ឌលពេទ្យសត្វ។ នាងនិយាយថា នៅពេលឃើញតោខាំរមាំង សម្រាប់នាងមិនភ័យរន្ធត់ទេ ចាត់ទុកជារឿងធម្មតា ព្រោះវាជាលក្ខណៈធម្មជាតិរបស់សត្វ ហើយនាងមានសំណាងណាស់ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ៕
ចែករំលែកព័តមាននេះ