រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើកបររថយន្តថយក្រោយក្នុងគោលបំណងទៅចូលរួមពិធីមង្គលការមិត្តនៅឯខេត្តកំពត ប៉ុន្តែជាអកុសលស្រាប់តែកិនក្មេងស្រីអាយុ៣ឆ្នាំម្នាក់ដែលជាកូនចៅអ្នកជិតខាង បណ្ដាលឲ្យបែកក្បាលបាត់បង់ជីវិតយ៉ាងអាណោចអធ័ម ក្រោយពេលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តរូបនោះត្រូវបាននគរបាលឃាត់ខ្លួន ដោយគាត់ប្រាប់ថា គាត់គ្មានចេតនានោះទេ ដោយនៅពេលថយរថយន្តអត់បានឃើញក្មេងស្រីរងគ្រោះឡើយ ហើយក៏ដឹងថាកិនដែរ ប៉ុន្តែស្មានថាកិនផ្លែដូង មិនដឹងថា កិនមនុស្សបែបនេះឡើយ។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២១ នៅចំណុចក្នុងបុរីលឹមឈាងហោចំការដូង ផ្ទះលេខ១៨ A1EO ផ្លូវលេខ២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះខាងលើឈ្មោះអូ អាតនីតា អាយុ៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវបានរថយន្ដម៉ាកម៉ាស្តា១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-0831 បើកបរដោយបុរសម្នាក់ឈ្មោះនូ សានិត អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៣ ក្នុងបុរីខាងលើ។
តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានដើរលេងនៅមុខផ្ទះខាងក្រោយរថយន្តម៉ាស្ដា ចំណែកឯម្ចាស់រថយន្តបានប្រញាប់ទៅចូលរួមពិធីមង្គលការមិត្តភក្ដិនៅខេត្តកំពត បានឡើងបើកបររថយន្តថយក្រោយដោយពុំបានមើលមុខ មើលក្រោយឡើយ ។ ខណៈនោះក៏បានកិនក្មេងស្រីរងគ្រោះចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរតែម្ដង បន្ទាប់មកក្រុមគ្រួសារបាននាំយកក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យក៏បានបាត់បង់ជីវិតទៅហើយ ដោយឡែកបុរសម្នាក់ដែលត្រូវជាជីតារបស់ក្មេងស្រីរូបនោះបានស្រែកទ្រហ៊ោយំយ៉ាងខ្លាំង ព្រោះតែអាណិតចៅ។
ក្រោយពេលកើតហេតុ កម្លាំងសមត្តកិច្ចនគរបាលប៉ុស្តិ៍ដង្កោ សហការណ៍ជាមួយកម្លាំងនគរបាលចរាចរណ៍ខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តទៅរក្សាទុកព្រមទាំងឃាត់ខ្លួនអ្នកបើកបររថយន្តបង្កនាំយកទៅសាកសួរនិងចាត់ការតាមផ្លូវច្បាប់៕(កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ